កុមារទុរគត៌៣នាក់បងប្អូន ម្នាក់ពិការជើង ត្រូវឪពុកមានប្រពន្ធចុង ម្តាយទៅថៃ បោះបង់ចោល រស់ទាំងត្រដាបត្រដួស វ៉ៃកណ្តូប ចាប់បង្កួយ ជីកដំឡូងព្រៃ ស៊ីឈ្នួលឃ្វាលគោឲ្យគេយកលុយទិញបាយហូបមិនសូវបានឆ្អែតទេ
ខេត្តកំពង់ឆ្នាំង៖ ភាពវេទនាអត់ឃ្លាន និងកំព្រារបស់កុមារ៣នាក់បងប្អូនដែលម្នាក់ត្រូវពិការជើង ដោយសារ ពស់ចឹក ផង ត្រូវបានឪពុកម្តាយ និងបងបង្កើត២នាក់ចាកចេញទៅធ្វើការបាត់ដំណឹង៣ឆ្នាំមកហើយ បានធ្វើអោយអ្នកស្រុក ភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស មានការអាណិតអាសូរចំពោះការតស៊ូរស់នៅ យ៉ាងលំបាករបស់កុមារ កំព្រាទាំង៣នាក់បងប្អូនគ្មានទេទីពឹង កំថាឡើយបានទៅរៀនសូត្រ សូម្បីតែបាយហូបមិនឆ្អែត ជួនដាច់ពេលម្តងៗ ភាពកម្សត់ និងវេទនានេះ ក្មេងកំព្រាទាំង៣នាក់បានលើកម្រាមដៃដប់ សុំអំពាវនាវដល់សប្បុរសជនមេត្តាដាក់ទានជួយ សង្គ្រោះដល់ពួកគេផង។ កុមារទាំង៣នាក់ ខាងលើនេះរស់នៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ។
ប្រជាពលរដ្ឋរស់នៅភូមិក្រាំងស្គារបាននិយាយពីប្រវត្តិកុមារកំព្រាទាំង៣នាក់ និងក្រុមគ្រួសារគេអោយដឹងថា៖ កុមារា ទី១ឈ្មោះ សឺ សាន អាយុ១៥ឆ្នាំ សព្វថ្ងៃដើរស៊ីឈ្នួលមើលគោ ក្របីអោយគេយកប្រាក់ចិញ្ចឹមប្អូនៗ និងឆ្លៀតរកអាហារ វ៉ៃកណ្តូប ចាប់បង្គួយ បរិភោគ កុមារីទី២ឈ្មោះ សឺ សុជា អាយុ១០ឆ្នាំ ដើរជីកដំឡូងព្រៃលក់ កុមារីទី៣ឈ្មោះ សឺ មាណិត អាយុ៨ឆ្នាំ ពិការជើងខាងស្តាំមួយ កំណាត់ កាលពី២ឆ្នាំមុន ដោយសារពស់ចឹកគ្មានលុយព្យាបាលទេ ពួកគេរស់នៅខ្លួនទីពឹងខ្លួន ដោយអាជ្ញាធរបានត្រឹមតែយកភ្នែកមើល ។
ពួកគេមានបងប្អូន៣នាក់ទៀតគឺ ១ឈ្មោះសឺ សល់ ភេទប្រុស អាយុ២១ឆ្នាំ ទៅធ្វើការនៅភ្នំពេញបាត់ដំណឹង ជាង ៣ឆ្នាំមកហើយ ២ឈ្មោះ សឺ ម៉ាណុតភេទស្រី អាយុ១៨ឆ្នាំ បែកមានប្តីមិនដែលមករកប្អូនៗឡើយ ៣ឈ្មោះ សឺ ឡុង ភេទស្រី អាយុ១៣ឆ្នាំ ស៊ីឈ្នួលលាងចានអោយគេ នៅភូមិថ្នល់ទទឹង ឃុំសែប ស្រុកកំពង់ត្រឡាច បានតែបាយហូប មិនដែលបានប្រាក់អ្វីឡើយដែលធ្វើឲ្យរូបគេឃ្លាតឆ្ងាយពីបងប្អូន។ ចំណែកឪពុក ពួកគេឈ្មោះ ញឹម សៃ អាយុ៤២ឆ្នាំ ចេញទៅរស់នៅជាមួយប្រពន្ធ ចុង ជាង២ឆ្នាំហើយ មិនដែលមកមើលកូនៗឡើយយកសុខតែខ្លួនឯងបោះបង់កូន ប្រពន្ធចោលមិនដែលស្រណោះ។ ចំណែកម្តាយរបស់គេឈ្មោះ នី អាយុ៤១ឆ្នាំ ចេញទៅធ្វើជាកម្មការិនី នៅប្រទេសថៃជាង២ឆ្នាំមកហើយបាត់ដំណឹងឈឹងមិនដឹងស្លាប់ឬរស់ ។
ដោយមើលឃើញការលំបាកស្រេកឃ្លានវេទនាគ្មានអ្នកជួយបន្ទាប់ពីឪពុកម្តាយរបស់ពួកគេបោះបង់ចោល និងទាំងមិនបានរៀនសូត្រផងនោះ ចំពោះកុមារទុរគត៌ទាំង៣នាក់ខាងលើនេះ កំពុងរស់នៅក្នុងកូនខ្ទមស្លឹកដ៏តូចមួយធ្លុះធ្លាយមុខក្រោយដ៏គួរអោយអាណិតអាសូរណាស់ ប្រជាពលរដ្ឋក្នុងភូមិសំណូមពរ ស្នើសុំដល់សប្បុរសជនដែលមានទឹកចិត្តសប្បុរស មេត្តាជួយសង្គ្រោះភាពអត់ឃ្លានដល់កុមារទាំង៣នាក់ បងប្អូន ខាង លើនេះដោយអនុគ្រោះផងចុះ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/19tyDXY