ជនសង្ស័យ៣នាក់ ចែកចាយ និងជក់ថ្នាំញៀន ត្រូវនគរបាលចាប់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនឹងនគរបាលក្រុងប៉ោយប៉ែត បានប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ខណៈពួកគេកំពុងតែធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀន ។ ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវរថភ្លើងចាស់ ស្ថិតនៅភូមិថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានដឹកនាំកម្លាំង នគរបាលជាច្រើនក្នុងការបង្ក្រាបនោះបានឲ្យដឹងថា៖ ប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើការឆែកឆេរ និងដកហូតបានថ្នាំ ញៀនមេតំហ្វតាមីនទឹកកកចំនួន១០ថងតូចៗដែកកេះ៦ ប្រដាប់ប្រើប្រាស់ជក់១ និងថង់តូចៗសំរាប់ច្រកមួយចំនួន ទូរស័ព្ទ១គ្រឿង និងដាវសាំម៉ូរៃ១ដើម ។ លោកបញ្ជាក់ថាឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនទាំង៣នាក់ធ្វើឡើងក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋឃើញសកម្មភាពរបស់ពួកគេកំពុង តែធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅចំណុចខាងលើ។
លោកបានបន្តថា ក្រោយពីទទួលព័ត៌មានដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅពេលនោះ លោក បានដឹកនាំកម្លាំងចុះទៅធ្វើការស្រាវជ្រាវ និងឃើញពួកគេកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀនតែម្តង។ ជនសង្ស័យទាំង៣នាក់ ទី១,ឈ្មោះ វង្ស វឿត ភេទប្រុស អាយ២៩ រស់នៅភូមិថ្មី សង្កាត់ផ្សារកណ្តាល ទី២, ឈ្មោះ ស៊ូ ពាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល និងទី៣, ឈ្មោះ ឡេង ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល សមត្ថកិច្ចបានដកហូត បានថ្នាំញៀនមេតំហ្វតាមីនទឹកកកចំនួន១០ កូនថង់ និងទូរស័ព្ទដៃ១ គ្រឿង ដាវសាំម៉ូរៃ និងវត្ថុតាងមួយចំនួន។
ក្រោយពីសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យខាងលើនេះបានសារភាពកំហុសរបស់ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសចែកចាយគ្រឿងញៀនពិតមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានសាងសំណំរឿងជនសង្ស័យខាងលើ រួមនិងវត្ថុតាងថ្នាំញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ ដោយ យីហាំង
http://ift.tt/1DkDtys