ស្ត្រីម្នាក់លង់ទឹកស្លាប់ ខណៈជិះទូកទៅលេងកណ្តាលបឹងទំនប់វ៉ារីអគ្គីសនីទី១
ខេត្តរតនគិរី៖ ស្ត្រីម្នាក់លង់ទឹកស្លាប់ បន្ទាប់ពីជិះទូកលេងកម្សាន្តសប្បាយនៅកណ្តាលបឹងខណៈទូកផ្អៀងបានខ្លួនធ្លាក់ចេញពីទូកលិចបាត់ទៅក្នុងបឹងតែម្តងភាពសប្បាយក្អាកក្អាយក៏បានលេចតាមទឹកមួយរំពេចផងដែរ ហើយនេះទំនងនាងមិនចេះហែលទឹក។មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅត្រង់ចំណុចបឹងទំនប់វ៉ារីអគ្គីសនីទី១ ដែលស្ថិតនៅ ភូមិអូរជុំ ឃុំថងរ៉ងជង ស្រុកអូរជុំ ខេត្តរតនគិរី។
តាមប្រភពពីអ្នករួមដំណើរកម្សាន្តជាមួយជនរងគ្រោះ កាលពីវេលាម៉ោង និងថ្ងៃកើតហេតុខាងលើបានអោយដឹងថា៖ ជនរងគ្រោះរួម និងគ្នីគ្នាចំនួន៣នាក់ រួមមាន៖ ទីមួយ ឈ្មោះ ហែម ធុណា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី និងមានមុខរបរសព្វថ្ងៃជាចុងភៅនៅអាហារដ្ឋានមិនមានស្លាកយីហោបានលង់ទឹកស្លាប់។ ទី២ឈ្មោះ ស្រី ណែត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយជនរងគ្រោះ និងជាកូនម្ចាស់អាហារដ្ឋាន ជាអ្នករួមដំណើរកម្សាន្ត និងទី៣ឈ្មោះ មុតភេទស្រី អាយុ៣០ឆ្នាំ ជនរងគ្រោះខែ្មរ មានទីលំនៅភូមិរំយោល ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ទើបចូលមកធ្វើការនៅអាដ្ឋានខាងលើបានមួយថ្ងៃប៉ុណ្ណោះ ជាអ្នករួមដំណើរកម្សាន្ត ។
ប្រភពបន្តថា ស្ត្រីរងគ្រោះបានជិះទូកម្នាក់ឯងចំណែកទូកមួយទៀតជិះពីរនាក់ (ទូកមានពីរគ្រឿង)។ ទូកទាំងពីរគ្រឿងបានអុំទៅដល់កណ្តាលបឹងដោយពួកគេសើចលេងសប្បាយក្អាក់ក្អាយ ដោយចែវភ្លេចគិតទូកមួយគ្រឿងដែលជនរងគ្រោះជិះឃ្លោង(ប្រភេទទូកអេវ) ស្រាប់តែផ្អៀង អកុសល្យជនរងគ្រោះក៏ធ្លាក់ទៅក្នុងបឹងលិចបាត់ទៅក្នុងទឹក។ ប្រភពបានបញ្ជាក់ថា ស្ត្រីរងគ្រោះស្លៀកខោខូវប៊យជើងវែង មិនងាយនិងដោះចេញនោះឡើយ។ ក្រោយពេលកើតហេតុអ្នករួមដំណើរទាំងពីរនាក់ក៏ស្លន់ស្លោត្រឡប់មករាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន ប៉ុន្តែគ្មានអ្នកណាអាចទៅជួយសង្គ្រោះស្ត្រីរងគ្រោះនោះបានឡើយ ពីព្រោះព្រះអាទិត្យបានលិចបាត់ទៅហើយ ភាពងងឹតមកដល់។ លុះឈានមកដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១ និង៣០នាទី ដោយមានការខំប្រឹងប្រែងពីប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលមូលដ្ឋានស្វះស្វែងរកស្ត្រីរងគ្រោះ ទាំងជំនាញមុជទឹក និងបង់សំណាញ់រុករកក៏បានប្រទះ ឃើញស្ត្រីនោះ ប៉ុន្តែនាងស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
បើតាមការអោយដឹងពីលោកថាក់ ឡៅ អធិការនគរបាលស្រុកអូរជុំ បានអោយដឹងថា លោកពុំបានធ្វើកុលស្យវិច្ច័យ ឬសង្ស័យអ្វីឡើយ ស្រី្តរងគ្រោះខាងលើនេះគឺលង់ទឹកបឹងស្លាប់ដោយខ្លួនឯងពិតប្រាកដ មិនមែនជាករណីឃាតកម្មនោះទេ។ សមត្ថកិច្ចនគរបាលបានប្រគល់សាកសពទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕ ដោយ លី វណ្ណៈ