យុវជន៣នាក់មកពីស៊ីការគេវិញ ត្រូវក្មេងទំនើងមួយក្រុមស្ទាក់វាយមួយឆ្អែតម្នាក់ ធ្វើអោយរបួសបែកក្បាលបែលមុខ ហូរឈាមជោគខ្លួនគ្រប់គ្នា
ខេត្តកំពង់ឆ្នាំង៖ យុវជន៣នាក់ បានរងរបួសបែកក្បាល និងបែកមាត់ ហូរឈាមស្រោចខ្លួន ពេទ្យដេរជា ច្រើនថ្នេរ ដោយនៅពេលចេញពីស៊ីការគេវិញត្រូវក្មេងទំនើង១ក្រុម ព្រួតគ្នាស្ទាក់វាយយ៉ាងសាហាវ នៅតាមផ្លូវជាតិ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ចំណុចភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ។
ក្រុមយុវជនរងគ្រោះទាំង៣នាក់មាន៖ ១.ឈ្មោះ ហ៊ន ស៊ីប្រាង អាយុ២០ឆ្នាំ រងរបួសក្បាលដេរ២០ថ្នេរ ២.ឈ្មោះ ហ៊ន សុជាតិ អាយុ២៥ឆ្នាំ របួសក្បាលដេរ៦ថ្នេរ និង៣.ឈ្មោះ ផៃ សារឿន របួសបែកមាត់ពួកគេមានទីលំនៅ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌។
យុវជនជនរងគ្រោះទាំង៣នាក់បានមកដាក់ពាក្យប្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានដោយបាននិយាយថា៖ មុនពេលកើតហេតុ ពួកគេបានចេញពីស៊ីការត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូ២គ្រឿងគ្នា៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៥ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុដែលមានចម្ងាយ តែប្រមាណ ១៥០ម៉ែត្រពីផ្ទះការប៉ុណ្ណោះ ស្រាប់តែមានក្មេងទំនើងមួយក្រុមមានគ្នាប្រមាណ ១០នាក់បាន ស្ទុះចេញពីក្នុងព្រៃ ខ្លះកាន់ដែកបំពង់ទីប ខ្លះកាន់ដំបង ខ្លះកាន់ដុំថ្ម និងចំពាមកៅស៊ូបានព្រួតវាយ គប់ និងបាញ់មកលើក្រុមខ្លួនយ៉ាងសាហាវ ដោយពេលនោះពួកខ្លួនគ្នាតិចគ្មានលទ្ឋភាពតដៃឡើយ។
នៅក្នុងហេតុការណ៍នោះ អ្នកធ្វើដំណើរតាមផ្លូវជាតិបានឈប់ឡាន ឈប់ម៉ូតូ ស្រែកឃាត់ដែរ តែក្រុមជនដៃដល់មិនបានខ្លាចឡើយ គឺព្រួតគ្នាវាយម៉ាឆ្អែតដៃទើបរត់ចូលព្រៃគេចខ្លួនអស់។ យុវជនជនរងគ្រោះបានបញ្ជាក់ថា៖ ក្នុងចំណោមជនដៃដល់ទាំងនោះពួកខ្លួនបានស្គាល់មនុស្សចំនួន៣នាក់ មាន១.ឈ្មោះ ប៉ូច (មេក្លោង) ២.ឈ្មោះ ក្រា និង៣.ឈ្មោះ ឆក ទាំង៣នាក់នេះមានទីលំនៅក្នុងភូមិស្រះកែវ។
ទាក់ទងនិងករណីនេះ លោក ជាង សុវណ្ណារិទ្ឋ អធិការនគរបាលស្រុកបរិបូណ៌ បាននិយាយតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥ នេះថា៖ លោកបានទទួលព័ត៌មាននេះហើយ តែចំពោះ មូលហេតុនៃការស្ទាក់វាយប្រហារមកលើក្រុមយុវជនចេញពីស៊ីការនេះ លោកមិនទាន់បានដឹងចទេដែលពេលនេះសមត្ថកិច្ចនគរបាលមូលដ្ឋានកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ។ ប៉ុន្តែបើតាមលោកដឹង រឿងនេះ គឺពិតមានទៅមានមកហើយ ទើបមានរឿងកើតឡើងបែបនេះ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1wJ2kcW