ខេត្តកំពង់ឆ្នាំង បង្កបង្កើនផលបានលើសផែនការក្នុងឆ្នាំ២០១៤ ប្រជាពលរដ្ឋក្នុងខេត្តសល់ស្រូវ ៣២៥.៦៦៩តោន
ខេត្តកំពង់ឆ្នាំង៖ តុល្យភាពស្បៀងក្នុងឆ្នាំ២០១៤ ខេត្តកំពង់ឆ្នាំងនៅសល់ស្បៀងជាស្រូវ៣២៥.៦៦៩តោន ស្មើនិងអង្ករ២០៨.៤២៨តោន នេះជាការលើកឡើងរបស់ លោក ឈួរ ចន្ទ័ឌឿនអភិបាលខេត្តកំពង់ឆ្នាំង នៅ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះថ្នាក់ជាយថា ហេតុផ្សេងៗចំនួន៧៨០គ្រួសារ នៅមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង កាលពី ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា៖ តាមការប៉ាន់ស្មានតុល្យភាពស្បៀងឆ្នាំ២០១៥នេះ ខេត្តកំពង់ឆ្នាំងសល់ស្បៀងជាស្រូវចំនួ ៣០៩.៣៩៤តោន ស្មើនិងអង្ករ ១៩៨.០១២ តោន។ ចំណែកការប្រមូលផលស្រូវនៅក្នុងឆ្នាំ២០១៥ បរិមាណផលសរុបទទួលបាន ៣៧៤.៥៣២តោន ទិន្នផលគិតជាមធ្យម ២,៨៧៤តោនក្នុង១ហិកតា ថយចុះជាងឆ្នាំ២០១៤ ក្នុងហិកតា១៩៨ គីឡូ បញ្ហាថយចុះនេះមកពីដើមរដូវខ្វះខាតទឹកធ្វើអោយផលស្រូវធ្លាក់ចុះ។
ដោយឡែកនៅក្នុងរបាយការណ៍ការងារបង្កបង្កើនរដូវប្រាំងឆ្នាំ២០១៤ , ២០១៥គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ធ្វើបាន៖ដំណាំស្រូវ សាបបាន១.៣០០ហិកតា ព្រោះនិងស្ទូងបាន៣៣.៥០៩ហិកតា ស្មើនឹង១០៧,៩៨% លើផែនការ។ដាំណាំរួមផ្សំនឹងដាំណាំឧស្សាហកម្ម ធ្វើបាន ៨.៧៧២ហិកតា ស្មើនឹង១១២%លើ ផែនការ ក្នុងនោះដាំពោតបាន៩៧០ហិកតា ដំឡូងឈើ១០៤ហិកតា ដំឡូងជ្វា១៦០ហិកតា សណ្តែកបាយ ២.០៣០ហិកតា ឪឡឹក៤៧១ហិកតា អំពៅ៤៩ហិកតា ល្ង៩៤៥ហិកតា ថ្នាំជក់៨២ហិកតា សណ្តែកដី១៣៧ ហិកតា ក្រចៅ២២ហិកតា កត់១៤២ហិកតា ឈូក១,០២៦ហិកតា និងដំណាំបន្លែគ្រប់មុខ២.៦២៥ហិកតា។
ទាក់ទងនឹងការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មនេះ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបាន លើកឡើងអោយដឹងថា៖ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋខេត្ត កំពង់ឆ្នាំងបង្កបង្កើនផលបានលើសផែនការ ជាក់ស្តែងតុល្យភាពស្បៀងក្នុងឆ្នាំ២០១៣ ទូទាំងខេត្តនៅសល់ ស្បៀងជាស្រូវ៣១៩.៨០០តោន ហើយនៅឆ្នាំ២០១៤ខេត្តកំពង់ឆ្នាំងក្រៅពីការហូបចុក ខេត្តនៅសល់ស្បៀង ជាស្រូវ ចំនួន៣២៥.៦៦៩តោន ស្មើនឹងអង្ករ២០៨.៤២៨តោន។
នៅក្នុងវិស័យឧស្សាហកម្មវិញ ខេត្តមានមូលដ្ឋានឧស្សាហកម្មធុនតូច និងសិប្បកម្មសរុបចំនួន១.៥០៥មូល ដ្ឋាន វិស័យវិនិយោគខេត្តមានរោងចក្រ សហគ្រាសចំនួន១៦ មូលដ្ឋាន បាននិងកំពុងដំណើរការ ដែលបាន ផ្តល់ការងារជូនកូនចៅប្រជាពលរដ្ឋក្នុងខេត្តចំនួន ២៦.៩៧៣នាក់ នាំមកនូវប្រាក់ចំណូលសរុបប្រមាណ៣ លានដុល្លារក្នុង១ខែៗ ដែលនេះគឺជាការចូលរួមចំណែកលើកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយ បានធូរធារកាន់តែប្រសើរឡើង កាត់បន្ថយបានភាពក្រីក្រីរបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៕ ដោយ រិទ្ធិ ជ័យ