ព្រូរថយន្តយីឌុបបើកជុំនួសតៃកុងថយក្រោយ បុកនឹងសសរភ្លើងអគ្គិសនី សង្កត់ឡានកាម៉ារីកំពិតខ្ទេច១គ្រឿង
ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចណ៍មួយបង្កឡើងដោយរថយន្តយីឌុប១គ្រឿងផ្ទុកទំនិញគ្រឿងបន្លាស់ គោយន្ត ដោយសារតែតៃកុងជំនាញរវល់ បានអោយព្រូឡើងបើកថយក្រោយដាក់ឥវ៉ាន់ ចូលផ្ទះស្រាប់ តែទៅបុក និងសរសភ្លើងធំរបស់រដ្ឋបាក់សង្កត់រថយន្តកាមរី មួយគ្រឿងចតនៅក្បែរនោះ កំពិតខ្ទេចនិងដាច់ចរន្តអគ្គីសនីជាមួយម៉ោងក្នុងខេត្ត។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នៅ ចំណុចខាងជើងជាងគំនូរទន្សាយមាសប្រហែល១០ម៉ែត្រ តាមដងផ្លូវជាតិលេខ ៥៦ ស្ថិត នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកស៊ីវ សុជាតិ អធិការនគបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ម្ចាស់រថយន្តយីឌុបនោះបើកបរ ដោយ ឈ្មោះហេង ហ៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ រថយន្តម៉ាកហីុយ៉ាន់ដាយប្រភេទយីុឌុបពាក់ស្លាកលេខ បន្ទាយមានជ័យ ៣A-០៤៦៧ ដឹកទំនិញពេញម៉ាកកូបូតារបស់ម្ចាស់ឈ្មោះឈិន នៅភូមិ ឃុំកើតហេតុខាងលើនេះ។
លោកបន្តថា មុនពេលកើកហេតុ តៃកុងធ្លាប់បើករថយន្តនោះ ដោយខ្លួនរវល់ជាប់ទៅបើក រថយន្តមួយ ទៀតក៏ឲ្យព្រូទៅបើកជំនួស បែរជាថយក្រោយបុកបង្គោលភ្លើងសង្កត់រថយន្តមួយគ្រឿងទៀត។ លោក បានបញ្ជាក់ទៀតថាដោយសារតែព្រូនោះចេះបើករថយន្តមិនស្ទាត់ជំនាញ ក៏ឡើងបើកថយក្រោយដាក់ឥវ៉ាន់ចូលផ្ទះក៏ទៅបុកនឹងសរសភ្លើងធំរបស់រដ្ឋមួយដើមបាក់ស្ទើររាបដល់ដីហើយសង្កត់លើរថយន្តមួយគ្រឿងទៀត កំពិតខ្ទេចមានម៉ាកកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ២C-២២៤១។
លោកបានបន្ថែមទៀតថា ក្រោយពេលកើតហេតុរួចគេឃើញមន្ត្រីអគ្គីសនីមួយក្រុម និងសមិត្ថកិច្ចចុះមក ធ្វើអន្តរាគមន៍ហើយក៏បានយករថយន្តស្ទូចរបស់ក្រុមហ៊ុនអគ្គីសនីមកស្ទូចសរសភ្លើងបាក់ផ្លាស់ដាក់សរសរភ្លើងថ្មីជំនួសវិញដើម្បីភ្លើងឲ្យដំណើរការអគ្គិសនីឡើងវិញ សំរាប់ពលរដ្ឋប្រើប្រាស់ដូចដើម។ ក្រោយ មកសមត្ថកិច្ច ជំនាញបានយករថយន្តបង្កនិងរថយន្តរងគ្រោះបាន អូសយកទៅទុកនៅអធិការក្រុងសិរី សោភ័ណដើម្បីដោះស្រាយតាមច្បាប់នាពេលក្រោយ៕ ដោយ យីហាំង
http://ift.tt/19zVAs1