ដកលោក អាំង មាលតី ដាក់ជំនួស លោក តាំង ស៊ុនឡាយ ជាប្រធានសាលា ដំបូងរាជធានី ភ្នំពេញ
-លោក ផៃ ស៊ីផាន បង្ហាញការគាំទ្រ និងរីករាយយ៉ាងខ្លាំង នាំឲ្យមានភាពយុត្តិធម៌ ប្រសើរឡើង នៅក្នុង ប្រព័ន្ធតុលាការ
ភ្នំពេញ ៖ លោក អាំង មាលតី ប្រធានសាលា ដំបូងរាជធានីភ្នំពេញ ត្រូវបាន ប្រភពព័ត៌មាន ទម្លាយថា ត្រូវបាន ដកចេញពីតំណែង ហើយបុគ្គល ដែលត្រូវឡើងជំនួស គឺលោកចៅក្រម តាំង ស៊ុនឡាយ ។
មន្ដ្រីសាលាដំបូងមួយរូប បានលួចប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ថា លោក អាំង មាលតី ពិតជាត្រូវបានដកចេញ ពី តំណែង ហើយតែងតាំង លោក តាំង ស៊ុន ឡាយជំនួសវិញ ប៉ុន្ដែព្រះរាជក្រឹត្យនៃការដក ហូតតំណែង ខាងលើនេះ អាចនឹងត្រូវព្រះមហាក្សត្រឡាយ ព្រហ្ថលេខានៅថ្ងៃស្អែក ។
បើទោះបីពុំមាន ការអះអាងជាផ្លូវការពីមន្ដ្រី និងថ្នាក់ដឹកនាំណាមួយ លើករណីនេះក៏ ដោយ ប៉ុន្ដែ គេដឹងហើយ ការផ្លាស់ប្ដូរតួនាទី ប្រធានសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល ទាន់ហន់នេះ ដោយសារតែមាន ភាពមិន ប្រក្រតីនៅក្នុងសំណុំរឿង ឧក្រិដ្ឋកម្មលើឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមេឃាតក នៅពីក្រោយខ្នង គឺឧកញ៉ា ថោង សារ៉ាត់ ។
ការសម្រេច ដកតំណែង ខាងលើនេះ ក៏បានកើតឡើងភ្លាមៗ ក្រោយពីមានការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់ ប្រមុខនៃ រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកមិញ ជុំវិញការ ដោះលែងឪពុកម្ដាយ ឧកញ៉ា ថោង សារ៉ាត់ ដោយខុស នីតិវិធីតាមផ្លូវច្បាប់ ។
ឪពុកម្ដាយ ថោង សារ៉ាត់ ត្រូវបានលោកចៅក្រម លី សុខលេង បានដោះលែង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលធ្វើឱ្យ មានការ រិះគន់យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានទូទៅ ។
ក្រោយពីទទួលការ រិះគន់យ៉ាងដូច្នេះ ទើបចៅក្រមដដែលនេះ បានបញ្ជាឱ្យតាម ចាប់ខ្លួន ឪពុកម្ដាយ ថោង សារ៉ាត ខណៈដែល កំពុងធ្វើដំណើរចូល ទៅកាន់ប្រទេសវៀតណាម កាលពីយប់ថ្ងៃអាទិត្យ ហើយកាល ពីម្សិលមិញ ក៏ត្រូវបានសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ។
មន្ដ្រីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញមួយរូប បានឱ្យដឹងថា ក្រោយទទួលបានបទ បញ្ជាពីថ្នាក់លើ និងមានដីកា តាមចាប់ខ្លួន ឪពុកម្ដាយឧកញ៉ា ថោង សារ៉ាត់ ទាំងយប់ នោះ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ ស្នងការរង នគរ បាល បានដឹកនាំកម្លាំងមួយ ក្រុមចុះទៅតាមចាប់ខ្លួនពួកគេ ដោយមានការ ចូលរួមសហការពី មេបញ្ជាការរង អាវុធហត្ថខេត្ដព្រៃវែង និងនគរបាលមូល ដ្ឋានខេត្ដព្រៃវែង កាក់ជាប់ ជិតព្រំដែនវៀតណាម ។
ជាមួយ និងការផ្លាស់ប្ដូរតំណែងប្រធាន សាលាដំបូង រាជធានីភ្នំពេញ លោក អាំង មាលតី ដែលពីមុនជា ប្រធាន សាលាដំបូង ខេត្ដឧត្ដរមានជ័យ និង ខេត្ដបន្ទាយមានជ័យនោះ ត្រូវបានមន្ដ្រីរដ្ឋាភិបាល និងមន្ដ្រីតុលាការ មួយចំនួន បង្ហាញការ ស្វាគមន៍ និងរីករាយ អំពីការកំណែទម្រង់ លើប្រព័ន្ធតុលាការនៅ កម្ពុជា កាន់តែមាន ភាពប្រសើរឡើង ។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដី ការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បាន បង្ហាញការរីករាយ និងគាំទ្រ យ៉ាងពេញ ទំហឹង។ លោក ផៃ ស៊ីផាន បានបញ្ជាក់ នៅក្នុងបណ្តាញ Facebook របស់នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥យ៉ាងដូច្នេះថា «
ខ្ញុំសូមសម្តែង នូវសេចក្តីរីករាយ និងឆ្លៀតឱកាសចូលរួមជាមួយ និងប្រជាពលរដ្ឋទាំងអស់ រួមជា មួយមេធាវី និងចៅក្រម ក៏ដូចជា មន្រ្តីយុត្តិធម៌ដទៃទៀត ក្នុងកិច្ចអបអរសាទរ នៃការផ្លាស់ប្តូរ តំណែងប្រធានតុលាការក្រុង។ ល្ងាចនេះ តាមព័ត៌មានដែលខ្ញុំទទួលបាន មានប្រជាពលរដ្ឋ រាប់រយនាក់ ក៏ដូចជា មេធាវី និងចៅក្រម បានធ្វើពិធីជួបជុំ ជាមួយ និងការជប់លាងអបអរចំពោះ ចំណាត់វិធានការ ដកមុខតំណែងប្រធានតុលាការក្រុង ដើម្បីផល ប្រយោជន៏ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។
លោក ផៃ ស៊ីផាន បានបន្តទៀតថា «ខ្ញុំសូមវាយតម្លៃខ្ពស់ ជាមួយប្រជាពលរដ្ឋ ដែលខ្ញុំបានជួប លោកបាន សម្តែងមតិ អបអរសាទរជាមួយ និងប្រសាសន៍របស់សម្តេចតេជោ ឆ្លើយតប និងមន្ត្រីយុត្តិធម៌ ខិលខូចពុករលួយ ។ នៅពេលនេះដែរ សាររបស់តេជោ បានលើកឡើង អំពីឆន្ទានុសិទ្ធិ របស់ចៅក្រម ដែលខ្វះសតិសម្បជញ្ញៈ និងខ្វះការទទួលខុសត្រូវ ចំពោះមុខច្បាប់ ដែលធ្វើឲ្យ ប្រជាពលរដ្ឋ បាត់បង់ជំនឿទុកចិត្ត លើប្រព័ន្ធតុលាការ ត្រូវបានប្រជាពលរដ្ឋ ដឹងយល់ អំពីការលំបាក របស់សម្តេចតេជោ ក្នុងការងារបង្កើត និងរក្សាសង្គមយុត្តិធម៌ ហេតុដូចនេះ នាយករដ្ឋមន្រ្តី ពុំមានឥទ្ធិពលលើ តុលាការនោះទេ ជាឧទាហរណ៏ជាក់ស្តែង»។
លោកបានបញ្ជាក់ទៀតថា «សម្តេចតេជោ ត្រូវទទួលបានការគាំទ្រ ពីមហាជន និងមន្ត្រីល្អៗ និង មន្ត្រីសុទ្ធចរិត ក្នុងកិច្ចកំណែទម្រង់យុត្តិធម៌ ឲ្យទទួលបានគុណភាព និងប្រសិទ្ធិភាព។ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការជាមួយ និងតេជោ ដើម្បីកំចាត់មន្រ្តីអាក្រក់ ដែលរំលោភលើ ផលប្រយោជន៍ និងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ។ យើងយល់ឃើញថា មានតេជោ មានថ្ងៃស្អែក មានកំណែទម្រង់ស៊ីជម្រៅ លើប្រព័ន្ធយុត្តិធម៌ ទទួលបានជោគជ័យ ទាំងគុណភាព និងប្រសិទ្ធិខ្ពស់ដល់ ប្រជាពលរដ្ឋខ្មែរ។ ដូចនេះមានតេជោ គឺមានយុត្តិធម៌។
អរគុណដ៏ជ្រាលជ្រៅតេជោ»៕
លោក អាំង មាលតី ប្រធានសាលាដំបូង រាជធានីភ្នំពេញ ដែលត្រូវបានដកដំណែង
from Khmernote - The best entertainment website in Cambodia http://ift.tt/1yQhqgC