រថយន្តខ្នាតយក្សពីរគ្រឿង បុកគ្នាទាំងកណ្តាលអធ្រាត្រលាន់ស្នូរដូចផ្ទុះគ្រាប់បែក ហើយបានរេចង្កូតទៅបុកផ្ទះទៀម១បាក់រលំខ្ទេច និងកិនស្ត្រីម្នាក់កំពុងដេកលក់ស្លាប់ភ្លាមៗ
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងដេកលង់លក់ក្នុងផ្ទះតៀម ទាំងកណ្តាលយប់ ដោយសារតែរថយន្តពីរគ្រឿងបុកគ្នា ធ្វើឲ្យរេចង្កូតទៅផ្ទះតៀម របស់ជាងកាត់ដេរដែលស្ថិតនៅក្បែរចិញ្ចើមផ្លូវបាក់ខ្ទេចកិនពីលើស្ត្រីរងគ្រោះនោះពេញទំហឹង។ កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចន្លោះគីឡូម៉ែត្រលេខ៦៦ និង៦៧ ស្ថិតក្នុងភូមិស្វាយកោះ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍បានឲ្យដឹងថា ស្រីរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុនេះឈ្មោះ ទាំ រ៉ាត់ អាយុ៣៣ឆ្នាំ ជាខ្មែរឥស្លាម រស់នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច បានមកជួលដីធ្វើតូប បើកកន្លែងកាត់ដេរ នៅក្នុងភូមិកើតហេតុនេះ ។ #នគរបាលចរាចរណ៍បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងជាប្រភេទរថយន្តដឹកទំនិញ ម៉ាកហ្វុយហ្ស៊ូ ពណ៌ស ពាក់ស្លាកលេខ 3A-0320 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ្វ៊ុយហ្ស៊ូ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ តាកែវ៣A-១០២៤ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿន ក៍បានជ្រុលទៅបុករថយន្តដែលធ្វើដំណើរ បញ្ច្រាសទិសគ្នាចំពីមុខពេញមួយទំហឹង បណ្តាលអោយរថយន្តហ្វ៊ុយហ្ស៊ូ ពណ៌ដាច់ទ្រុងធ្លាក់ពីលើផ្លូវជាតិ ចំណែករថយន្តម៉ាកហ្វ៊ុយហ្ស៊ូពណ៌បៃតងចាស់បានរេចង្កូតជ្រុលទៅបុកផ្ទះតៀម របស់ស្ត្រីជាងកាត់ដេរ បាក់ខ្ទេច និងកិនជនរងគ្រោះបានកំពុងដេកលង់លក់នៅលើគ្រែក្នុងផ្ទះតៀមនេះ ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុអ្នកបើកបរថយន្តទាំងពីរបានចុះដាក់មេផាយរៀងៗខ្លួនបាត់ទៅ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុទាំងពីរ ។ ដោយឡែកជនរងគ្រោះសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ៕