លោក យូ សុធា ប្រធានប៉ុស្តិ៍ព្រំដែនច្រកដាក់ដាំ កំពុងមមាញឹកសប្បាយកើបលុយពីក្រុមឈ្មួញដឹកឈើប្រណីត និងទំនិញឆ្លងដែនល្មើសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននគរបាលជាតិ
ខេត្តមណ្ឌលគិរី៖ លោក យូ សុធា ប្រធានប៉ុស្តិ៍ព្រំដែនច្រកដាក់ដាំ រងការចោទប្រកាន់ថា បានឆ្លៀតប្រើសិទ្ធិអំណាចរបស់ខ្លួន បើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកឈើប្រណីតខុសច្បាប់រាល់យប់ថ្ងៃចេញពីទីរួមស្រុកអូររាំង ឆ្ពោះទៅច្រកទ្វេភាគីដាក់ដាំ និងច្រករបៀងកង់អាឡង់ ដោយរថយន្តទំនើបៗដឹកឈើពេញៗរាប់សិបគ្រឿងឆ្លងទៅប្រទេសវៀតណាមដោយរលូន។ ក្រៅពីចរាចរណ៍ឈើខុសច្បាប់ក៏មានឈ្មួញនាំទំនិញគេចពន្ធ គ្រប់ប្រភេទពីវៀតណាមចូលមកតាមច្រកនោះ ដែលធ្វើឲ្យលោក យូ សុធា សប្បាយកើបលុយពីបទល្មើស ច្រកហោប៉ៅធ្វើមានធ្វើបានលែងក្រែងញញើតច្បាប់អ្វីទាំងអស់ សូម្បីតែបទបញ្ជា របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ត្រូវបានលោក ប្រធានប៉ុស្តិ៍ដាក់ដាំឈប់យកត្រចៀកស្តាប់ទៅហើយ ព្រោះលោក យូ សុធា បានលបតាំងខ្លួនជាស្តេចត្រាញ់ប្រចាំប៉ុស្តិ៍ព្រំដែនច្រកដាក់ដាំយ៉ាងក្រអឺតក្រទម។
ប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ច្រកដាក់ដាំ គឺជាច្រកដែលពោរពេញ ទៅដោយបទល្មើស ដឹកជញ្ជូនឈើប្រណីតយកទៅលក់នៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ដោយពួកក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដែលសុទ្ធតែស្និទនឹងលោក យូ សុធា ក្នុងរូបភាពឃុបឃិតគ្នាជួយសម្របសម្រួលគ្រប់បែបយ៉ាងដូចន័យថា៖ «អញជួយឯង ឯងជួយអញ!» ហេតុដូច្នេះហើយបានធ្វើឲ្យច្រកប៉ុស្តិ៍ព្រំដែន អន្តរជាតិដាក់ដាំក្លាយទៅជាច្រកបំរើឲ្យសកម្មភាពចរាចរណ៍បទល្មើសទាំងចេញទាំងចូលយ៉ាងគឃ្លើនក្រោមការចាត់ចែងរបស់ លោក យូ សុធា។ បច្ចុប្បន្នគេឃើញពួកឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ពី ប្រទេសវៀតណាមចូលស្រុកខ្មែរដូចជា ប្រេងសាំង ទំនិញចាប់ហួយគ្រប់ប្រភេទ នំកញ្ចប់ មី គ្រឿងកំប៉ុង និងស្រាបៀរជាដើម។ល ។ ទាក់ទិននឹងករណីនេះគេដាក់ការសង្ស័យថា លោក តូច យន់ ស្នងការរងទទួលបន្ទុកកិច្ចការព្រំដែន ទំនងទទួលបានលាភសក្ការៈមិនតិចទេពីច្រកនោះទើបបណ្តោយឲ្យលោក យូ សុធា ធ្វើព្យុះធ្វើភ្លៀងប្រឆាំបទបញ្ជាថ្នាក់លើតាមតែអំពើចិត្តយ៉ាងដូច្នេះ។
បើយោងតាមសកម្មភាពជាក់ស្តែងបច្ចុប្បន្ននេះ លោក យូ សុធា ក្នុងនាមជាប្រធានប៉ុស្តិ៍ព្រំដែនអន្តរជាតិទ្វេភាគីដាក់ដាំ កំពុងប្រព្រឹត្តអំពើពុករលួយពេញបន្ទុក ធ្វើជាបង្អែកឲ្យក្រុមឈ្មួញដឹកឈើប្រណីល្មើសច្បាប់ចេញទៅលក់នៅប្រទេសវៀតណាម និងប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ចូលស្រុកខ្មែរតាមអំពើចិត្ត។ បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធជាពិសេសអគ្គស្នងការនគរបាលជាតិ គួរធ្វើការស៊ើបអង្កេត និងមានវិធានការជាបន្ទាន់ចំពោះមន្ត្រីខិលខូចនោះដើម្បីការពារផលប្រយោជន៍ជាតិ និងរបៀបរៀបរយមន្ត្រីថ្នាក់ក្រោម។ ច្រកដាក់ដាំដែលមានចម្ងាយប្រមាណ២០គីទ្បូម៉ែត្រ ស្ថិននៅប៉ែកខាងត្បូងឈាងខាង កើតទីរួមខេត្តមណ្ឌលគិរី កំពុងក្លាយទៅជាច្រកបង្ហូរបទល្មើសចេញចូលឆ្លងដែនយ៉ាងអនាធិបតេយ្យបំផុត បញ្ហានេះបានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ និងកាន់តែធ្វើឲ្យមានការកើនឡើងនៃសកម្មភាពបំផ្លាញព្រៃឈើ ៕ ដោយ ឦសាន២
http://ift.tt/1GD389a