ក្រុមហ៊ុនកាប់កាយដីភ្នំ ចំនួន៤ ក្រសួងរ៉ែ និងថាមពលបញ្ឈប់ អាជ្ញាប័ណ្ណទៅហើយនៅតែបន្តលួចជីកកកាយដីភ្នំដឹកលក់យ៉ាងអនាធិបតេយ្យ
ខេត្តបន្ទាយមានជ័យ៖ មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនចំនួន៤ ត្រូវបានក្រសួងរ៉ែ និងថាមពល បញ្ឈប់អាជ្ញាប័ណ្ណជីកកាយយកដីភ្នំទៅហើយ ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្តដោយមានការឃុបឃិតពីអាជ្ញាធរក្រុង បានលួចធ្វើសកម្មភាពកាយដីភ្នំលក់មិនញញើតនឹងច្បាប់ សូម្បីតែថ្នាក់ដឹកនាំខេត្តក៏មិនព្រឺរោមជាមួយ ឡើយ។ គេបានដឹងថា ក្រុមហ៊ុនចំនួន៤ដែលកំពុងធ្វើសកម្មភាពកាយដីភ្នំលក់នោះមាន៖ ១.ក្រុមហ៊ុនភ្លន់ហង្ស (របស់លោក ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ) ដែលសកម្មភាពកាយដីចំណុចខាងត្បូង និងខាងកើតភ្នំដូងព្រះ ស្ថិតក្នុងសង្កាត់ អូរអំបិល។ ២.ក្រុមហ៊ុនយឿម គង់ សមាជិកសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យសកម្មភាពកាយដីចំណុចភ្នំបាក់ស្ថិតសង្កាត់ទឹកផ្លា។ ទី៣.ក្រុមហ៊ុនឡាចហុក ធ្វើសកម្មភាពកាយខាងជើងភ្នំដូងព្រះ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ និងទី៤.ក្រុមហ៊ុនញ៉ាំសាវ៉ូនប្រពន្ធ លោក ទួ ធានទ័រ ធ្វើសកម្មភាពកាយដីភ្នំកងវ៉ាក្រុងសិរីសោភ័ណ។ ក្រុមហ៊ុនទាំងនេះកំពុងតែឆក់ប្លន់សម្បត្តិធម្មជាតិរបស់ជាតិ ទាមទារអាជ្ញាធរខេត្ត និងក្រសួងបង្ក្រាប និងផ្តន្ទាទោស។
លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយពេលដែលលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យប្រកាសផ្អាកការ ជីកយក ដីមន្ទីរ រ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ បានសុំទៅក្រសួងរ៉ែ និងថាមពល ឲ្យបិទអាជ្ញាប័ណ្ណក្រុមហ៊ុនទាំង៤ខាងលើនេះ ដែលកំពុងធ្វើសកម្មភាពកាយដីភ្នំយ៉ាងអនាធិបតេយ្យលក់ជាច្រើនឆ្នាំមកហើយនោះ ដែលប៉ះពាល់ដល់បរិស្ថានធម្មជាតិលើភ្នំ ហើយដើម្បីរក្សាទុកជាសម្បត្តិរដ្ឋដែលនៅសេសសល់នោះ គ្រាដែលខេត្តនឹងរៀបចំតំបន់ទេសចរណ៍ធម្មជាតិភ្នំនៅកណ្តាលក្រុងសិរីសោភ័ណដ៏កំសត់នេះ។ តែគួរឲ្យសោកស្តាយពួកគេមិនបង្អង់ឡើយគិតតែពីកាប់យកដីភ្នំលក់យកលុយដាក់ហោប៉ៅលែងខ្លាចអ្នកណាទាំងអស់។
លោកបានបញ្ជាក់ថា ក្រោយពេលដែលអភិបាលខេត្តស្នើសុំក្រសួងបានយល់ព្រម បញ្ចប់អាជ្ញាប័ណ្ណក្រុមហ៊ុនទាំង៤នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។ ក្រោយពេលបញ្ចប់អាជ្ញាប័ណ្ណហើយក្នុងចំណោម៤ក្រុមហ៊ុនមានក្រុមហ៊ុនចំនួន៣នៅតែបន្តបំពានបំរាមមាន៖ ១.ក្រុមហ៊ុនភ្លន់ហង្សចំណុចភ្នំដូងព្រះ, ២.ក្រុមហ៊ុន យឿម គង់, ៣.ក្រុមហ៊ុនញ៉ាំសាវ៉ូន នៅតែបន្តលួចលាក់ធ្វើសកម្មភាពកាយដីភ្នំលក់ដែលមិនញញើតនិងច្បាប់សោះឡើយ។ ហើយពេលនេះមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ បានធ្វើលិខិតរាយការណ៍ជូនលោកអភិបាលខេត្តហើយ ហើយបានចុះហាមឃាត់នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ម្សិលមិញនេះព្រមទាំងព្រមានថា បើមានក្រុមហ៊ុនណាមួយហ៊ានធ្វើសកម្មភាពកាយដីភ្នំបន្តទៀតត្រូវមានវិធានការតាមច្បាប់តុលាការជាមិនខាន៕ ដោយយីហាំង