គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នាក្នុងចន្លោះម៉ោងតែមួយ មនុស្ស៤នាក់របួសធ្ងន់ស្រាល
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីចំណាស់ម្នាក់បានរងរបួសធ្ងន់ និងយុវជន៣នាក់ បានរងរបួសស្រាលនៅក្នុងររណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នានៅក្នុងចន្លោះម៉ោងតែមួយ ដែលករណីទី១បានកើតឡើងនៅ១០ និង០៥នាទីព្រឹក ជិតរង្វង់មូលវិមានឯករាជ្យខេត្តស្ថិតក្នុងភូមិកណ្តា ល សង្កាត់កំពង់ឆ្នាំង ដោយរថយន្តតាក់ស៊ីបុកម៉ូតូឆ្លងផ្លូវ និងករណីមួយទៀតកើតឡើងនៅវេលា១០ និង៣០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ដោយរថយន្តធុនធំកៀរគោយន្តដឹកអុស។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានអោយដឹងថា៖ នៅក្នុងករណីទី១មានអ្នករង របួស ធ្ងន់ស្រាលចំនួន២នាក់ ដែលមានយុវជន ឈ្មោះ ហេង រ៉ាន់អាយុជាង២០ឆ្នាំរបួស ស្រាលជាអ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1B-4865ឌុបស្ត្រីម្នាក់ ឈ្មោះ ឈៀង បុប្ផា អាយុជាង៦០ឆ្នាំ របួសធ្ងន់ រស់នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ បានបើកម៉ូតូពីកើតមកលិចឆ្លងផ្លូវផុតគំនូសលឿង នៃទ្រូងផ្លូវទៅហើយ ស្រាប់តែមានរថយន្តតាក់ស៊ីម៉ាកកាមរី ពណ៌ស្លឹកឈើ ពាក់ស្លាក លេខ ភ្នំពេញ2A-9370បើកបរដោយឈ្មោះគង់ សាវ៉ាន់ អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បើកបរពីត្បូងទៅជើងខុសគន្លងផ្លូវបស់ខ្លួនបុកចំទទឹង ម៉ូតូ អូសម៉ូតូជិត១០ម៉ែត្រ បណ្តាលអោយម៉ូតូជាប់នៅក្រោមរថយន្តចំណែកជនរងគ្រោះ ទាំង២នាក់បានប៉ើងខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់និងស្រាល។
ដោយឡែកករណីទី២បានបង្កអោយមានអ្នករងរបួសស្រាលចំនួន២នាក់ដោយមានរថយន្តម៉ាកហ៊ីណូពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0742 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុកន្ទុយរថយន្តបានកៀរគោយន្តដែលកំពុង បើកដឹកអុសស្ទែរពេញប្រៀបស្របទិសគ្នា បណ្តាលអោយគោយន្តនោះដាច់កង់មុខខាងស្តាំក្រឡាប់ធ្លាក់ស្រែ និងបង្កអោយអ្នកបើកបរឈ្មោះ ឆើត តើម អាយុ១៩ឆ្នាំ និងអ្នកជិះម្នាក់ទៀតឈ្មោះ សយ ម៉ាប់ អាយុ១៨ឆ្នាំ រស់នៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស រងរបួសស្រាលទាំង២នាក់តែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានគេបញ្ជូនមកសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនិងពេទ្យឯកជន។ចំណែករថយន្តទាំង២គ្រឿង គោយន្ត និងម៉ូតូ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីខាងលើ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត បាននាំយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកសាងសំណុំរឿងទុក ដោះស្រាយ តាមនីតិវិធីច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1AT3dVy