យុវជន២នាក់ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីឆែកឃើញថ្នាំញៀននៅក្រោមកែបម៉ូតូ
ខេត្តព្រះសីហនុ៖ យុវជន២នាក់ រក្សាទុក និងចែកចាយថ្នាំញៀន ត្រូវបានប៉ូលិសចរាចរណ៍ ប្រដេញចាប់បានភ្លាមក្រោយយុវជនសង្ស័យទាំងពីរប៉ុនប៉ងបើកម៉ូតូគេចពីសមត្ថកិច្ចខណៈ ពេលសមត្ថកិច្ចចរាចរណ៍ចុះចាប់អ្នកបើកបរម៉ូតូមិនពាក់មួក កញ្ចក់ នៅចំណុចមុខ សាលាបឋមសិក្សាជាស៊ីម ស្ថិតក្នុងភូមិ១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ នាវេលាម៉ោង ១០ និង០០នាទី។
លោក អនុសេនីយ៍ទោ សំ ប្រាក់ នាយប៉ុស្តិ៍រដ្ឋាបាលនគរបាលសង្កាត់លេខ២ បានឲ្យដឹងបញ្ជាក់ថា យុវជនសង្ស័យដែលបានឃាត់ខ្លួនយកមកកាន់ប៉ុស្តិ៍រដ្ឋាបាលនាពេលនេះ គឺដោយសារតែប៉ូលិសចរាចរណ៍បានរកឃើញយុវជនសង្ស័យទាំងពីរ បានរក្សាទុកថ្នាំញៀន (ម៉ាទឹកកក ICE) នៅក្នុងម៉ូតូ។ ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ ដោយនៅវេលាកើតហេតុខាងលើ ប៉ូលិសចរាចរណ៍បានដាក់ប៉ុស្តិ៍ ឆែកឆេរ អនុវត្តន៍ច្បាប់ចរាចរណ៍( ចាប់មួក កញ្ចក់) ។
លោកបានបន្តថា៖ ស្របពេលនោះម៉ូតូយុវជនសង្ស័យក៏បានមកដល់ ហើយសមត្ថកិច្ចក៏បានហៅម៉ូតូយុវជនសង្ស័យទាំងពីរអោយឈប់ ប៉ុន្តែពួកគេពុំបានឈប់តាមការបញ្ជារបស់ប៉ូលិសនោះទេ ទើបកម្លាំងប៉ូលិសចរាចរណ៍ វ៉ៃអាយឌី អោយសមត្ថកិច្ចឈរជើងខាងមុខចាប់ តែយុវជននោះតែមិនព្រមឈប់ទៀត ទើបកម្លាំងសមត្ថកិច្ចជិះម៉ូតូប្រដេញរហូតទាន់នៅចំណុចក្បែរផ្ទះ សំណាក់ត្បូងពេជ្រ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចចរាចរណ៍ និងកម្លាំងរបស់លោក បានធ្វើការឆែកឆេរ បានប្រទះឃើញថ្នាំញៀនម៉ាទឹកកក(ICE)ចំនួន៣កញ្ចប់តូចៗ ដបជក់ថ្នាំញៀនចំនួន០១ ថង់ជ្រកថ្នាំញៀនមួយចំនួននៅក្នុងគូទម៉ូតូ។
លោក អនុសេនីយ៍ទោ សំ ប្រាក់ បានបន្តទៀតថា៖ យុវជនសង្ស័យទាំងពីរនាក់មានឈ្មោះ ប៉ុន ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្រុម១ភូមិ១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ និងឈ្មោះ ថុង សាង ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ ញ ឃុំកណ្តោលដុំ ក្រុងច្បាមនខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួនយុវជនទាំងពីរនាក់ នគរបាលប៉ុស្តិ៍រដ្ឋាបាលបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរបន្ត៕ សមុទ្រខៀវ
http://ift.tt/1LZU5Vi