ទិវាជាតិទីក្រុងស្អាត មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស បាននាំគ្នាធ្វើអនាម័យ តាមផ្លូវថ្នល់ ក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ដើម្បីឆ្លើយតបទៅនឹងទិវាជាតិទីក្រុងស្អាតដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ មន្ត្រីរាជការ សមត្ថកិច្ចនៅគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងសិស្សានុសិស្សគ្រប់សាលារដ្ឋ និងឯក ជនបាននាំគ្នាធ្វើអនាម័យតាមទីតាំងរៀងៗខ្លួនដែលអាជ្ញាធរខេត្តបានកំណត់ប្រគល់អោយ។ ម្យ៉ាងវិញ ទៀតក៍ដើម្បីអនុវត្តតាមផែនការលោកអភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញ អោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត ទទួលខុសត្រូវចំពោះសោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់ទៅតាមទីកន្លែងរបស់ខ្លួន។
គួររំលឹកថា ក្រោយពីប្រព័ន្ធលូរំដោះទឹកចេញពីក្រុងកំពង់ឆ្នាំង និងផ្លូវថ្នល់ខ្វាត់ខ្វែងក្នុងក្រុងដែលជាជំនួយរបស់ប្រទេសជប៉ុនតាមរយៈអង្គការចៃការជប៉ុន ជូនប្រជាពលរដ្ឋក្រុងកំពង់ឆ្នាំងបានស្ថាបនារួចរាល់១០០%ហើយនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តបានយកចិត្តទុកដាក់ទៅលើអនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់ជាបន្តទៀត សំដៅអោយក្រុងកំពង់ឆ្នាំងមានអនាម័យ សោភ័ណភាពល្អ និងសណ្តាប់មានរបៀបរៀបរយ សំរាប់សុខមាលភាពរបស់ប្រជាពលរដ្ឋ និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្តនៅក្នុងខេត្ត។
ក្នុងកិច្ចប្រជុំបូកសរុបការងារ និងលើកទិសដៅបន្តរៀបចំអនាម័យ សោភ័ណភាព និង សណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា៖ដើម្បីចូលរួមក្នុងទិវាទីក្រុង ស្អាតថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ទទួលខុស ត្រូវចំពោះអនាម័យ សោភ័ណភាព នៅតាមទីកន្លែងដែលអាជ្ញាធរខេត្តបានដាក់ជូនហើយ។ត្រូវ បន្តជំរុញ និងបញ្ជ្រៀបនូវអត្ថប្រយោជន៍នៃការធ្វើអនាម័យបរិស្ថាន សោភ័ណភាព និងសណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់តាមគ្រប់រូបភាព ដើម្បីអោយពួកគាត់ចេះស្រឡាញ់ទឹកដីរបស់គាត់ ព្រមទាំងជួយថែរក្សាអនាម័យទាំងនៅជុំវិញផ្ទះ ជុំវិញមន្ទីរ និងទីសាធារណៈ។
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ គេឃើញមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ មន្តីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្សគ្រប់សាលារដ្ឋ និងឯកជន ក្រុមហ៊ុននានា រាប់រយនាក់ បាននាំគ្នាធ្វើអនាម័យ សំអាតគ្រប់បណ្តាផ្លូវទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង តាមទីផ្សារ ក្នុងទីធ្លាសាលា បរិវេណមន្ទីរនានាយ៉ាងសស្រាក់សស្រាំ។ ចំណែកនៅតាមបណ្តាស្រុកទាំង៧ទៀត ទាំងអាជ្ញាធរស្រុក និងមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ចក៍បានធ្វើអនាម័យនៅតាមទីរួមស្រុកដូចគ្នានឹងទីក្រុងកំពង់ឆ្នាំងផងដែរ។
ដោយឡែកមន្ទីរសាធារណៈការខេត្តក៍បានធ្វើគំរោងសំណើរទៅរាជរដ្ឋាភិបាលកម្ពុជាដើម្បីសុំដល់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការចៃកាជប៉ុន ក្នុងការជួយបន្តស្ថាបនាផ្លូវមួយចំនួនក្នុងក្រុងកំពង់ឆ្នាំងបន្តទៀត ដោយក្នុងនោះមន្ទីរបានសុំធ្វើផ្លូវបន្តពីផ្សារលើរហូតដល់ផ្សារក្រោម, ផ្លូវជាតិលេខ៥ក្នុងក្រុងបន្តពីមុខមណ្ឌលកុមារកំព្រារហូតដល់សួនឆ្នាំងដីមាស,និងមួយកន្លែងទៀតពីមុខ វត្តខ្សាមរហូតដល់ចំណុចទួលគ្រាំងព្រំប្រទល់ស្រុករលាប្អៀរបន្តទៀត ហើយគំរោងនេះកំពុងធ្វើការសិក្សា៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1E6SeKG