យុវជនម្នាក់ ដាច់ឆ្អឹងកដៃស្តាំ ខណៈក្មេងទំនើង១ក្រុម ជិះម៉ូតូតាមកាប់
កំពង់ឆ្នាំងៈ យុវជនម្នាក់ ក្នុងចំណោមមិត្តភ័ក្រ៣នាក់ បានរងរបួសដាច់ឆ្អឹងកដៃស្តាំ១កំណាត់ ដោយសារក្មេងទំនើងមួយក្រុមជិះម៉ូតូ៨គ្រឿង តាមដេញកាប់តាំងពីផ្សារក្រោម រហូតដល់ភូមិត្រពាំងបី ព្រោះតែទំនាស់គ្នា ក្រោយពេលរាំវង់ធុងបាស់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកណ្ដាល។
នគរបាលក្រុងកំពង់ឆ្នាំង បាននិយាយឲ្យដឹងថា យុវជនរងគ្រោះដាច់កដៃមួយកំណាត់ខាងស្តាំនោះ មានឈ្មោះ ហួន បញ្ញា អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។ មុនពេលកើតហេតុ យុវជនរងគ្រោះ និងមិត្តភ័ក្ត្របាននាំគ្នាទៅលេងរាំវង់ធុងបាស់ក្នុងបុណ្យកម្សាន្តភូមិផ្សារឆ្នាំង នៅមាត់ទន្លេផ្សារក្រោម ស្ថិតក្នុងភូមិផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្រោយពីកម្មវិធីរាំវង់ក្នុងបុណ្យបញ្ចប់ ជនរងគ្រោះ និងមិត្តភ័ក្របានប៉ះសម្ដីគ្នាជាមួយក្មេងទំនើងមួយក្រុមទៀត ហើយក៏មានការវាយតប់គ្នា បន្ទាប់មកជនរងគ្រោះ និងមិត្តភ័ក្ត្រ២នាក់ទៀត ក៏បានឡើងជិះម៉ូតូ១គ្រឿង គេចខ្លួនពីក្រុមក្មេងទំនើងដែលមានគ្នាច្រើន។ ខណៈនោះដែរ ក្រុមក្មេងទំនើងមានគ្នាជាង១០នាក់ បានជិះម៉ូតូចំនួន៨គ្រឿង កាន់ដាវដេញកាប់ជនរងគ្រោះពេលជិះម៉ូតូមកដល់ភូមិត្រពាំងបី ជិតផ្ទះខ្លួនហើយយុវជនរងគ្រោះបានលោតចុះពីម៉ូតូមិត្តភ័ក្ត្ររត់គេចលាក់ខ្លួនក្នុងភូមិ ប៉ុន្តែក្រុមក្មេងទំនើងដែលមានគ្នាច្រើនបាននាំគ្នាបើកម៉ូតូក្រឡុកពេញភូមិរកជនរងគ្រោះឃើញជនរងគ្រោះៗ ក៏បានស្រែកហៅអ្នកស្រុកឲ្យជួយ ប៉ុន្តែគ្មានអ្នកណាហ៊ានចេញជួយឡើយ ហើយនៅពេលជនរងគ្រោះរត់ឡើងលើខឿនជណ្តើរថ្មរបស់អ្នកភូមិឲ្យគេជួយពេលនោះជនដៃដល់ម្នាក់ ក្នុងក្រុមក្មេងទំនើង ក៏បានយកដាវតាមកាប់ដាច់ឆ្អឹងកដៃខាងស្តាំជនរងគ្រោះមួយកំណាត់ ហើយបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
ក្រោយពេលកើតហេតុ ពេលដឹងថា ពួកក្មេងទំនើងដ៏សាហាវចេញពីភូមិអស់ទៅ ទើបមិត្តភ័ក្ត្រនៅក្នុងភូមិ បានចេញមកដឹកបញ្ជូនយុវជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឲ្យក្រុមគ្រូពេទ្យខេត្តជួយសង្គ្រោះព្យាបាល។
នគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមក្មេងទំនើងជាក្រុមបង្កគ្រោះថ្នាក់ សមត្ថកិច្ចបានកំណត់មុខសញ្ញាបានមួយចំនួនហើយ និងកំពុងធ្វើការស្រាវជ្រាវតាមប្រម៉ាញចាប់ខ្លួនជនដៃដល់ និងបក្ខពួកយកមកផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់មិនឲ្យពួកគេរួចខ្លួនបានឡើយ៕ សេដ្ឋការ
from Khmernote - The best entertainment website in Cambodia http://ift.tt/1xOcj71