មេពន្ធដារខណ្ឌចំការមនបណ្ដេញស្ត្រីជាមន្ត្រី២នាក់អបអរទិវាសិទ្ធិនារី៨ មីនា ២០១៥ បានធ្វើឲ្យមានការរិះគន់យ៉ាងកក្រើកក្នុងបណ្តាញសង្គមហ្វេសប៊ុក
ភ្នំពេញ ៖ ស្ត្រី២នាក់ ជាមន្ដ្រីពន្ធដារខណ្ឌចំការមនត្រូវបានគេល្បីថា លោក ទី សុខុន ប្រធានសាខាពន្ធដារខណ្ឌចំការមន មេកើយរបស់ខ្លួនបានដកពីតួនាទី ហើយបណ្ដេញពួកគាត់ចេញ ដើម្បីអបអរទិវាសិទ្ធិនារី ៨ មីនា ២០១៥នេះ។ ករណីនេះត្រូវបានស្ត្រី២នាក់ ជាមន្ដ្រីរងគ្រោះ បង្ខំចិត្តធ្វើលិខិតចុះផ្សាយតាម បណ្ដាញទំនាក់ទំនងសង្គម ហ្វេសបុករៀបរាប់អំពីបញ្ហា និងបានបញ្ជាក់ឲ្យដឹងថាពួកគាត់ពោរពេញទៅដោយការខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនជិត៣០ឆ្នាំ ប៉ុន្តែអ្វីៗត្រូវបានខកបំណង ដ៏ធ្ងន់ធ្ងរ ខណៈគ្មានកំហុសសោះ បែរជា ដោយសារតែមានអំពើអយុត្តិធម៌ បក្សពួកគ្រួសារនិយម និងអំពើពុករលួយរបស់ លោក ទី សុខុន មិនអាចឲ្យពួកគាត់ទទួលយកបានឡើយទើបសម្រេចចិត្តសរសេរ លិខិត មានចំនួន៤ទំព័រ ដាក់ជូនលោកអគ្គនាយកអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបានដឹងពីពុតត្បុត ការគ្រប់គ្រងដឹកនាំរបស់លោកទី សុខុន ពុំមានគុណធម៌ និងគិតគូរដល់មន្រី្ដដែលស្មោះត្រង់នឹងការងារមិនបានលើកតម្លៃដល់ស្ដ្រីឡើយ។
លិខិតមន្ដ្រីពន្ធដារនោះបានរៀបរាប់គ្រប់បែបយ៉ាងអំពីការដឹកនាំរបស់លោកទី សុខុន ពោរពេញទៅ ដោយអំពើពុករលួយ ដូចខាងក្រោមនេះសូមគោរពជូនលោកអគ្គនាយកដ្ឋាន ពន្ធដារ មេត្តាជ្រាបយើងខ្ញុំបានទទួលលិខិតបង្គាប់ការ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានការផ្លាស់ប្ដូរមន្ត្រី ដែលចុះហត្ថលេខា ដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន តាមរយៈអ៊ីនធឺណេត ។
ម្ចស់លិខិតបានសរសេរថា នាងខ្ញុំ សូត្រ ច័ន្ធភីណារ៉េត និង ថេង វាសនា បានបម្រើការងារជាមន្ដ្រីពន្ធដារនៅខណ្ឌចំការមនជិត៣០ឆ្នាំហើយ ធ្លាប់ជាកូនចៅ លោក កង ហ៊ិន, លោកប៉ុល ប៊ុនរុងរឿង, លោកកែវ ប៊ុនសួរ, លោកអ៊ុង កែម, លោកហ៊ល ធីរិទ្ធ…។ យើងខ្ញុំមិនដែលមានកំហុស ហើយធ្លាប់គាត់ណែនាំ និងស្ដីបន្ទោសកូនចៅ មិនដែលរាយការណ៍មុននឹងណែនាំ ។ បច្ចុប្បន្នមន្ដ្រីបំណុល បានចូលនិវត្តន៍អស់ យើងខ្ញុំទាំង២នាក់ ត្រូវទទួលមុខព្រួញ ទារពន្ធ៦មុខព្រួញ សរុប១៥២៦មូលដ្ឋាន ។ យើងខ្ញុំបានធ្វើការ បញ្ចូលមូលដ្ឋានរាប់រយមូលដ្ឋានដែលមិនទាន់ជាប់ពន្ធ ហើយការទាមទារប្រមូលគ្រប់ការងារទាំងអស់ ឯកឧត្តមអាចសួរមិត្តរួមការងារ ជាពិសេសបងស្រីប្រធានការិយាល័យបំណុល តើខ្ញុំមានបញ្ហាអ្វី? តើខ្ញុំ ខុសអ្វី? តើគាត់បានណែនាំ ឬព្រមានឲ្យយើងខ្ញុំហើយ ឬនៅ? ទើបលោកទី សុខុន រាយការណ៍ដក យើងខ្ញុំ? មន្ត្រីខ្លះក្នុងខណ្ឌចំការមន គ្រាន់តែផ្លាស់ប្ដូរនៅក្នុងសាខា ចំណែកយើងខ្ញុំទាំង២នាក់ លោកទី សុខុន ធាក់ចេញពីសាខាពន្ធដារខណ្ឌចំការមន។
តើយើងខ្ញុំខុសឬទេ ដែលគ្រាន់តែបញ្ចេញមតិនៅក្នុង អង្គប្រជុំលើកឡើងនិងរៀបរាប់ពីផលវិបាកដើម្បីរកដំណោះស្រាយឲ្យ ការងារទារប្រមូលពន្ធដារ មានភាព រលូនទៅមុខនោះ? ហើយគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងការងារពន្ធដារឲ្យជួយផ្សព្វផ្សាយ ពន្យល់អាជីវករ ឲ្យយល់ដឹងពីច្បាប់ពន្ធ និងយល់ពីការបង់ពន្ធ ព្រោះពួកអាជីវករមិនយល់ តើមានពន្ធអ្វីខ្លះដែលពួកគាត់ត្រូវបង់ក្នុងពេលប្រកបអាជីវកម្ម? ទោះជាពួកយើងខ្ញុំខំពន្យល់យ៉ាងណាក្ដី ក៏ពួកគាត់នៅតែមិនយល់ដែរ ព្រោះគ្មានការផ្សព្វផ្សាយទូលំទូលាយដល់អាជីវករ ព្រោះពួកគាត់ជាអាជីវករត្រូវបង់ពន្ធគ្រប់ប្រភេទ សូម្បីតែបង់ភាស៊ីក៏អាជីវករយល់ថាបង់ពន្ធដែរ ?
ស្ត្រី២នាក់ជាមន្ដ្រីដែលត្រូវបណ្តេញអះអាងថា សម្រាប់ពួកយើងខ្ញុំបម្រើការងារដ៏លំបាកនេះ រយៈពេល៣០ឆ្នាំហើយ ពួកយើងខ្ញុំមានការតស៊ូជំនះ នឹងភាពនឿយហត់លំបាកលំបិនជាខ្លាំង ពួកយើងខ្ញុំត្រូវការជំនួយពីថ្នាក់លើ តែពួកយើងខ្ញុំពិបាកនឹងជួបលោកថ្នាក់លើ ដូចរាវម្ជុលក្នុងបាតសមុទ្រ ។ តើឯកឧត្តមបានជ្រាបរឿងរ៉ាវទាំងអស់នេះទេ? គឺពួកយើងខ្ញុំតស៊ូដើម្បីក្រពះ ស៊ីប្រាក់ខែដែលរដ្ឋបើកឲ្យ ។ មកដល់លោកទី សុខុន ចូលកាន់តំណែងជាប្រធានសាខាពន្ធដារខណ្ឌចំការមន បានមួយឆ្នាំគឺលោកទី សុខុន បានធ្វើអ្វីខ្លះ? មកដល់ភ្លាមគាត់សួររកឈ្មោះ សូត្រ ច័ន្ទណារ៉េត, ថេង វាសនា, ម៉ក់ វិបុល, សេង វុទ្ធី ដែលជាមុខសញ្ញា ដែលគាត់ត្រូវកំចាត់ចោល ទាំងពួកយើងខ្ញុំមិនធ្លាប់ស្គាល់លោកពីមុនសោះ ហើយមិនដែលមានជម្លោះអ្វីសោះ ហេតុអ្វីបានជាលោកទី សុខុន ដកតំណែងពួកយើងខ្ញុំ ដោយគ្មានការហៅណែនាំព្រមាន តាមនីតិវិធី និងតាមច្បាប់ការងារបន្តិចសោះ? ទាំងពួកយើងខ្ញុំគ្មានកំហុសសោះ។
លោកទី សុខុន មកកាន់តំណែងភ្លាម បានគំរាមដកមន្ត្រី ដែលនៅសេសសល់មូលដ្ឋាន ចាត់ចូលអំពើពុករលួយ បើមានបំណុល បើរាំងស្ទះការងារត្រូវដកចេញ ឬផ្លាស់កន្លែងធ្វើការ។ លោកទី សុខុន មិនដែលបានជួយសម្រាល បន្ទុកការងាររបស់ពួកយើ់ងខ្ញុំឡើយ ។ បែរជាធ្វើឱ្យការងារទារពន្ធរបបម៉ៅការមានការរាំងស្ទះក្នុងការ ចេញបង្កាន់ដៃទារប្រមូលពន្ធ។ ក្នុងការចេញប័ណ្ណប៉ាតង់ ៣ទៅ៤ខែ ទើបអាចចេញបាន ពួកយើង ដាក់ឯកសារទៅចុះហត្ថលេខាក្នុងការទារបំណុលពន្ធ៤ខែហើយនៅមិនទាន់ ចេញបានទៀត ដល់ពេលទៅសួរលោកទី សុខុន បែរជាលោកថាមិនដឹង ទម្រាំបានទៅឱ្យអាជីវិករ ឈប់អស់ទៅហើយ រាល់ឯកសារដែលយើងខ្ញុំដាក់ទៅគឺបាត់រហូត ធ្វើឱ្យរាំងស្ទះការងាររបបម៉ៅការបំណុលពន្ធនៅស្អេកស្កះ ដែលពីមុន មិនធ្លាប់មានដូចលោកទី សុខុន កាន់ការងារនេះទេ បើថ្នាក់លើស្ដីបន្ទោស លោកទី សុខុន ឆ្លើយថា មកពីមន្ដ្រីប្រមូលពន្ធរបបម៉ៅការ ខ្ជិលមិនព្រមធ្វើការ រាយការណ៍អាក្រក់ពីមន្ដ្រីទារពន្ធ តាម
ប្រភពដំណឹងមកពីខេត្តបាត់ដំបងបានឲ្យដឹងថា លោកទី សុខុន នេះល្បីច្រាស់ខ្យល់រឿងរាយការណ៍ដកមន្ដ្រី ចាស់ដែលនៅសេសសល់ត្រូវទទួលរែកពន់រាប់ពាន់មូលដ្ឋាន ។
តាមរយៈលិខិតចុះផ្សាយតាម បណ្ដាញទំនាក់ទំនងសង្គម ហ្វេសបុកនេះបានអំពាវនាវ ឲ្យលោកអគ្គនាយកអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេត្តា ចំណាយពេលអានអត្ថបទយើងខ្ញុំផង សូមមេត្តាផ្ដល់ភាពយុត្តិធម៌ដល់ពួកយើងខ្ញុំផង ឬមួយដោយសារតែពួកយើងខ្ញុំ ជាមន្ដ្រីប្រមូលពន្ធតាមរបបម៉ៅការនេះ គ្មានបក្សពួក គ្មានលុយសូកប៉ាន់ នៅតែជាមន្ដ្រីបំណុលដដែល រីឯអ្នកខ្លះទៀតមិនចេះធ្វើអ្វី ក៏បានឡើងឋានៈដែរ ឱ្យតែចេះជំរឹតទារលុយយកកម្រៃពី អាជីវករមកឲ្យលោកទី សុខុន ត្រូវបានឡើងតួនាទីធំៗទៀត តួយ៉ាងដូចជា លោកគឹម សុវណ្ណារ៉ា, លោកម៉ា បូរ៉ា, លោកគង់ ដារាវីរៈ សុទ្ធតែជាអ្នកពូកែវ៉ៃអែបស៊ីអប ដើរសម្លុតទារលុយពីអារជីវករគ្រប់ទីកន្លែង ដោយមួយកន្លែងៗយក៣ទៅ៤ពាន់ដុល្លារ ហើយគំរាមអាជីវករមិនឱ្យនិយាយ។ បើហ៊ាន និយាយប្រាប់ដល់មន្ដ្រីទារពន្ធឲ្យគេដឹង នឹងត្រូវបង់ពន្ធឲ្យច្រើន ឬត្រូវប្ដូរទៅបង់ពន្ធរបបស្វ័យប្រកាស ហើយត្រូវពិន័យប្រាក់ជាច្រើនសន្ធឹកសន្ធាប់។
អ្នកធ្វើឲ្យរាំងស្ទះការងារគឺ លោក ទី សុខុន និងបក្ស ពួករបស់គាត់ ហើយដើរព្រោះឈាមដាក់មន្ត្រីណា ដែលដឹងរឿងអាក្រក់ៗរបស់ពួកគេ។ ចំណែកអស់លោកមេៗ សម្ងំតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ អង្គុយមើលទូរទស្សន៍ លេងហ្គេម ចាំតែជញ្ជក់ឈាមកូនចៅ ទោះមេមិនស្កេនមេដៃ ឬក៏ឈប់ឥតច្បាប់ក៏គ្មានបញ្ហាអ្វីដែរ គ្មានអ្នកណាហ៊ានបង្កកលុយគាត់ឡើយ។ ហេតុដូចនេះហើយបានជាសន្លឹកឆ្នោតចេះតែបាត់ទៅៗ គឺដោយសារតែទង្វើគ្មានភាពទទួលខុសត្រូវរបស់ពួកថ្នាក់ដឹកនាំប្រភេទ លោកទី សុខុន នេះហើយ។
ក្នុងលិខិតនោះមានការបញ្ជាក់ថា លោកទី សុខុន ចេះតែជំរឹតកូនចៅជាមន្ត្រីថ្នាក់ក្រោម សូមឯកឧត្តមមេត្តាជ្រាប និងឱ្យសម្ដេច ហ៊ុន សែន ដឹងពីទង្វើអាក្រក់របស់មេៗពុករលួយទាំងនេះ។ លោកទី សុខុន ធ្លាប់គេចុះកាសែតល្បីពេញផ្ទៃប្រទេស រឿងស៊ីលុយរង្វាន់ពីកូនចៅ ដែលខិតខំប្រឹងធ្វើការ ដោយលួចសម្ងំស៊ីតែម្នាក់ឯង ប៉ុន្តែលោកទី សុខុន នៅតែអាចឈរជើងបានដោយរឹងមាំ ដោយសារលោក ទី សុខុន អាងមានឯកឧត្តមម្នាក់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាខ្នងបង្អែកការពារ ។
ជាទីបញ្ចប់យើងខ្ញុំសូមអភ័យទោសនូវកំហុសឆ្គង ដែលមិនគួរគប្បីផ្ញើតាមហ្វេសប៊ុកនេះ មកពីយើងខ្ញុំគ្មានច្រកចេញ ព្រោះពួកយើងខ្ញុំជាមន្ដ្រីថ្នាក់ទាប គ្មានសមត្ថភាពនឹងជួបឯកឧត្តមបានឡើយ ព្រោះគេមិនឲ្យជួប៕ សហការី
http://ift.tt/1KM8W5P