បុរសចំណាស់ម្នាក់កំពុងជិះម៉ូតូ ត្រូវឡានបញ្ច្រាសទិសបុកចំប៉ើងចេញពីម៉ូតូ ដាច់ជើងឆ្វេងត្រឹមជង្គង់ ខ្ទាតចេញ ប្រមាណ៥ម៉ែត្រ ឈាមហូរជោគថ្នល់សន្លប់ស្តូកស្តឹង
ខេត្តកណ្តាល៖ បុរសចំណាស់ម្នាក់កំពុងជិះម៉ូតូ HONDA DREAM 125 តាមបណ្តោយផ្លូវជាតិលេខ២ ស្រាប់តែរថយន្តម៉ាក TOYOTA PRIUS បើកបញ្រ្ចាសទិសបុកចំពីមុខបណ្តាលឲ្យបុរសប៉ើងចេញពីម៉ូតូ ព្រមទាំងដាច់ជើងឆ្វេងត្រឹមជង្គង់ ខ្ទាតចេញ ពីខ្លួនប្រមាណ៥ម៉ែត្រ ដោយសន្លប់ស្តូកស្តឹងឈាមហូរជោគថ្នល់។ ហេតុការណគ្រោះថ្នាក់ចរាចរណ៍ដ៏ញាក់សាច់នេះបាន កើត ឡើងកាលពីវេលាម៉ោង២១ និង១៥នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ នៅចំណុចមុខហាងលក់ឆាក្តៅយីហោ ហេង ស្រី ផ្លូវជាតិលេខ2 ភូមិបត្តាជី1 សង្កាត់ព្រែកហូរ (ព្រំប្រទល់ខណ្ឌដង្កោ និងក្រុងតាខ្មៅ) ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ិន វុទ្ធី ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិព្រែករទាំង ឃុំព្រែកកំពិស ខណ្ឌដង្កោ បើកបរម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1H-1236 បើកពីកើតទៅលិច (ពាក់មួកសុវត្ថិភាពនិងមានកញ្ចក់) លុះដល់ចំណុចកើតហេតខាងលើ ត្រូវរថយន្តបុកដាច់ជើងឆ្វេងត្រឹមជង្គង់ និបែកមុខរងរបួសធ្ងន់ ហើយសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលគ្លីនិកចក្រអង្រែ។ ចំណែករថយន្តបង្កម៉ាកTOYOTA PRIUS ពណ៌ក្រហម ផ្លាកលេខភ្នំពេញ 2Z-9616 អ្នកបើកបរឈ្មោះ ហ៊ុន ឈុនហៀក ភេទប្រុស អាយុ៣០ឆ្នាំ ផ្ទះជួលភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បើកពីលិចមកកើត បញ្ច្រាសទិសម៉ូតូ។ តៃកុងរថយន្តត្រូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុប៉ូលិសចរាចរណ៍បានវាស់វែង ធ្វើកំណត់ហេតុ ដោយនាំយករថយន្តដែលខូចខាតបន្តិចបន្ទួច និងម៉ូតូដែលខូចខាតយ៉ាងដំណំនោះទៅរក្សាទុកនៅអធិការរដ្ឋានក្រុងតាខ្មៅ ដើម្បីរងចាំដោះស្រាយតាមច្បាប់៕
http://ift.tt/1IcESeo