ប្រុសព្រានទូរស័ព្ទច្រឡំលេខ បានលួងលោមសុំស្រឡាញ់ធ្វើឲ្យនារីវ័យក្មេងម្នាក់លង់ស្នេហ៍ ហើយបានបញ្ឆោទនាងយកលុយអស់៨លានរៀល តែក្មួយស្រីនាងចេញមកប្រើល្បិចសមត្ថកិច្ចឈានដល់ចាប់ខ្លួនប្រុសកំហូច
ខេត្តកំពង់ឆ្នាំង៖ ស្គាល់គ្នាតាមទូរស័ព្ទក្តៅៗ យុវជនម្នាក់បានទូរស័ព្ទច្រឡំលេខ ជាមួយនារីវ័យក្មេង ហើយបានផ្តោះផ្តងសុំស្នេហាពោរពេញដោយពាក្យផ្អែមល្ហែម ធ្វើឲ្យភាគីស្រីស្រស់លង់ស្នេហ៍គេងញញឹមម្នាក់ឯងទាំងក្តីសង្ឃឹមថា បានជួបសុភាពបុរសដែលទេវតាទើបប្រទានឲ្យ។ នៅក្នុងរយៈពេលទំនាក់ទំនងស្នេហានោះ ប្រុសស្នេហ៍បានប្រើល្បិចដោយថាខ្លួនគេជាថៅកែចំការដំឡូងនៅប៉ៃលិនប្រាប់នាងថាខ្វះលុយកាក់បន្តិបន្ទួចទិញជីដាក់ដំឡូង បញ្ឆោទនាងឲ្យផ្ញើប្រាក់ឲ្យខ្លួនតាមវីងជាច្រើនដងរហូតដល់ចំនួន៨លានរៀល លុះខ្ចីជាចុងក្រោយនាងគ្មានលុយឲ្យ គេធ្វើជាខឹងបិទទូរស័ព្ទគេចវេសពីនាងតែម្តង។ តែក្រោយមក គ្រួសារនាង និងក្មួយស្រីនាងរួមដៃគ្នាប្រើល្បិចទល់នឹងល្បិចវិញ ហើយទីបញ្ចប់ព្រានកំហូច ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥។ ករណីឆបោកនេះបានកើតឡើងនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីខែមេសា ឆ្នាំ២០១៥។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានអោយដឹងថា៖ ជនឆបោក ខាង លើមានឈ្មោះ អឿ សំណាង ហៅស្នា អាយុ២០ឆ្នាំ ឈ្មោះនេះបានអះអាងថា៖ រូបគេមានទីលំនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៌ តែសមត្ថកិច្ចថាមានទីលំនៅមិនប្រាកដ និងជាជនឆបោក។ កាលពីអំឡុងខែ មិនា និងខែមេសា ឆ្នាំ២០១៥ ឈ្មោះអឿ សំណាង ហៅស្នា នេះបានទូរស័ព្ទច្រឡំលេខ មកនារីរងគ្រោះ អាយុ២៦ ឆ្នាំ ជាអាជីវករ ទិញលក់ជ្រូក មានទីលំនៅ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ក្រោយមកពួកគេបានស្គាល់គ្នា ហើយ ក៏ឈានដល់ប្រុសព្រាននោះបានលួងលោមសុំស្នេហ៍ពីនាង ធ្វើអោយនារីរងគ្រោះលង់ស្នេហ៍ ឈានដល់ការ ជឿទុកចិត្ត សុខចិត្តផ្តល់ប្រាក់ចំនួន៨លើកផ្ញើឲ្យព្រានកំហូចតាមរយៈ វីង អស់ចំនួន៨លានរៀល ព្រោះតែសំណប់ចិត្តខាងលើបានបានអះអាងថា ខ្លួនគេជាថៅកែម្ចាស់ចំការដាំឡូងមីនៅខេត្តប៉ៃលិន ហើយខាងមុខនេះពេលប្រមូលផលបានគឺជាង៣ម៉ឺនដុល្លា តែពេលនេះខ្វះលុយទិញជីដាក់ចំការ ។
សមត្ថកិច្ចបានអោយដឹហទៀតថា៖ ក្រោយពីបានផ្តល់ប្រាក់អោយជនសង្ស័យ ខាងលើជាបន្តបន្ទាប់រួច រួច ហើយចុងក្រោយ យុវជនខាងលើបានប្រាប់ថា៖ នៅខ្វះប្រាក់១៦០ម៉ឺនរៀលទៀតអោយនារីរងគ្រោះផ្ញើ តាមវីង អោយទៀត តែនាងប្រាប់ថា អត់ប្រាក់ទេ ស្រាប់តែជនសង្ស័យខាងលើ បិទទូរស័ព្ទមិនព្រមទទួលទូរស័ព្ទ នារីរងគ្រោះ ជាច្រើនលើក ទើបនារីរងគ្រោះដឹងថា ចាញ់បោកប្រុសព្រានប្រលោមស្នេហ៍បោកយកលុយ ខាងលើនេះ ហើយបានយកដំណឹងនេះទៅប្រាក់ឪពុកមារ អោយជួយរកវិធីយកប្រាក់នេះត្រឡប់មកវិញ ។
ក្រោយមកឪពុកមារ បានប្រើឧបាយកល អោយក្មួយស្រីម្នាក់ទៀត ធ្វើជាទូរស័ព្ទច្រឡំលេខ ទៅយុវជនខាង លើនេះម្តងវិញ ហើយបាននិយាយថា៖ រូបនាងនៅខេត្តកំពង់ឆ្នាំង ទើបលក់ម៉ូតូថ្មី សរុបប្រាក់មានជាង៣ពាន់ ដុល្លារ ចង់ទៅរស់នៅខេត្តប៉ៃលិន ប្រាក់ប៉ុណ្ណឹងអាចអោយពួកយើងរស់នៅជាមួយគ្នាសាងគ្រួសារមួយបាន ។ ពេលនោះយុវជន រូបនេះដែលធ្លាប់តែបោកគេបាន ស្មានថា បានចំណេញទៀតហើយ បានប្រញាប់ឡើងរថយន្តមកជួបគូរស្នេហ៍ថ្មី «ដូចពាក្យគេថា៖ អាក្រៀមមិនទាន់អស់ផង អាស្រស់មកដល់ទៀត ឬស្វែងរកអុស ប្រទះធុងហ្គាស» នឹកថាបានទាំងប្រាក់បានទាំងខ្លួនពិតជាភ័ព្វសំណាង ហើយអ៊ុនអីក៏ឡើងម្ល៉េះក្នុងខែនេះ តែមិនស្មានថាជាអន្ទាក់ម្ចាស់ប្រាក់ដែលកំពុងឈឺចាប់ ហើយរៀបចំជាស្រេច មានកម្លាំងសមត្ថកិច្ចនគរបាលរង់ចាំស្វាគមន៍ជនកំហូចនាំមកស្នងការដ្ឋាននគរបាលដើម្បីធ្វើកំណត់ហេតុសួរចម្លើយចាត់ការកុំឲ្យព្រហើនដើរបោកគេយ៉ាងដូច្នេះទៀត ។
នៅចំពោះមុខសមត្ថកិច្ច នគរបាលខេត្ត ជនសង្ស័យខាងលើបានសារភាពថា៖ រូបគេពិតជាមានទំនាក់នងស្នេហាជាមួយនារីរងគ្រោះមែន និងបានអោយនាងវេរ ប្រាក់តាមវីងអោយច្រើនលើកចំនួន៨លានរៀល ពេលទទួលប្រាក់ពីវីងមួយលើកៗរូបគេបានយកប្រាក់ចាយវាយផឹកស៊ីជាមួយមិត្តអស់ហើយ ។ ជនឆបោករូបនេះត្រូវបានសមត្ថកិច្ចនគរបាលព្រទ័ណ្ឌកម្រិតធ្ងន់ខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៥ ដើម្បីផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1GCtVop