ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ហូបផ្លែសាវម៉ាវស្លាក់ស្លាប់ យ៉ាងវេទនា
ខេត្តរតនគិរី៖ ក្មេងប្រុសតូចម្នាក់បានស្លាប់បាត់បង់ជីវិតតែមួយប៉ព្រិចភ្នែក ដោយសារបៀបផ្លែសាម៉ាវបកសំបករួចរអិលស្លាក់ចូលបំពង់ខ្យល់ បន្ទាប់ពីឪពុកបេះមកពីចំការចែកអោយកូនៗហូប ភ្លាមនោះឪពុកម្តាយបានស្ទុះស្ទារជួយកូនហើយបានដឹកយកទៅកាន់មន្ទីរពេទ្យសង្គ្រោះអាយុជីវិត តែអកុសល ទៅដល់ពាក់បណ្តាលផ្លូវក្មេងតូចអភ័ព្វបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ហេតុការណ៍ដ៏កម្រ នេះបានធ្វើឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៨ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចផ្ទះចំការស្ថិតក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
បើតាមការអោយដឹងពីឪពុកឈ្មោះ កែម វិត អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ ប៉ាង ពឹម អាយុ២៦ឆ្នាំ ជនជាតិទំពូនបានរៀបរាប់ទាំងហូរទឹកភ្នែកថា៖ កូនរបស់គាត់ដែលស្លាក់ផ្លែសាវម៉ាវស្លាប់នោះមានឈ្មោះ នឿន ធារ៉ា ភេទប្រុស អាយុ៤ឆ្នាំ ចំណែកកូនទី២មានឈ្មោះ នឿន ធារី ភេទស្រី អាយុ២ឆ្នាំ នាងបានហូបផ្លែសាវម៉ាវដែរតែពុំបានជួបគ្រោះថ្នាក់នោះទេ។ គ្រួសាររបស់គាត់មានទីលំនៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។។
ឪពុកក្មេងរងគ្រោះបានបន្តថា មុនពេលកើតហេតុគាត់បានទៅចំការបេះផលដំណាំមកហូបក្នុងនោះមានផ្លែសាម៉ាវចំនួន៦ផ្លែ ដើម្បីយកមកចែកឲ្យកូនម្នាក់៣ផ្លែ នៅពេលនោះកូនរបស់គាត់ទី១ទើបតែហូបចំនួនមួយផ្លែក តែប៉ុណ្ណោះក៏រអិលចូលស្លាក់ក្នុងបំពង់ខ្យល់ ឃើញសភាពដូច្នេះពួកគាត់ទាំងប្តីប្រពន្ធក៏ស្រវេស្រវ៉ាជួយសង្គ្រោះ ហើយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងឆោឡោចោមរោមជួយអន្តរាគមន៍យកម្រាមដៃទៅលូករាវរកផ្លែសាម៉ាវក្នុងបំពង់ក ប៉ុន្តែរកមិនឃើញទាល់តែសោះមិនអស់ចិត្តក៏ដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ តែអកុសលក្មេងប្រុសអភ័ព្វត្រូវបានផ្លែសាវម៉ាវផ្តាច់ជីវិតតាមផ្លូវផុតទៅហើយ នេះជាលើកទី១ហើយដែលមានហេតុការនេះកើតឡើងនៅក្នុងខេត្តរតនគិរី។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច្ច័យ ឃើញថាក្មេងប្រុសនោះបានស្លាប់ដោយសារស្លាក់ផ្លែសាម៉ាវ ពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពក្មេងប្រុសឲ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណីជនជាតិដើមភាគតិច ដោយឪពុកម្តាយយំស្តាយស្រណោះកូនជាទីស្រឡាញ់ មិនគួរស្លាប់ទាំងក្មេងខ្ចីយ៉ាងនេះសោះ៕ លី វណ្ណៈ
http://ift.tt/1LPPOk2