លោក ឃី ផេង មន្ត្រីយោធាខេត្តក្រចេះ ដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហក តាមផ្លូវ ប្រមូលលុយពីឡានដឹកឈើ មួយចំណែកយកទៅបង់ជូនមេយោធាខេត្ត
ខេត្តក្រចេះ៖ ប្រភពពីប្រជាពលរដ្ឋឃុំចង្ក្រង់បានអោយដឹងថា បុរស២នាក់ដែលជាជើងប្រដេញ រថយន្ត សាំយ៉ុងដឹកអ្នកដំណើរដែលលួចបង្កាប់ឈើបន្តិចបន្ទួច ដើម្បីគោះប្រមូលយកលុយឲ្យទៅមន្ត្រីយោធាខេត្តបានទទួលរងរបួស ខណៈដែលពួកគេទាំង២នាក់ បានបើករថយន្តម៉ាកកាមេរីគូទហើម ប្រដេញរថយន្តសាំយ៉ុងដែលគេសង្ស័យថាលួចផ្ទកឈើ ហើយក៍ជ្រុលទៅបុកគោយន្តកន្ត្រៃដែលកំពុងធ្វើដំណើរស្របទិសគ្នាពីក្រោយពេញទំហឹងកាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
បុរស២នាក់ឈ្មោះ គង់ វិបុល ហៅជ្រូក អាយុ២១ឆ្នាំ ជាអ្នកបើកបររស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ រងរបួសធ្ងន់ត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្របង្អែកខេត្ត និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សៀវ គឹមឡេង ហៅយួន អាយុ២៧ឆ្នាំ មានទៅលំនៅ ភូមិផ្សារដើមគរ ខណ្ឌទួកគោក រាជធានីភ្នំពេញ រងរបួសធ្ងន់ត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្រក្នុងប្រទេសវៀតណាមពូកគេជាជនស៊ីវិលស៊ីឈ្នួលប្រមូលលុយឲ្យ លោក ឃី ផេង ។ ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ តុល លាភ អាយុ៤២ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី រងរបួសស្រាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកចិត្របុរីបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ បុរសរងគ្រោះទាំង២នាក់ខាងលើ បានបើករថយន្តម៉ាកកាមេរីគូទហើម ពណ៌ស្លែចាស់ ពាក់ស្លាកលេខ ភ្នំពេញ2C-5054 ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏បានទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹងបណ្តាលឱ្យគោយន្តកន្ត្រៃផ្លោងដាច់ជាច្រើនកំណាត់ ចំណែករថយន្តបង្ក បែកបាក់កំពិតកំពៀចខូចខាតទាំងស្រុង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរស់ជាអ្នកបើកបររថយន្តបង្កឈ្មោះ គង់ វិបុលហៅជ្រូក និងម្នាក់ទៀតឈ្មោះ សៀវគឹម ឡេង ហៅយួន បុរសទាំង២នាក់នេះគឺមិនមានតួនាទី ក្នុងការចុះចាប់បង្ក្រាបរថយន្តដឹកឈើនោះទេ តែគេបានអះអាងថា បុរសទាំង២នាក់នេះ គឺត្រូវមន្ត្រីយោធា នៅក្នុងតំបន់ប្រតិបត្តិការសឹករងក្រចេះ យកមកប្រើឲ្យជួយធ្វើការងារប្រមូលលុយពីបទល្មើសេដ្ឋកិច្ច នៅសំកុកតាមដងផ្លូរាប់ក្បាលឡានយកលុយតែប៉ុណ្ណោះ បើមិនឲ្យទេគឺប្រដេញចាប់ធ្វើឲ្យអ្នកធ្វើដំណើរលើដងផ្លូវភ័យស្លន់ស្លោជាញយៗ។
មន្ត្រីម្នាក់បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុបុរសទាំងជាកូនជឹងពីរនាក់នេះ បានឈប់ចតរថយន្តអែបនៅតាមផ្លូវ ក្នុងឃុំគោលាប់ ដើម្បីសំកុកចាំមើលរថយន្តដឹកឈើគ្រប់ប្រភេទ ខណៈនោះក៏មាន រថយន្តសាំយ៉ុងពណ៌សរមួយគ្រឿងកំពុងបើកបរលើដងផ្លូវ ដោយមានការសង្ស័យ ហើយពួកគេក៏បានបើករថយន្តប្រដេញពីក្រោយក្នុងល្បឿនលឿនរហូតជ្រុលទៅបុកគោយន្តកន្ត្រៃ ពីក្រោយ បណ្តាលឲ្យរបួសធ្ងន់ទាំង២នាក់តែម្តង ហើយរថយន្តត្រូវ បានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកចិត្របុរី ដើម្បីរងចាំដោះស្រាយតាមច្បាប់ ។
គួរបញ្ច្ចាក់ថាមន្ត្រីយោធានៅក្នុងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោក ឃី ផេង បានដាក់ពង្រាយកូនចៅជា ច្រើន កន្លែង នៅតាមកំណាត់ផ្លូវជាតិលេខ7 ដើម្បីចាំរាប់ក្បាលឡានដឹកឈើយកលុយ ប្រមូលជូនថ្នាក់លើ រាប់សិបឆ្នាំ មកហើយ ។ លោក ឃី ផេង ប្រើអំណាចយោធា ចុះតាមផ្លូវបន្លាចគេឯង ជាពិសេសបន្លាចអ្នករកស៊ីដឹកឈើគាប គោះយកលុយ បើមិនឲ្យគម្រាបចាប់ រហូតអ្នកដឹកឈើឆ្លងកាត់ខេត្តក្រចេះស្គាល់លោក ឃី ផេង ច្បាស់ណាស់ ហើយគាត់បានប្រើជនស៊ីវលឲ្យជួយប្រមូលលុយយកមកចែកគ្នា រហូតមានការអះអាងថា រកលុយនោះយកទៅជូនចៅហ្វាយនាយទៀតផង៕ ដោយ កញ្ញាឦសាន