កម្លាំងនគរបាល ខណ្ឌទួលគោក បង្ក្រាប និងចាប់ខ្លួនចោរលួច និងប្លន់យ៉ាងសកម្ម២នាក់
ភ្នំពេញ ៖ មុខសញ្ញាលួច និងប្លន់យ៉ាងសកម្ម ដែលធ្លាប់ធ្វើសកម្មភាព នៅក្នុងទឹកដី ខណ្ឌ សែនសុខ និងខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក បង្ក្រាប និង ចាប់ខ្លួនបាន ព្រមទាំង ដកហូត វត្ថុតាងជាច្រើនផងដែរ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌទួលគោក បានបញ្ជាក់ថា ប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួន ជនសង្ស័យទាំង២នាក់ បានធ្វើឡើង ជាបន្តបន្ទាប់ តាំងពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី២២ ខែមេសា ។
មន្រ្តីនគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ កម្លាំងនគរបាល ប៉ុស្តិ៍ទឹកល្អក់១ បានឃាត់ខ្លួនមុខសញ្ញាម្នាក់ ពីបទ លួចម៉ូតូ និងប្រើស្លាកលេខក្លែងក្លាយ។
ក្រោយធ្វើការសាកសួរ តាមជំនាញ ទើបដឹងថា មុខសញ្ញានេះ ជាក្រុមប្លន់នៅ ខណ្ឌសែនសុខ កន្លងមក ។ លុះដល់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ កម្លាំងនគរបាល ក៏បានឃាត់មុខសញ្ញាម្នាក់ទៀត និងដកហូតម៉ូតូ១គ្រឿង ព្រមទាំងធ្វើការ ឆែកឆេរផ្ទះជួល ដកហូតវត្ថុតាងរួមមាន ៖ ទី១-ម៉ូតូ២គ្រឿង (ម៉ាកហុងដា MSX ពណ៌សលាយស្លាទុំ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ ដោយអំពើប្លន់ នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥) និងម៉ូតូ ម៉ាក សេ125ពណ៌ខ្មៅ ពាក់ស្លាកលេខ ន.ប1-1350 (ក្លែងក្លាយ) ជាម៉ូតូជិះធ្វើសកម្មភាព ទី២-អាវុធខ្លីម៉ាក Hartford ប្រើហ្កាស លេខ871071 មួយដើម ទី៣-ស្លាកលេខ ម៉ូតូចំនួន៣បន្ទះ លេខភ្នំពេញ 1AG-3086 ភ្នំពេញ1BO-3793 ភ្នំពេញ1AT-2264 និងទី៤ ដែក សំរាប់កាច់កម៉ូតូចំនួន៤ ម៉ូទ័រកាត់ចំនួន១ ម៉ូទ័រឆាបចំនួន១ កាំបិតឆ្នៃចំនួន២, ចង្កើម៉ូតូចំនួន១, កញ្ចក់ម៉ូតូ៣គូរ, សីមាំងម៉ូតូ១ និងកូនសោរសំរាប់ ដោះម៉ូតូមួយចំនួន។
មន្រ្តីនគរបាលដដែល បានបន្តទៀតថា ជនសង្ស័យទី១ឈ្មោះ ជា សម្បត្តិ ហៅកៃ អាយុ ២៥ឆ្នាំ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងទី២ ឈ្មោះ ហ៊ាង សារ៉ាត់ ហៅរ៉ាត់ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
បើតាមមន្រ្តីនគរបាល ក្រោយមានសកម្មភាព ប្លន់ប្រដាប់អាវុធ កើតឡើងរួចមក ស្នង ការនគរបាល រាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ និងនគរបាលតាមខណ្ឌ ចុះធ្វើការស្រាវជ្រាវ ដើម្បីតាមបង្ក្រាបឲ្យទាល់តែបាន ។
ក្រោយទទួលបាន បទបញ្ជាពីថ្នាក់លើរួចមក កម្លាំងនគរបាល ខណ្ឌទួលគោក ទាំងថ្នាក់អធិការខណ្ឌ និង នគរបាលប៉ុស្តិ៍ ដឹកនាំដោយលោកអធិការ បានចុះធ្វើការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន ។
បច្ចុប្បន្នមុខសញ្ញាសង្ស័យ និងសម្ភារកំពុងរៀបចំ សំណុំរឿង បញ្ជូនទៅតុលាការ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1QlNPrl