ប្រតិបត្ដិការដើម្បីរុករកសាកសពពួកទាហាន ២៦០០ នាក់ ដែលកប់នៅក្នុងរូងភ្នំ ក្នុងសង្គ្រាមលោកលើកទី២
ប្រតិបត្ដិការយ៉ាងប្រុងប្រយ័ត្នដើម្បីរុករកសាកសពពួកទាហានរាប់ពាន់នាក់ ដែលកប់នៅក្នុងរូងភ្នំតាំងពីសង្គ្រាមលោកលើកទីពីរ កំពុងត្រូវបានចាប់ផ្តើមដំណើរការហើយ ។ បុរាណវិទូក្នុងស្រុកនិងបុរាណវិទូជប៉ុន ក្រោមការដឹកនាំរបស់អ្នកជំនាញខាងគ្រឿងផ្ទុះ បានចាប់ផ្តើមស្រាវជ្រាវ ទៅលើរូងថ្មដែលត្រូវបានគេបិទជិត ចំនួនប្រហែល 200 ដែលមានគ្រាប់បែកមិនទាន់ផ្ទុះជាច្រើននៅជុំវិញនោះ ។
តាមប្រភពពត៌មានបានអោយដឹងថា សាកសពកងទ័ពជប៉ុន ច្រើនជាង 2600 ត្រូវបានគេជឿថា បានកប់រូងភ្នំនៅលើកោះផ្កាថ្មដាច់ស្រយាលមួយឈ្មោះ Palau នៅក្នុងតំបន់ប៉ាស៊ីហ្វិក ។ ទាហានទាំងនោះបានជាប់នៅក្រោមរូងថ្មខណៈពេលដែលកងកម្លាំងរបស់អាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ដើម្បីលុកលុយកោះ ។ កងទ័ពជប៉ុនបានប្រើរូងភ្នំ ជាមូលដ្ឋានដើម្បីការពារកោះនេះ ហើយបានជីកភ្ជាប់រូងភ្នំទៅជម្រកក្រោមដី តាមបណ្តាញផ្លូវក្រោមដីមួយ និង ច្រកជាច្រើន ។
កងទ័ពជប៉ុនជាង 10.000 នាក់ បានស្លាប់ក្នុងអំឡុងតែដប់សប្តាហ៍នៅពេលដែលទាហានអាមេរិចលុកលុយ ប៉ុន្តែសាកសព 2600 មិនត្រូវបានគេរកឃើញ។
តាមរបាយការណ៍របស់ Daily Telegraph បានអះអាងថា ឥឡូវនេះក្រុមមន្រ្តីដែលធ្វើការនៅលើកោះ Palau បានយល់ព្រមបើករូងថ្មប្រហែល 200 ដើម្បីស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់អធិរាជ Akihito និង អធិរាជនីរបស់ប្រទេសជប៉ុន Michiko នៅខែក្រោយនេះ ។
តាមប្រភពពត៌មានបានអោយដឹងផងដែរថា បុរាណវិទូបានរកឃើញសំណុំនៃឆ្អឹងខ្លះដែរហើយ ហើយនឹងផ្ញើទៅ ប្រទេសជប៉ុន ដើម្បីធ្វើតេស្ត ។
អ្នកកាសែតក្នុងស្រុកឈ្មោះ Bernadette Carreon បានប្រាប់វិទ្យុ ABC ថា ពួកគេបានរកឃើញឆ្អឹងមួយចំនួន ខណៈពេលដែលពួកគេបានឈូសឆាយផ្លូវចូលទៅរូងថ្មនោះ ។ ពួកគេមិនបានប្រើឧបករណ៍តេស្តទៅលើឆ្អឹងទាំងនោះទេ ហើយនៅពេលដែលគេពិនិត្យច្បាស់លាស់ គេនឹងអោយបុរាណវិទូចាប់ផ្តើមចូលទៅប្រមូលឆ្អឹងនោះ ។
តំណាងក្រុមគ្រួសាររបស់ទាហានដែលបាត់ខ្លួននោះ ត្រូវបានបញ្ជូនទៅជួយស្វែងរកសាកសពផងដែរ ។
Sachio Kageyama ជាតំណាងឱ្យក្រុមគ្រួសារ បានប្រាបកាសែត The Japan Time ថា: «ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចរបស់អធិរាជខាងមុខនេះនឹងត្រួសត្រាយផ្លូវដើម្បីប្រមូលឆ្អឹងរបស់ទាហាននោះ “។ ក្រុមអ្នកជំនាញក៏សង្ឃឹមផងដែរថា គេនឹងអាចស្វែងរកទាហានដែលបាត់ខ្លួនទាំងនោះ ៕
ប្រភព បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1NwNZrL