Redknapp៖ Cech នឹងជួយ Arsenal ក្លាយជាគូប្រជែងធំ Chelsea ដើម្បីលើកពាន
អតីតអ្នកចាត់ការក្រុម Tottenham Hotspur លោក Harry Redknapp បាននិយាយថា ការដែលក្លិប Arsenal ទិញយកអ្នកចាំទី Petr Cech នឹងប្រែក្លាយក្រុមរបស់លោក Arsene Wenger ទៅជាក្រុមគូប្រជែងដ៏ធំរបស់ Chelsea និងជាក្រុម ដែលមានលទ្ធភាពខ្ពស់ អាចនឹងលើកពាន Premier League នារដូវកាលក្រោយ។
កាំភ្លើងធំ Arsenal នឹងទិញយកអ្នកចាំទីដៃស្អិត Cech របស់ Chelsea ក្នុងតម្លៃ១១លានផោន (ជាង១៧លានដុល្លារ) និងត្រូវបានគេជឿថា អាចនឹងបញ្ចប់ការផ្ទេរ ជាផ្លូវការរួចរាល់នៅសប្ដាហ៍នេះ។
លោក Redknapp បាននិយាយថា៖ “វាជាការទិញដ៏អស្ចារ្យមួយ។ ខ្ញុំគិតថា ជាការទិញដ៏ធំបំផុតមួយ។ ការដែលមានអ្នកចាំទី ដែលមានគុណភាពកំពូល ពិតជាសំខាន់ណាស់។ ខ្ញុំយល់ថាឥឡូវ Arsenal គឺជាគូប្រជែងដ៏ធំរបស់ Chelsea នៅរដូវកាលថ្មី និងរឹតតែអស្ចារ្យបើអាចទិញបានកីឡាករថ្មីពីរទៅបីនាក់ទៀត”។
អ្នកចាំទីវ័យ៣៣ឆ្នាំ ចូលលេងជាមួយ Chelsea តាំងពីឆ្នាំ២០០៤ មក ហើយរយៈពេល១១ឆ្នាំមកនេះ Cech បង្ហាញខ្លួនបាន៣៣៣ប្រកួត និងជួយឱ្យក្រុមឈ្នះពានជាច្រើនផងដែរ។ ដោយសារតែរដូវកាលទើបតែបញ្ចប់ទៅនេះ អ្នកចាំទីសាធារណរដ្ឋឆេករូបនេះ មិនសូវបានចូលលេងទេ ពោលគឺ Thibaut Courtois ជាអ្នកជាប់ជម្រើសដំបូងនៅតោខៀវ ទើបធ្វើឱ្យរូបគេចង់ផ្លាស់ចេញ៕
ចុះប្រិយមិត្តជឿថា Cech នឹងអាចជួយឲ្យ Arsenal លើកពានបាន ឬអត់?
-ចុចអាន៖ Chelsea នឹងលក់ Cech ឲ្យ Arsenal តែលុះត្រាទិញបានអ្នកចាំទីថ្មីសិន
ប្រែសម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail