ឧកញ៉ា ធី ឫទ្ធសី កេណ្ឌបក្ខពួកលួចកាប់ និងដឹកឈើចេញពីតំបន់ឧទ្យានជាតិវរៈជ័យ យកមកស្តុកទុកក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ដំណាំកៅស៊ូ ម៉ាងយ៉ាងខេ បន្លំធ្វើជាឈើស្របច្បាប់នាំចេញ
ខេត្តរតនគិរី៖ រថយន្តយីឌុបពីរគ្រឿងរបស់ ឧកញ៉ា ធី ឫទ្ធសី ហៅ(ឧកញ៉ាសី) ដឹកឈើប្រណីតល្មើសច្បាប់ពេញព្រៀប ចេញពីស្រុកវើនសៃតាមផ្លូវលំលេខ៧៨A ក្នុងទិសដៅពីជើងមកត្បូង ដោយឆ្លងកាត់ក្រុងបានលុង ឆ្ពោះបន្តទៅតាមផ្លូវជាតិលេខ៧៨ ពីកើតទៅលិចក៏បាត់ស្រមោលតែម្តង ដោយសារតែជំនាញចម្រុះ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើបើកដៃឲ្យធ្វើចរារណ៍ដែលគេដាក់ការសង្ស័យថា មេឈ្មួញឈើនោះបានសែនព្រេនគាប់ចិត្តទៅហើយ ទើបរថយន្តខាងលើនេះដឹកជញ្ជូនបានយ៉ាងរំភើយ ដែលពលរដ្ឋរស់នៅតាមដងផ្លូវនោះឆ្ងល់ថា ហេតុអ្វីលោកអភិបាលវ័យក្មេង ថង សាវុន នៅតែធ្វើមិនដឹងពីអំពើល្មើសច្បាប់នោះទាំងនោះ ឬមួយលោកអភិបាលមានជាប់ពាក់ព័ន្ធលុយកញ្ចប់ក្បាលឡានដែរ?
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកវើនសៃបានអោយដឹងថា៖ កាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ ពួកគេបានប្រទះឃើញរថយន្តយីឌុបទាំងអស់២គ្រឿងខាងលើនេះ មិនចាំស្លាកលេខផ្ទុកឈើប្រណីតប្រភេទលេខ១ បម្រុងដឹកជញ្ជូនឆ្ពោះមកក្រុងបានលុង។ ប្រភពបានបន្តទៀតថា រថយន្តដឹកឈើខាងលើនោះត្រូវបានគេស្គាល់ច្បាស់ថា ជារបស់ឧកញ៉ា ធី ឫទ្ធសី ហៅ(ឧកញ៉ាសី) ជាមេឈ្មួញដ៏ល្បីឈ្មោះម្នាក់ប្រចាំខេត្តរតនគិរី ដឹកជញ្ជូនឈើប្រណីតចេញពីក្រុមហ៊ុនម៉ាងយ៉ាងខេ ដីសម្បទានសេដ្ឋកិច្ចដំណាំកៅស៊ូដែលមានទីតាំងក្នុងស្រុកវើនសៃ ប៉ុន្តែប្រភពបានបង្ហើបប្រាប់ថា មេឈ្មួញឈើឈ្មោះសីនេះ បានប្រើប្រាស់ទឹកលុយបិតបាំងអំពើល្មើសច្បាប់ ឃុបឃិតជាមួយមន្ត្រីគ្រាក់ៗ និងមន្ត្រីជំនាញ ប្រមូលទិញ និងកាប់ឈើក្រៅដែនដី ចេញពីតំបន់ឧទ្យានជាតិវរៈជ័យ ធ្វើអាជីវកម្មរាប់សិបឆ្នាំមកហើយ។
ជាក់ស្តែងនៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី១៨ ខែឆ្នាំ២០១៥នេះភ្នាក់ងារអ្នកយកពត៌មានយើង ក៏បានប្រទះឃើញរថយន្តចំនួន២គ្រឿង របស់ឧកញ៉ា ធី ឫទ្ធសី ហៅ(ឧកញ៉ាសី) ធ្វើសកម្មភាពដឹកជញ្ជូន ឈើដោយសេរីក្នុងមួយរថយន្តមិនក្រោមពី៥០ម៉ែត្រគុបនោះទេ ការដឹកជញ្ជូននេះបើពីច្បាប់អាចដឹកបានតែ១៨ម៉ែត្រគុបតែប៉ុណ្ណោះ តែដោយមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើក្រុមលោកនាយខណ្ឌ រដ្ឋ បាលព្រៃឈើ វង្ស សុក្រសេរី ទើបការដឹកជញ្ជូនឈើ នៅខេត្តរតនគិរីធ្វើឡើងយ៉ាងអនាធិបតេយ្យបំផុត។
បើតាមសត្ថកិច្ចតាមដងផ្លូវបានឲ្យដឹងថា រថយន្តយីឌុបទាំងពីរគ្រឿងនេះថ្នាក់លើមិនអោយធ្វើការត្រួតពិនិត្យនោះទេ ព្រោះជារថយន្តរបស់លោកឧកញ៉ា ធី ឫទ្ធសី ដែលនេះសបញ្ជាក់ឲ្យដឹងថានៅពីក្រោយការដឹកជញ្ជូនឈើល្មើសច្បាប់នោះមានអ្នកមានអំណាចនៅកាងពីក្រោយខ្នងរួមដៃប្រព្រឹត្តអំពើល្មើសច្បាប់។ ប្រភពបន្តទៀតថា មេឈ្មួញដ៏មានឥទ្ធិពលម្នាក់នេះផ្តល់លុយកាក់អោយមេកាឈ្មោះ លោក ណូ និងដៃជើងជាច្រើននាក់ទៀតចូលទៅលួចកាប់ និងដឹកឈើចេញពីតំបន់ឧទ្យានជាតិវរៈជ័យ ប្រមូលយក មកគរទុកក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ដំណាំកៅស៊ូម៉ាងយ៉ាងខេ ដើម្បីក្លែងធ្វើជា ឈើស្របច្បាប់ ប្រព្រឹត្តឡើងយ៉ាងអនាធិបតេយ្យរាប់សិបឆ្នាំមកហើយ ដែលពលរដ្ឋទាមទារឲ្យរដ្ឋាភិបាលពិនិត្យសកម្មភាពល្មើសនេះ ហើយគួរតែលុបចោលអាជ្ញាប័ណ្ណប្រមូលផល និងអនុផលព្រៃឈើពីក្រុមបំផ្លិចបំផ្លាញនេះ។
ពលរដ្ឋរិះគន់ថា ខេត្តរតនគិរីមួយនេះចាប់តាំងពីរដ្ឋាភិបាលអាណត្តិទី៤ប្រកាសគោលនយោបាយធ្វើកំណែទម្រង់កាលពីដើមអាណត្តិនោះមក គេមិនទាន់ឃើញបញ្ហាបទល្មើសព្រៃឈើត្រូវបានមានវិធានការលុបបំបាត់ស្មើភាពគ្នានោះទេ គេនៅតែឃើញពួកមេឈ្មួញដែលមានងារជាឧកញ៉ានៅតែធ្វើព្យុះធ្វើភ្លៀងបំផ្លាញព្រៃឈើដដែលជាដដែល ដែលករណីនេះទាមទារឲ្យ សម្តេចតេជោ ជាពិសេស លោកឱម យឹន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរដល់ពេលចាត់ការបោសសំអាតមន្ត្រីខិលខូច និងមេ ឈ្មួញទុច្ចរិតទាំងនោះហើយ៕ យក្សតូច
http://ift.tt/1GwNppQ