ពៅ បញ្ញាពេជ្រ ធ្វើខួបកំណើត បួងសួងសុំឲ្យខ្លួននាង ឆាប់ៗដើរបាន ខណៈពិការដោយសារឃាតកបាញ់ប្រហារនៅកណ្តាលក្រុងភ្នំពេញ
ភ្នំពេញ៖ ពៅ បញ្ញាពេជ្រ អតីតតារាចម្រៀង បច្ចុប្បន្ននេះនាងស្ថិតក្នុងភាពពិការ ដោយសារឃាតកបាញ់ប្រហារនាងប៉ុនប៉ងសម្លាប់ កាលពីអំឡុងឆ្នាំ២០០៧ នៅកណ្តាលក្រុងភ្នំពេញ។ ទោះជារួចផុតពីសេចក្តីស្លាប់សព្វថ្ងៃនាងធ្លាក់ខ្លួនពិការមិនអាចដើររួចទេ ។ បញ្ញាពេជ្រ បានរសាត់ពីជីវិតដ៏រួសរវើកក្នុងវិស័យសិល្បៈ។ តាមរយៈការធ្វើពិធីខួបកំណើតកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ពៅ បញ្ញាពេជ្រ ឆ្នាំនេះនាងមានអាយុ ៣១ឆ្នាំ ។ នៅក្នុងពិធីខួបកំណើតរីករាយក្នុងគ្រួសារនៅទីក្រុងភ្នំពេញនេះ នាងប្រាថ្នាបួងសួងឲ្យដើរបានឆាប់ៗ។
សូមរំលឹកថាមកទល់ពេលនេះជាង៨ឆ្នាំ ហើយដែលអ្នកចម្រៀង ពៅ បញ្ញាពេជ្រ បានទទួលរងនូវការបាញ់ប្រហារ ពីសំណាក់ខ្មាន់កាំភ្លើងមិនស្គាល់មុខធ្វើឲ្យនាងធ្លាក់ខ្លួនពិការមិនអាចដើរបាន រហូតមកទល់ពេលនេះ។ នាងត្រូវឃាតក បាញ់ប្រហារចំនួន២គ្រាប់ នៅចំណុចខាងកើតរបងក្រសួងរ៉ែ និងឋាមពល តាមបណ្តោយវិថីព្រះនរោត្តម កណ្តាកក្រុងភ្នំពេញ នៅវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០០៧។
មកទល់ពេលនេះសមត្ថកិច្ចក្រុងភ្នំពេញក៏នៅតែមិនទាន់អាចវែករកមុខរកឃើញសូម្បីតែស្រមោលឃាតក ឬអ្នកនៅពីក្រោយខ្នងកនៃការបាញ់ប្រហារប៉ងសម្លាប់នាងនៅឡើយទេ។ នាងមានវាសនារបួសពិការឈឺចាប់យ៉ាងវេទនា រស់ទាំងភិតភ័យ កុំថាឡើយស្រម័យទទួលបានយុត្តិធម៌នោះ។ ក្រៅពី ពៅ បញ្ញាពេជ្រ ស្ត្រីជាតារាសិល្បៈខែ្មរលោកស្រី ពិសិដ្ឋ ពាលិកា ត្រូវឃាតកបាញ់ស្លាប់ នាងតាត ម៉ារីណា តារាសម្តែងត្រូវ ប្រពន្ធមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលព្រួតគ្នាចាប់ចាក់ទឹកអាស៊ីត ហើយនាង ទូច ស៊ុននិច តារាចម្រៀង ត្រូវក្រុមឃាតកបាញ់សម្លាប់តែបានរបួសពិការហួតដល់សព្វថ្ងៃ។ ជនរងគ្រោះ និងសាច់ញាតិ កំពុងរស់នៅទាំងភិតភ័យរងចាំយុត្តិធម៌ខណៈសមត្ថកិច្ចកំពុងបំភ្លេចរឿងនេះចោល៕ ដូនពេញ
http://ift.tt/1EYWQSr