ក្មេងស្រីក្រមុំអាយុ១៧ឆ្នាំម្នាក់លង់ទឹកបឹងយក្ខឡោមស្លាប់ដ៏អាសូរ អ្នកស្រុកថាជើងកបទាញ
ខេត្តរតនគិរី៖ ក្មេងស្រីក្រមុំអាយុ១៧ឆ្នាំ ម្នាក់បានលង់ទឹកបឹងយក្ខឡោមស្លាប់យ៉ាងអាណោចអាធ័ម ខណៈពីរូបនាង ប្អូនស្រី និងគ្រួសារសាច់ញាតិបានមកកម្សាន្តរមណីយដ្ឋានបឹងយក្ខឡោមដើម្បីងូតទឹកលេង។ ករណីលង់ទឹកនេះបានកើតឡើងកាលពីវេលាម៉ោងរសៀលម៉ោង១និង៥០នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ នៅក្នុងបឹងយក្ខឡោមស្ថិតនៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ក្មេងរងគ្រោះត្រូវបានលិចចុះទៅក្នុងទឹកបឹងចាប់តាំងពីម៉ោង១ និង៥០នាទី រហូតដល់ម៉ោង៥និង៣០នាទីនាថ្ងៃដដែលនេះ។
មុនពេលកើតហេតុក្មេងស្រីរងគ្រោះនិងប្អូនម្នាក់រួមទាំង យាយ អ៊ុំប្រុស និងពូ បានធ្វើដំណើរ ពីខេត្តព្រៃវែង ទៅកម្សាន្ដ នៅខេត្តមណ្ឌលគិរី ហើយបានឈៀងមកលេងកម្សាន្តនៅរមណីយដ្ឋាន បឹងយក្ខឡោម ក្នុងខេត្ដរតនគិរីមុនវិលត្រឡប់ទៅស្រុកវិញ។ ក្រោយពេលហូបអាហាររួច នាងនិងប្អូនស្រីបានចុះងូតទឹកបឹងយក្សឡោមដូចគេដូចឯង ខណៈកំពុងងូតសប្បាយស្រាប់តែធ្លាក់ទៅក្នុងអន្លង់ជ្រៅផុតជើង លិចខ្លួនបាត់មួយរំពេច។ ចំណែកប្អូនស្រីម្នាក់ទៀតបានជនជាតិបរទេសកញ្ឆក់ទាញយកនាងទាន់កុំអីលិចទឹកបាត់មួយគូទៅហើយ។ ក្រោយកើតហេតុសមត្ថកិច្ច និងប្រជាពលរដ្ឋ នៅទីនោះបានព្យាយាម រកក្មេងស្រីរងគ្រោះ ដោយមានរៀបចំពិធីបន់ស្រន់ដល់អ្នកតាម្ចាស់បឹង សុំឲ្យរកឃើញ សាកសពក្មេងស្រី នោះ ហើយរហូតដល់ ល្ងាចថ្ងៃដដែល ម៉ោង៥និង៣០នាទីនាថ្ងៃ ដដែលនេះ ទើបរកឃើញសពនាង។ អ្នកស្រុកបានបញ្ជាក់ថាជារៀងរាល់ឆ្នាំទឹកបឹងយក្ខឡោមនេះយ៉ាងហោចណាស់ក៏បានឆក់យកជីវិតមនុស្ស២នាក់ដែរ ដែលវាបានក្លាយទៅជាជើងកបទៅហើយគួរមានការប្រុងប្រយ័ត្ន។
តាមប្រភពពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ វឿន សុភា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រៃព្នៅ ឃុំពារាំងស្រុកពារាំង ខេត្តព្រៃវែង ជាសិស្សសាលាវិទ្យាល័យរៀនថ្នាក់ទី១១ នៅខេត្តព្រៃវែង។ ក្រោយពីហេតុការណ៍ភ្ញាក់ផ្អើលពេញទីរួមខេត្តនេះ សមត្ថកិច្ចនគរបាលជំនាញមូលដ្ឋាននិងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ដែលដឹកនាំដោយ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងបានចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច្ច័យទៅលើ សាកសពជនរងគ្រោះពិតជាលង់ទឹកប្រាកដមែន មិនមែនជាករណីឃាតកម្មនោះទេ។ ហើយសាកសពបានប្រគល់ទៅអោយក្រុមគ្រួសាដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកំណើត៕ ដោយ លី វណ្ណៈ
http://ift.tt/1N78UGX