ប៉ាក់ឌិនលើអាវប៉ាក់មិនសូវពេញនិយមដូចមុន
អាវប៉ាក់ សំពត់បត់ហូលផាមួងរបស់ខ្មែរយើងនៅតែពេញនិយមគ្រប់សុភាពនារីទាំងអស់មិនថាចាស់ ឬក្មេងទេ។ អ្វីដែលសំខាន់ត្រង់ម៉ូដ គឺត្រូវធ្វើយ៉ាងឲ្យដើរទាន់សម័យកាល ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានការផ្លាស់ប្ដូរបន្តិចត្រង់ថាគេមិនសូវនិយមលេងម៉ូដប៉ាក់ឌិន ឬផ្ការំយោលរញ៉េរញ៉ៃច្រើនដូចមុន។
ង៉ោ វ៉ាឡា ម្ចាស់ហាងកាត់ដេរ ស៊ីធីសូត្រ បានប្រាប់ Sabay ថា ភ្ញៀវបច្ចុប្បន្ននិយមម៉ូដស៊ីវិល័យ។ ការប៉ាក់ឌិននៅតែមាន តែភ្ញៀវភាគច្រើនមកមិនសូវកុម្ម៉ង់ម៉ូដដែលមានប៉ាក់ឌិន ឬចាប់ម៉ូដច្រើនរញ៉េរញ៉ៃទេ។ ម្ចាស់ហាងរូបនេះបន្តថា ម្យ៉ាងការប៉ាក់ឌិន ឬចាប់ម៉ូដច្រើនដដែលៗរៀងហួសសម័យ ព្រោះគេចង់បានអ្វីដែលថ្មីហើយប្លែក សាមញ្ញៗ តែប៉ុណ្ណោះ។ មួយវិញទៀត បើម៉ូដសាមញ្ញមិនរញ៉េរញ៉ៃច្រើន យើងអាចពាក់បានច្រើនដងមិនងាយសាំម៉ូដទេ។
ដូចគ្នាដែរ ម្ចាស់ហាងប៉ារ៉ាឌី ឌី ម៉ាឡែន ក៏បានបញ្ជាក់ប្រាប់ Sabay ថា ម៉ូដចុងឆ្នាំ ២០១៥ ចូល២០១៦ មិនថាម៉ូដអាវប៉ាក់ ឬម៉ូដរ៉ូបនោះទេ គេមិនសូវលេងម៉ូដអង្កាំឌិនច្រើនដូចពីមុននោះទេ ។ ភ្ញៀវភាគច្រើនចូលចិត្តតែម៉ូដសាមញ្ញៗ យកសាច់កំណាត់ប៉ាក់មកកាត់លាតៗតែម្ដង មិនមានការប៉ាក់ឌិនបន្ថែមច្រើនឡើយ។
អ្នកនាង ឌី ម៉ាឡែន បង្ហើបប្រាប់គន្លឹះបន្តិចទៀតថា សុភាពនារីដែលមានរាងធាត់បន្តិច អាចជ្រើសរើសយកម៉ូដដែលមិនសូវចាប់ជីបម៉ូដច្រើន ឬឌិនច្រើនពេក ព្រោះអាចធ្វើឲ្យរាងយើងមើលទៅកាន់តែធំ និងពណ៌ត្រូវយកពណ៌ណាដែលស្រគាំបន្តិចគឺស្អាតតែម្ដង។
ការនិយមប៉ាក់ឌិននៅតែមាន គ្រាន់តែភ្ញៀវភាគច្រើនឥឡូវមិនសូវនិយមឲ្យជាងធ្វើនោះទេ ព្រោះកំណាត់ប៉ាក់ដែលគេយកមកគឺមានអង្កាំឌិនស្រាប់ ភាគច្រើនភ្ញៀវដែលមានវ័យរាងចំណាស់បន្តិចនៅតែចូលចិត្តឌិន។ ឯភ្ញៀវវ័យក្មេងគឺលែងសូវនិយមការប៉ាក់ឌិនទៀតហើយ គេចូលចិត្តតែម៉ូដសាមញ្ញៗ ថ្លៃថ្នូរ ឡូយតែប៉ុណ្ណោះ។ នេះបើសម្ដីរបស់ម្ចាស់ហាងកាត់ដេរ សុខា លីន៕
ចង់មើលម៉ូដផ្សេងទៀត សូមចុចទីនេះ…
អត្ថបទ៖ សុខអូន
http://ift.tt/1J6E6kr