ដែនជំរកសត្វព្រៃត្រូវបានជនខិលខូចលួចឈួសឆាយទន្ទ្រានយកដីធ្វើជាកម្មសិទ្ធជាង១០ហិកតា សមត្ថកិច្ចជំនាញមិនទាន់មានវិធានការទប់ស្កាត់និងបង្រ្កាប
ខេត្តកំពង់ឆ្នាំង៖ ៣ទៅ៤ថ្ងៃក្នុងខែមិថុនា កន្លងមកនេះដីព្រៃឈើក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ នៅចំណុច ដំណាក់ចាមក្នុងភូមិត្រពាំងខ្លុង ឃុំក្រាំងស្គារ ស្រុកទឹកផុស ត្រូវបានជនខិលខូចលួចឈួសឆាយដីព្រៃ និងលើកពទ្ធ័យកជាធ្វើជាកម្មសិទ្ធប្រមាណជាង១០ហិកតា ដែលបទល្មើសខាងលើនេះគេមិនទាន់ឃើញ សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ ឬបង្ក្រាបបាននោះឡើយ។
នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ អ្នកសារព័ត៌មានយើងមួយក្រុម ត្រូវបានប្រជាការពារ២នាក់ នៅភូមិត្រពាំងខ្លុង ឃុំក្រាំងស្គារ បានជូនដំណើរតាមម៉ូតូទៅចង្អុលបង្ហាញទីតាំងឈួសដីព្រៃនៅចំណុច ខាងលើ ដោយយើងបានពិនិត្យឃើញថាពិតជាមានដានត្រាក់ទ័រឈូសឆាយដើមឈើរលំដួល នៅស្រស់ថ្មីៗនិងកន្លែងមួយចំនួនបានជីកប្រឡាយលើកជាភ្លឺពទ្ធ័យកដីព្រៃធ្វើជាកម្មសិទ្ធតែម្តង និងនៅក្នុងតំបន់នោះដែរយងពិនិត្យឃើជនល្មើសបានធ្វើផ្ទះតូចៗ៤ខ្នង ស្នាក់នៅលើដីដែលគេកាន់កាប់។
ប្រជាការពាររូបនោះសុំមិនបញ្ចេញឈ្មោះបាននិយាយអោយដឹងថា៖ ការឈូសឆាយដីព្រៃព្រះ រាជក្រិត្យ ជាដែនជរកសត្វព្រៃភ្នំឱរ៉ាល់ នៅចំណុចដំណាក់ចាមខាងលើនេះ ត្រូវបានត្រាក់ទ័រ២គ្រឿង លួចឈូស ឆាយ រយៈពេល៤ថ្ងៃកន្លងមកហើយ នៅពេលក្រុមប្រជាការពារលោកចុះទៅថតរូបទុកជាភ័ស្តុតាំង អ្នកបើកត្រាក់ទ័រ២គ្រឿងដែលកំពុងឈូសឆាយដីព្រៃក៏បានបើករត់ទៅបាត់។ ចំណែកអ្នកទិញដីនេះជាស្ត្រី២នាក់ មាន១.ឈ្មោះហ្គិច និង២.ឈ្មោះណាង ជាអ្នកលក់បាយនៅឃុំពន្លៃ ស្រុកបរិបូរណ៌ បាននិ យាយអោយលោកដឹងថា៖ពួកគាត់បានទិញដីខាងលើនេះពីបុរសឈ្មោះ ហង់ ហំ ហៅខុន រស់នៅភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារស្រុកទឹកផុសចំនួន១៦០ហិកតា ដោយក្នុង១ហិកតាថ្លៃពី២០០ទៅ៣០០ដុល្លា ដែលលោក ហង់ ហំ បានអះអាងថារូបគាត់បានកាន់កាប់ទាំងនេះជាយូរឆ្នាំមកហើយ។
ប្រជាការពាររូបនោះបាននិយាយអោយដឹងទៀតថា៖នៅពេលលក់និងទិញដីខាងលើនេះលោក ហង្ស ហំ ហៅខុន បានធ្វើក្រដាស់លក់ទិញ ទៅសុំហត្ថលេខាទទួលស្គាល់ពីលោកមេភូមិត្រពាំងខ្លុងទៀងផង ប៉ុន្តែលោកមេភូមិមិនចុះហត្ថលេខាទទួលស្គាល់ឡើយ។
នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ លោក ម៉ៅ នៅ មេភូមិត្រពាំងខ្លុងបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖លោក ហង្ស ហំ ហៅខុន ពិតជាបានលក់ដីនេះទៅអោយគេពិតមែន ហើយបានកាន់ លិខិតលក់ទិញមកសុំអោយលោកជួយចុះហត្ថលេខាដឹងឮ តែលោកមិនបានចុះហត្ថលេខាឡើយ ព្រោះដីខាងលើនេះជាដីព្រះក្រិត្យដែនជំរកសត្វព្រៃរបស់រដ្ឋគ្មានអ្នកណាលក់ដូរបានឡើយ។
ទាក់ទង និងរឿង ខាងលើនេះលោក ប៊ឿ ប៊ុនថន នាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ខេត្តកំពង់ឆ្នាំងបាននិយាយតាមទូរស័ព្ទអោយដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥នេះថា៖លោកទើបតែបានទទួលព័ត៌មាននៃបទល្មើសនៅចំណុចខាងលើនេះនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នេះដែរ ហើយលោកក៏បានចាត់តាំងអោយប្រធានផ្នែកការពារដែនជំរកសត្វព្រៃនៅក្នុងតំបន់នេះ ចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅព្រឹកថ្ងៃនេះផងដែរ ដើម្បីទប់ស្កាត់និងមានវិធានការណ៍បង្ក្រាបស្វែងរកចាប់ជនល្មើសអោយបាន។
ដោយឡែកលោក សុវណ្ណ ប្រធានក្រុមការពារដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នៅក្នុងតំបន់ខាងលើនេះបាននិយាយអោយដឹងនៅល្ងាចថ្ងៃទី២៥ ខែមិថុនា នេះថា៖ពេលលោកចុះទៅត្រួតពិនិត្យនៅចំណុចព្រៃដំណាក់ចាម ពិតជាមានការលួចឈូសឆាយព្រៃឈើក្នុងដែនជំរកសត្វព្រៃពិតមែនប្រមាណជាង១០ហិកតា នៅថ្ងៃស្អែកលោកនិងយកម៉ាស៊ីន GPS មកចុចមើលនិយាមកាមអោយបានច្បាស់លាស់ ដើម្បីរាយការណ៍ជូនថ្នាក់លើ និងស្វែងរកជនខិលខូចដែលលក់ទិញនិងឈូសឆាយដីដែនជំរកសត្វព្រៃចំណុចនេះអោយមកទទួលខុសត្រូវចំពោះមុខច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1dlrhXZ