រថយន្តហ៊ីយ៉ាន់ដាយ បុកម៉ូតូហុងដាឌ្រីមចំពីក្រោយពេញទំហឹងទាំងកំរោល យុវជនម្នាក់ស្លាប់បាក់ឆ្អឹងខ្ទេច និង២នាក់របួសធ្ងន់ធ្ងរ
ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់យ៉ាងរន្ធត់ ដោយបែកក្បាលនិងបាក់ជើងបាក់ដៃជាច្រើន កំណាត់ដាច់ដោចសាច់សុះពេញខ្លួននៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងករណីគ្រោះថ្នាក់ចរាចណ៍ដ៏សាហាវមួយ ដោយសាររថយន្តហ៊ីយ៉ាន់ដាយ ១គ្រឿងបើក ក្នុងល្បឿនលឿនបុកម៉ូតូហុងដាឌ្រីមដែលកំពុងជិះចំពីក្រោយពេញទំហឹង ហើយទាំងឡាន និងម៉ូតូបានធ្លាក់ចូលស្រែ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ៩៦ ក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនពេលកើតហេតុគេ ឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0446 ចំណុះ៥តោន ដឹក ភេសជ្ជៈជូហ្គ័រ បើកបរយ៉ាងលឿនពីជើងទៅត្បូង ពេលដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ ហុងដាឌ្រីម១គ្រឿងពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-1361 ជិះគ្នា២នាក់ពីក្រោយស្របទិសគ្នា ចំពេញទំហឹង និងបុកបង្គោលថ្មគីឡូម៉ែត្រលេខ៩៦ ប៉ើងទៀតរថយន្ត និងម៉ូតូបានធ្លាក់ចូល ស្រែខ្ទេចខ្ទី។
នៅក្នុងហេតុការណ៍នេះបង្កអោយឈ្មោះ ចន្ថា អាយុ១៩ឆ្នាំ រស់នៅភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ធ្វើការនៅក្នុងផ្ទះសំណាក់ផ្កាយព្រឹកក្រុងកំពង់ឆ្នាំង ជាអ្នកបើកម៉ូតូ បែកក្បាល និងបាក់ដៃជើងជាច្រើនកំណាត់ និងបានស្លាប់ភា្លមយ៉ាងសង្វេក នៅកន្លែងកើតហេតុ និងឈ្មោះ ជា សារាជ អាយុ២១ឆ្នាំ ជិះពីក្រោយដែលធ្វើការជាមួយគ្នា និងមានទីលំនៅក្នុងឃុំមេលំ ស្រុកបរិបូណ៌ រងរបួសបែកមុខមាត់យ៉ាងធ្ងន់ធ្ងរ។
ដោយឡែកអ្នកបើករថយន្តមិនស្គាល់អត្តសញ្ញាណ មានអាយុប្រមាណ២០ឆ្នាំ ក៏បានបុក ដើមទ្រូងជាមួយតាបឡូរថយន្ត និងរងរបួសធ្ងន់ធ្ងរសប្លប់ស្តូកស្តឹងផងដែរ។ចំណែករថយន្ត បានដាច់កង់មុខទាំង២បែកកញ្ចក់ខូចខាតធ្ងន់ រីឯម៉ូតូជនរងគ្រោះវិញខូតខាតទាំងស្រុង គឺ រមូចូលគ្នានិងដាច់ជាបំណែកៗមើលមិនយល់។
ក្រោយពេលកើតហេតុ គេឃើញរថយន្តសាមុយរបស់មន្ទីរពេទ្យខេត្តមកដឹកជន រងគ្រោះដែលរបួសធ្ងន់ទាំង២នាក់ យកទៅសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត និងដោយស្ថាន ភាពរបួសធ្ងន់ធ្ងរ អ្នករបួសទាំង២នាក់ត្រូវបានគ្រូពេទ្យខេត្តបញ្ជូនទៅមន្ទីរពេទ្យក្រុង ភ្នំពេញ ជួយសង្គ្រោះបន្តទៀត ប៉ុន្តែការសង្ឃឹមមានតិចតូចណាស់។
រថយន្តនិងម៉ូតូគ្រោះថ្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ស្ទូចដឹកយកមក រក្សា ទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងតាមផ្លូវច្បាប់។ ករណីគ្រោះថ្នាក់ នេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា សង្ស័យអ្នកបើកបររថយន្តស្រវឹង ឬកាឡេកង់រថយន្ត ផ្នែកខាងមុខមានបញ្ហា៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/18upwFF