រថយន្តស្ទូចបុកក្លោងទ្វារ ការិយាល័យកណ្តាលសណ្តាប់ធ្នាប់របស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាក់រាបដល់ដី
ខេត្តកំពង់ឆ្នាំង៖ ក្លោងទ្វារធ្វើពីបេតុងរបស់ការិយាល័យកណ្តាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង ដែលមានអាយុជាង១០០ឆ្នាំមកហើយ បានបាក់រាបដល់ដី ដោយសាររថយន្តស្ទូច មួយគ្រឿង បើកចេញមកវិញបុកអោយរលំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០ នាទី ព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥ ដែលទីតាំងនោះស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ ដែលនៅទីនោះមិនអាចនិយាយពីហេតុការណ៍ និងការខូច ខាតនោះទេ ព្រោះខ្លាចធ្វើអោយប៉ះពាល់ដល់អង្គភាព ពិសេសខ្លាចត្រូវមេបន្ទោស ។ ប៉ុន្តែនៅព្រឹកនោះ គេឃើញ រថយន្តស្ទូចមួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A. 1455 បានដឹករថយន្តកូរ៉េហ៊ីយ៉ានដាយមួយគ្រឿង ដែលខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍ យកមកដាក់នៅ ការិយាល័យចរាចរណ៍ផ្លូវគោករបស់ ស្នងការដ្ឋាននគរបាលខេត្ត ។ នៅពេលស្ទូចរថយន្តគ្រោះថ្នាក់ចរាចរណ៍នោះដាក់ដល់ដីហើយរថយន្តស្ទូចខាង លើ ក៏បើកត្រឡប់ចេញមកវិញ ប៉ុន្តែដោយសារតែមិនបានប្រយ័ត្ន ស្រាប់តែដងស្ទូចខាងលើ បានបុក ជាមួយផ្ទាំងក្លោងទ្វារ ការិយាល័យកណ្តាលសណ្តាប់ធ្នាប់ បណ្តាលបាក់រលំទាំងផ្ទាំងដល់ដីតែម្តង។ សំណាងណាស់មិននរណារងគ្រោះក្នុងហេតុការណ៍នោះទេ តែអ្នករត់ម៉ូតូឌុបម្នាក់ភ័យញ័រជើង ព្រោះតែផ្ទាំង ក្លោងទ្វារនោះ បាក់ក្រោយគូថគាត់ប្រមាណ៥ម៉ែត្រប៉ុណ្ណោះ ពេលគាត់ធ្វើដំណើរផុតតែបន្តិច ។
សមត្ថកិច្ចនគរបាលម្នាក់បានអោយដឹងថា៖ ក្រោយពេលកើតហេតុ មន្ត្រីនគរបាលការិយាល័យ ចរាចរណ៍ ផ្លូវគោកខេត្ត បានអោយរថយន្តខាងលើទទួលខុសត្រូវ ដោយអោយធ្វើសងឡើងវិញ ហើយ ម្ចាស់រថយន្តស្ទូច ក៏ព្រមធ្វើសងវិញទាំងមួរហ្មង ព្រោះស្ទូចរថយន្តមួយគ្រឿងខាងលើនេះ បានប្រាក់ ឈ្នួលបន្តិចបន្តួចមិនស្មើនឹងការធ្វើក្លោងទ្វាសងគេវិញទេ ។
សូមបញ្ជាក់ថា ក្លោងទ្វារខាងលើ បានកសាងឡើងតាំងពីសម័យបារាំងសង្គមចាស់មកម្លេះ ព្រោះទីតាំង ខាងលើ គឺជាបន្ទាយទាហ៊ានចាស់ពីជំនាន់នោះ ចំណែកសសរក្លោងទ្វារនេះគ្មានដែកទេ គឺគេ ចាក់រៀប ថ្មភ្នំ លាយស៊ីម៉ង់ដ៏តែប៉ុណ្ណោះ គ្មានគ្រិៈ គ្មានដែកអ្វីទាំងអស់ ដែលអ្នកខ្លះបាននិយាយថា សំណាងហើយ ដែលបានរថយន្តបុកបាក់ពេលនេះហើយត្រូវគេជួសជុលសងថ្មីវិញ បើមិនបាក់ថ្ងៃទេក៏គង់ តែបាក់ពេល ក្រោយថ្ងៃណាមួយជាមិនខាន ព្រោះក្លោងទ្វារនេះមានអាយុប្រមាណជាង១០០ឆ្នាំ ទៅហើយ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1AV5uut