អាជ្ញាធរក្រុងកំពង់ឆ្នាំង រៀបចំសណ្តាប់ធ្នាប់
ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមផែនការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត និងដោយការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត នៅព្រឹកថៃ្ងទី២៤ ខែមេសា ឆ្នាំ២០១៥ លោកនាយការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ អាជីវករតាំងទំនិញ និងរោងឈើលក់រំលោភលើចិញ្ចើមផ្លូវ អោយមាន សណ្តាប់ធ្នាប់ឡើងវិញ ចាប់ពីមុខវត្តយាយទេពដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំង និងតាមបណ្តាដងផ្លូវនានាក្នុងក្រុងមួយចំនួនទៀត។
លោកមាសម៉េងហ៊ួតនាយការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ តាមផែនការណ៍កត្តា សំខាន់ ក្នុងការចុះត្រួតពិនិត្យនេះ គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ការកកស្ទះចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់លក់ដូរអោយបាន ល្អ មានរបៀបរៀបរយជូនប្រជាពលរដ្ឋ ដើម្បីរក្សាសោភណ្ឌ័ភាពទីក្រុងស្អាត។
លោកមាសម៉េងហ៊ួត បានបញ្ជាក់អោយដឹងទៀតថា៖ សកម្មភាពនៃការចុះត្រួតពិនិត្យធ្វើការណែនាំ និងបញ្ចៀសការកកស្ទះទទួលបានលទ្ធផលល្អគឺអាជីវករក្រោយពីកំលាំងសមត្ថកិច្ចធ្វើការណែនាំអប់រំពួកគាត់បានរៀបចំទំនិញ និងរោងលក់ឈើដែលលក់រំលោភលើដងផ្លូវចូលទៅលំនៅដ្ឋានគាត់វិញ។ ចំណែកការចតយានយន្តគ្រប់ប្រភេទក្រោយពីមានការណែនាំពីសមត្ថកិច្ចពួកគាត់បានចតមានសណ្តាប់ធ្នាប់ មិនរំខានដល់អ្នកធ្វើចរាចរណ៍ផ្សេងៗទៀតដែលកំពុងធ្វើចរាចរណ៍នោះឡើយ។
ក្រោយពីការចុះណែនាំអប់រំ ត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់របស់កំលាំងនៃការិយាល័យសណ្តាប់ធ្នាប់ខេត្តកំពង់ឆ្នាំងរួចមកប្រជាពលរដ្ឋ និងអាជីវករបានទទួលយក និងចូលរួមធ្វើអោយស្ថានភាពផ្លូវនៅផ្សារក្រោមធ្វើចរាចរណ៍បានប្រសើរជាងមុន ចំណែកការលក់ដូរមានសណ្តាប់ធ្នាប់ គឺមិនរំលោភលើចិញ្ចើមផ្លូវសាធារណៈដូចមុនឡើយ។
សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់កុំអោយតាំងទំនិញ និងឈើលក់រំលោភលើចិញ្ចើមផ្លូវបន្តទៀត និងត្រូវ ចតយានយន្តអោយមានសណ្តាប់ធ្នាក់កុំអោយប៉ះពាល់ដល់ផ្លូវធ្វើចរាចរណ៍សាធារណៈទើបធ្វើអោយខេត្តរបស់យើងមានសណ្តាប់ធ្នាប់សោភ័ណ្ឌភាពល្អ និងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតមានរាល់ថ្ងៃគួរអោយព្រួយបារម្ភ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1IdnLv9