ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ គ្រោងស្នើសុំ នៅក្រៅ ឃុំម្តងទៀត ដោយដាក់ ទ្រព្យសម្បត្តិ ជាង១០០លានដុល្លារ
រាជធានីភ្នំពេញ ៖ ឪពុកម្តាយរបស់ឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងបន្តជាប់ឃុំនៅពន្ធនាគារព្រៃស គ្រោងនឹងយកបុរី៩៩៩របស់ខ្លួន ដែលមានតម្លៃជាង១០០លានដុល្លារសហរដ្ឋអាមេរិក ដាក់ធានាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំសិទ្ធិនៅក្រៅឃុំសាជាថ្មីម្តងទៀត។ យោងតាមមេធាវីរបស់អ្នកទាំងពីរ ដែលថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ដោយសារតែស្ថានភាពជំងឺរបស់លោក ថោង ចំរើន ជាឪពុករបស់ឧកញ៉ា ថោង សារ៉ាត់ កាន់តែធ្ងន់ធ្ងរ ពួកគេគ្រោងនឹងយកបុរី៩៩៩ ដែលមានតម្លៃជិត១កោដដុល្លារ ដើម្បីធានាសុំនៅក្រៅឃុំ។ បើតាមមេធាវីរូបនោះ ការដាក់ពាក្យធានាសុំនៅក្រៅឃុំម្តងទៀតនេះ ក៏នឹងមានភ្ជាប់នូវឯកសារស្ថានភាពជំងឺ និងលិខិតបញ្ជាក់ពីការសម្រាកព្យាបាលនៅក្នុងប្រទេសផងដែរ។ សូមបញ្ជាក់ថា លោក ថោង ចំរើន និងអ្នកស្រី កែវ សារី ឪពុកម្តាយរបស់ឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងរត់គេចខ្លួនក្នុងសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ និងរក្សាទុកអាវុធដោយខុសច្បាប់ ហើយត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ធ្វើការដោះលែងឲ្យនៅក្រៅឃុំម្តងរួចមកហើយកាលពីថ្ងៃទី៧ ខែកុម្ភៈ ប៉ុន្តែត្រូវបានចាប់ត្រឡប់មកវិញ ក្រោយពីពួកគេព្យាយាមធ្វើដំណើរទាំងយប់ទៅកាន់ប្រទេសវៀតណាម៕
ប្រភព៖ ANN
from Khmernote - The best entertainment website in Cambodia http://ift.tt/1zRLclm