នាយនគរបាល ឈឹន ថេង អនុប្រធានការិយាល័យចរាចរណ៍ជើងគោកខេត្ត រកស៊ីឈើដុះស្លែ ត្រូវ ត្រូវបានកម្លាំងចម្រុះចុះបង្ក្រាបដល់ផ្ទះ ចាប់បានតែឈើ
ខេត្តរតនគិរី៖ ទីតាំងស្តុកឈើមួយកន្លែងដែលគេដឹងថា ជារបស់មេឈ្មួញដុះស្លែប្រចាំក្រុងបានលុង ឈ្មោះ ឈឹន ថេង ហៅហ៊ើយ ដែលមានតួនាទីជានាយនគរបាល មានឋានៈជាអនុប្រធានការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានយកអំណាចតួនាទីទៅប្រព្រឹត្តបទលើ្មសព្រៃឈើបំពានច្បាប់យ៉ាងគឃ្លើន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ននគរបាលជាតិ កន្លងទៅបើទោះជាលោកស្នងការនគរបាលខេត្តពុំមានប្រតិកម្មបញ្ហានេះក៏ដោយ តែពលរដ្ឋក្នុងក្រុងបានលុងតែងតែខ្សឹបខ្សៀវរិះគន់ពីមាត់មួយទៅមាត់មួយថា ឈ្មោះ ឈឹន ថេង ហៅហ៊ើយ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន រកស៊ីឈើមិនស្របច្បាប់ ដែលទាមទារឲ្យថ្នាក់លើធ្វើកំណែទម្រង់គាត់ជាបន្ទាន់។
ស្ថិតក្រោមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត លោក ថង សាវុន បានជម្រុញឲ្យជំនាញរដ្ឋបាលព្រៃឈើរឹតបន្តឹងសកម្មភាពជួញដូរឈើខុសច្បាប់។ ហើយនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ កម្លាំងជំនាញរដ្ឋបាលព្រៃឈើបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បាន ចុះបង្ក្រាបទីតាំងស្តុកឈើដ៏សកម្មមួយកន្លែងនៅកណ្តាលក្រុងបានលុង ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។ បើទោះជាកម្លាំងចម្រុះមិនបង្ហើបឲ្យដឹងថាម្ចាស់ជានរណា តែពលរដ្ឋនៅក្បែរកន្លែងបង្ក្រាបនោះថាជារបស់ ឈ្មោះ ឈឹន ថេង ហៅហ៊ើយ ដែលមានតួនាទីជានាយនគរបាល មានឋានៈជាអនុប្រធានការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។
លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានថ្លែងថា ការចុះបង្ក្រាប ទីតាំងស្តុកឈើខាងលើនេះ ដកហូតឈើប្រណីតប្រភេទធ្នង់ដែលគេលាក់ទុកខុសច្បាប់នេះ បានដោយជោគជ័យយ៉ាងនេះ។ បច្ចុប្បន្នឈើដែលស្តុកទុកខុសច្បាប់នោះមន្ត្រីជំនាញក៏បានដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ ចំណែកម្ចាស់ឈើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើហាក់ដូចជារកមិនឃើញមិនស្គាល់ឈ្មោះ ចាប់បានឈើនៅក្នុងផ្ទះ ទំនងមិនដឹងជាផ្ទះរបស់អ្នកណា?ម្ចាស់ឈ្មោះអី? អាជ្ញាធរមូលដ្ឋានក៏មិនស្គាល់? តែទោះយ៉ាងណាពលរដ្ឋក្នុងមូលដ្ឋាននោះកំពុងតែសើច នីតិវិធីរបស់លោកមេព្រៃដែលកំពុងតែង ស្រាវជ្រាវរកមុខម្ចាស់ឈើនេះយកមកធ្វើកិច្ចសន្យាទៅតាមច្បាប់រដ្ឋបាលព្រៃឈើ។
តែទោះជាយ៉ាងណាមួយរយខ្លីនេះពលរដ្ឋបានឃើញ សមត្ថកិច្ចចម្រុះហាក់ចម្លែកចុះបង្ក្រាបទីតាំងស្តុកឈើទំនងជាញាប់គួរសម។ ពលរដ្ឋបានសំណូមពរថា សមត្ថកិច្ចចម្រុះជាពិសេសជំនាញរដ្ឋបាលព្រៃឈើ គួរតម្រង់ទិសបង្ក្រាប បណ្តាសិប្បកម្មកែឆ្នៃឈើគ្មានច្បាប់ទម្លាប់ ដ៏ច្រើនកន្លែង នៅក្នុងក្រុងបានលុងដែលកំពុងធ្វើសកម្មភាពល្មើសច្បាប់យ៉ាងអនាធិបតេយ្យេពេញបន្ទុកមានសភាពដុះស្លែយ៉ាងក្រាសឃ្មឹងដែលពលរដ្ឋអ្នកក្រុងបានលុងមួយណាក៏ដឹកកន្លែងដែរ សូមជំនាញរដ្ឋបាលព្រៃឈើខេត្តសហការជាមួយស្ថាប័នចម្រុះខាងលើចាត់ការផងទាន!៕ ដោយ យក្សតូច
http://ift.tt/1LkFzn8