ឡានកូរ៉េ បុកម៉ូតូពីរគ្រឿងក្នុងទិសបញ្ច្រាសគ្នា ស្លាប់២នាក់ របួស៣នាក់
ខេត្តរតនគិរី ៖ ក្មេងជំទង់ស្រីប្រុស២នាក់បានស្លាប់នៅក្នុងថ្លុកឈាមភ្លាមៗ និង មនុស្សចំនួន៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ដ៏រន្ធត់មួយ កើតឡើងនៅតាម កំណាត់ផ្លូវជាតិលេខ៧៨A បង្កឡើងដោយរថយន្ត ដឹកគ្រឿងសំណង់យីហោ ទ្រីសាន្តរ៉េចង្កូតទៅបុកម៉ូតូ២គ្រឿងកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាចំពេញទំហឹង នៅត្រង់ចំណុចចំការកៅស៊ូ ស្ថិតនៅក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី កាលពីវេលាម៉ោង ៦និង៣០ នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ក្បាលពណ៌ស ចំណុះពីរតោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3C-4255 ជារបស់រថយន្តក្រុមហ៊ុន ទ្រីសាន្ត ដេប៉ូផ្គត់ផ្គង់សម្ភារៈ សំណង់គ្រប់ប្រភេទ បានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូត ទៅខាងស្តាំដៃ ស្របពេលដែលម៉ូតូ ២គ្រឿង កំពុងធ្វើចរាចរក្នុងទិសដៅ បញ្ច្រាសទិសគ្នា ពីត្បូងទៅជើង ក៏បុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះ ភាគីខាងម៉ូតូ ផ្លោងប្រមាណ ១៥ម៉ែត្រ ដេករណូតរណែលពេញផ្លូវ។
ដោយឡែក ម៉ូតូមួយគ្រឿង ត្រូវដាច់ខ្នងកង់ខាងមុខ កៀបជាប់នឹងកង់មុខរថយន្ត ផ្នែកខាងស្តាំ រីឯយុវជន ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងថ្លុកឈាមតែម្តង។ ជនរងគ្រោះទាំង ៥នាក់ ត្រូវបានគេស្គាល់ ១. ឈ្មោះ ធុញ កាថាញ់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិគ្រឹងបានស្លាប់ ២.ឈ្មោះ ខាត អង្គួក ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិគ្រឹង បានស្លាប់ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ និងមានទីលំនៅសព្វថ្ងៃ នៅភូមិកាឡ៉ៃ២ ឃុំកាឡៃស្រុកអូរជុំ ខេត្តរតនគិរី។ ចំណែកជនរងគ្រោះ ៣នាក់ទៀត រងរបួសធ្ងន់ស្រាល ជិះម៉ូតូម៉ាកស៊ីរ៉ុស ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ រតនគិរី 1B-0301 ត្រូវបានគេស្គាល់ ១.ឈ្មោះ ខាត ជ្រាប ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិកាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ រងរបួសធ្ងន់ ២.ឈ្មោះ យៀប កាយ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិគ្រឹង រងរបួសធ្ងន់ ៣. ឈ្មោះ ជៀប ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រងរបួស្រាល ទាំងពីរនាក់នេះ មានទីលំនៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងចរាចរណ៍ជើងគោក បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ដឹកបញ្ជូនជនរងគ្រោះ ដែលរងរបួសធ្ងន់ស្រាល ទាំង ៣នាក់ តាមរថយន្តសាមុយ មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះជាបន្ទាន់។ រីឯសាកសពជនរងគ្រោះទាំង ២នាក់ សមត្ថកិច្ចបានប្រគល់អោយ ក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ហើយចំណែក អ្នកបើកបររថយន្តបង្ក ក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ៕ ដោយ លីវណ្ណៈ