សមត្ថកិច្ចបង្ក្រាបបង្ក្រាបសង្វៀនបញ្ជល់មាន់ បង្កប់ដោយវង់អាប៉ោង ចាប់បានមានជល់៣ក្បាល ម៉ូតូ២០គ្រឿង ក្រុមអ្នកលេងរត់គេចខ្លួនអស់
ខេត្តកំពង់ឆ្នាំង៖ នគរបាលខេត្ត និងនគរបាលស្រុកកំពង់ត្រឡាចបានសហការគ្នាចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ បង្កប់ដោយវង់អាប៉ោងបៀ ខណៈចុះព័ទ្ធចាប់ អ្នកលេង ល្បែងជាច្រើនអ្នកបានភ័យស្លន់ស្លោ រត់ទាំងព្រលឹងចុងសក់បាតជើងសព្រាត យករួចខ្លួនទុកម៉ូតូចោលជាច្រើនគ្រឿង ។ ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅចំណុចបូមខ្សាច់ ស្ថិតក្នុងភូមិទា ឃុំឈូកស ស្រុកកំពង់ត្រឡាច។
លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកប្រធានការិយាល័យកណ្តាលយុត្តិធម៌ បានអោយដឹងថា៖ ដោយបានទទួលពត៌មានពីប្រជាពលរដ្ឋប្រាប់ថាមានការជល់មាន់ដាក់លុយនិងមានលេងអាប៉ោងនៅចំណុចខាងលើលោកស្នងការនគរបាលខេត្តបានបញ្ជាអោយលោក ដឹកនាំកម្លាំងនគរបាលខេត្ត សហការគ្នាជាមួយនគរបាលស្រុកកំពង់ត្រឡាច ទៅព័ទ្ធចាប់អ្នកលេងល្បែងខាងលើនេះ។ ប៉ុន្តែដោយសារ ភូមិសាស្ត្រខាងលើនេះមិនអំណោយផល ព្រោះព្រៃច្រើនពេក ធ្វើអោយអ្នកលេងល្បែងទាំងនោះ ដឹងខ្លួនទាន់នាំគ្នារត់គេចខ្លួនអស់សល់តែវត្ថុតាងមួយចំនួនត្រូវបានដកហូតមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
វត្ថុតាងដែលដកហូតបានរួមមាន៖ មាន់ជល់៣ក្បាល ចានអាប៉ោង១ ម៉ូតូចម្រុះ២០គ្រឿង និងសម្ភារៈ មួយចំនួនទៀតដែលបំរើអោយល្បែងស៊ីសងនេះ។ វត្ថុតាងទាំងនេះ ត្រូវបានលោកស្នងការរង បញ្ចាក់ថា អោយដឹងថា នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី និងសុំដីការតាមចាប់ខ្លួនម្ចាស់សៃ វៀនមាន់ខាងលើនេះដែរ។ ជាមួយគ្នានោះដែរមន្ត្រីនគរបាលស្រុកកំពង់ត្រឡាចបាននិយាយអោយដឹងថា៖ ម្ចាស់សៃវេនមាន់ខាងលើនេះមានឈ្មោះ បូ ដែលពេលនេះកំពង់រត់គេចខ្លួន។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលលេងកន្លែងលេងល្បែងស៊ីសងខាងលើមានការសប្បាយ ចិត្ត និងសាទរយ៉ាងខ្លាំងចំពោះចំណាត់ការបង្ក្រាបល្បែងស៊ីសងខាងលើនេះរបស់សមត្ថកិច្ច តែពួកគាត់សូមសំណូមពរអោយបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ទាំងអស់ មិនត្រូវដោះលែងដោយត្រឹមតែធ្វើការផាកពិន័យយកលុយដូចមុនៗទៀតនោះ គឺពួកគេមិនរៀងចាលឡើយ៕ ដោយ រិទ្ធិ ជ័យ