យុវសិស្សចំនួន៧៧០នាក់ នៃវិទ្យាល័យព្រះបាទសុរាម្រឹត ចូលរួមស្តាប់ការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ ផ្លូវគោកថ្មី
ខេត្តកំពង់ឆ្នាំង៖ ដោយមើលឃើញនូវអាត្រាមនុស្សស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរអោយព្រួយបារម្ភ និងដើម្បីបញ្ជៀបច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៍ដូចជារួមគ្នាកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នាយការិយាល័យកណ្តាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បាន ចុះមកធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់សិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន៧៧០ នាក់ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក ឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្ត នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង។
លោក ឡុច វណ្ណារ៉ា ស្នងការរង និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងទៅកាន់យុវសិស្សទាំងអស់ថា៖ នៅក្នុងខេត្តកំពង់ឆ្នាំងឆ្នាំ២០១៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២៣០លើក កើនឡើងជាងឆ្នាំ២០១៣៥២លើក ស្មើនឹង ២៩% និងគ្រោះថ្នាក់ផ្លូវទឹក៦លើក បណ្តាលអោយស្លាប់មនុស្សចំនួន១១០នាក់ របួស៤៦២នាក់ ខូច រថយន្ត១០១គ្រឿង ម៉ូតូ២៤៧គ្រឿង កង់៦គ្រឿង យានយន្តផ្សេងៗ១០គ្រឿង និងកាណូត ១១គ្រឿង ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរហួសល្បឿនកំណត់ បើកជែង ក្នុងស្ថានភាព ស្រវឹង និងបើកបរក្នុងស្ថានភាពគ្រោះថ្នាក់។ចំណែកក្នុងត្រីមាសទី១ដើមឆ្នាំ២០១៥នេះ ករណីគ្រោះថ្នាក់ ចរាចរណ៍កើតឡើងចំនួន៤២លើក ថយជាងឆ្នាំ២០១៤ចំនួន២០លើក បណ្តាលអោយមនុស្សស្លាប់ចំនួន ២៤នាក់ របួស៦៣នាក់ ខូចរថយន្ត១៧គ្រឿង ម៉ូតូ៤៣គ្រឿង។
លោកបានបន្តថា៖ពាក់ព័ន្ធនឹងទូរលេខខាងលើនេះ សូមអោយប្អូនៗជាអ្នកប្រើប្រាស់ផ្លូវអនុវត្តអោយ បាននូវច្បាប់ចរាចរណ៍ផ្លូវគោក ចេះយោគយល់អធ្យាស្រ័យគ្នា គោរពផ្លាកសញ្ញាចរាចរណ៍ កុំបើកជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ មានសុជីវធម៌ក្នុងពេលបើកបរប្រកបដោយសុវត្ថិភាព និងគ្រប់ម៉ូតូទាំងអស់សូមអោយមានកញ្ចក់មើលក្រោយ។
ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកក្នុងពេលនេះ ធ្វើឡើងក្នុងគោលបំណងសំណូមពរ បញ្ជៀប និងជុំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធ ដែលមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ប្រកបដោយគុណភាព និងស៊ីជំរៅមានការអប់រំអំពីការគោរពច្បាប់ ផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមជាតិ និងគ្រួសារដែលជាបន្ទុកធ្ងន់ធ្ងរដល់សេវាសុខាភិបាលចំពោះជនរងគ្រោះ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានធ្វើអោយខាតបង់សេដ្ឋកិច្ចជាតិជាច្រើនរយលានដុល្លាក្នុង១ឆ្នាំៗ ដែលមានទំហំធំធេងហួសពីការស្មានក្នុងពេលដែលរដ្ឋាភិបាលនិងប្រជាពលរដ្ឋយើងកំពុងតែតស៊ូ ដើម្បីកាត់បន្ថយភាពក្រីក្រ។
ម្យ៉ាងវិញទៀតការផ្សព្វផ្សាយនេះ ក្នុងគោលបំណងកែប្រែឥរិយាបទអាក្បកិរិយាអ្នកប្រើប្រាស់ផ្លូវ អោយ ប្រកាន់យកនូវការគោរពច្បាប់ និងទទួលខុសត្រូវក្នុងពេលមានគ្រោះថ្នាក់កើតឡើង។ ដោយ ការបើកបរ ត្រូវមានការអធ្យាស្រ័យយោគយល់គ្នានោះទើបអាចកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេស ត្រូវ តែពាក់មួកសុវត្តិភាពទើបកាត់បន្ថយគ្រោះថ្នាក់ ស្លាប់និងរបួសទាំងអស់ខាងលើនេះបាន៕ . ដោយ រិទ្ធិ ជ័យ
http://ift.tt/1FQdzsA