មនុស្ស២នាក់ស្លាប់ភ្លាមៗក្នុងការដ្ឋានកិនថ្មភ្នំថ្លុកត្របែក ដោយសារដីភ្នំបាក់សង្កត់លើអេសស្កាវ៉ាត់ទ័រដែលពួកគេកំពុងកាប់កកាយថ្ម
ខេត្តកំពង់ឆ្នាំង៖ មនុស្ស២នាក់ នៅក្នុងការដ្ឋានកិនថ្មភ្នំថ្លុកត្របែក ដែលម្នាក់ជាអ្នកបញ្ជាគ្រឿងចក្រអេសស្កាវ៉ាទ័រ និងម្នាក់ទៀតជាសិស្សកំពុងរៀនបើក និងបញ្ជា បានស្លាប់ភ្លាមៗបន្ទាប់ពីដីភ្នំមួយផ្ទាំងដ៏ធំបាក់ធ្លាក់សង្កត់ពីលើគ្រឿងចក្ររបស់គេរួចមក។ ហេតុកាណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅចំណុចការដ្ឋានកិនថ្មភ្នំថ្លុកត្របែក ស្ថិតក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖ជនរងគ្រោះទាំង២មាន១.ឈ្មោះ យន់ សៅនឿន អាយុ៣១ឆ្នាំ ជាអ្នកបញ្ជារគ្រឿងចក្រអេសស្កាវ៉ាទ័រ រស់នៅភូមិស្រាំងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ,ទី២.ឈ្មោះ ភុន សុផែន អាយុ២៣ឆ្នាំ នៅលីវជាអ្នករៀនបើកបរ រស់នៅក្នុងខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ពួកគេទាំង២នាក់ជាកម្មករបើកគ្រឿងចក្រអេស ស្កាវ៉ាទ័រ អោយក្រុមហ៊ុនកិនថ្ម ឡុច ច័ន្ទណារិទ្ធ ដែលមានទីតាំងក្នុងភូមិឃុំខាងលើ។
មុនពេលកើតហេតុឈ្មោះ យន់ សៅនឿន បានបង្រៀនបើកបរដល់ឈ្មោះ ភុន សុផែន អោយចេះបញ្ជារគ្រឿងចក្រ នៅពេលពួកគេកំពុងតែកាយដីនៅជើងភ្នំនោះ ស្រាប់តែដីភ្នំ១ផ្ទាំងធំ ដែលមានកំពស់ប្រមាណជិត១០ម៉ែត្រ និងមានទម្ងន់រាប់តោនបានធ្លាក់ សង្កត់លើគ្រឿងចក្ររបស់ពួកគេ បណ្តាលអោយជនរងគ្រោះទាំង២នាក់កប់ក្នុងដីស្លាប់ តែម្តង។នៅក្នុងលំនៅដ្ឋានជនរងគ្រោះទាំង២ ក្រុមគ្រួសាររបស់ពួកគេបាននិយាយអោយដឹងថា៖ឈ្មោះ ភុន សុផែន អាយុ២៣ឆ្នាំ បានស្លាប់បាក់ឆ្អឹងខ្នង បាក់ចង្កេះ និងបែកទ្រូង ចំណែកឈ្មោះ យន់ សៅនឿន បានស្លាប់ដោយសារបាក់ជើងស្តាំ ដាច់អណ្តាត និងបែក ដើមទ្រូងដូចគ្នា។
សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថា៖ក្រោយពេលកើតហេតុសពជនរងគ្រោះ ទាំង ២នាក់ ត្រូវបានកម្មករក្នុងការដ្ឋានដឹកបញ្ជូនចេញពីកន្លែងកើតហេតុភ្លាមៗ មិនទុកអោយ សមត្ថ កិច្ចត្រួតពិនិត្យនៅកន្លែងកើតហេតុនោះឡើយ។
លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥នេះថា៖ ក្រោយពីបានដឹងនូវករណីដែលមានមនុស្សស្លាប់ក្នុងពេលធ្វើការងារនៅក្នុងការដ្ឋានខាងលើនេះ លោកបានរាយការណ៍និងសុំយោបល់ទៅក្រសួង ហើយ ក្រសួងបានបញ្ជារអោយបិទការដ្ឋានកិនថ្ម របស់ក្រុកហ៊ុនឡុច ច័ន្ទណារិទ្ធ ជាបណ្តោះអាសន្ន ដើម្បីអោយសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវអោយបាន ច្បាស់លាស់ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ៕ ដោយ រិទ្ធិជ័យ