រយៈពេល៦ខែក្នុងឆ្នាំ២០១៥ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការបង្ក្រាបបទ ល្មើសនេសាទបាន២០ករណី ឃាត់ខ្លួន២៤នាក់បញ្ជូនអោយជំនាញ
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យប្រុសស្រីប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ចំនួន២៤នាក់ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០១៥ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៥ និងដកហូតវត្ថុតាងបញ្ជូនទៅកាន់ខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចាត់ការបន្ត ដែលនេះគឺជារបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលកិច្ចប្រតិបត្តការប្រចាំឆមាសទី១ ឆ្នាំ២០១៥ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
នៅក្នុងរបាយការណ៍ខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងដែរថា៖ ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង២៤នាក់ខាងលើ ដែលបានប្រព្រឹត្តបទល្មើសនេសាទ សមត្ថកិច្ចលោកបានដកហូតវត្ថុតាងរួមមាន ឧបករណ៍ឆក់ត្រី១៥គ្រឿង ទូក៩គ្រឿង សាច់អួន៥.២៣០ម៉ែត្រ លបលូ៤៨មាត់ បង្គោលរបាំង១.៣៣០ដើម អួនក្រឡាតូច១វង់ អេស្កាវាត់ទ័រ១គ្រឿង គោយន្ត១គ្រឿង ម៉ូតូ៣គ្រឿង និងបានប្រគល់ទាំងអស់នេះអោយខណ្ឌរដ្ឋបាលជលផលចាត់ការបន្តតាមនីតិវិធី ក្នុងនោះដែរសមត្ថកិច្ចបានកំទេចចោលសាច់អួនប្រវែង២២០ម៉ែត្រ ស្បៃមុង៣០០ម៉ែត្រ លបលូ៧២មាត់ ព្រួលឬស្សី៧០ម៉ែត្រ បង្គោលរបាំង៥៩០ដើម និងបានចាក់លែងត្រីចំរុះចំនួន៩៥០គីឡូក្រាមចូលក្នុងទន្លេវិញ។
អនុវត្តតាមសេចក្តីណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចនគរបាលក្រុង ស្រុកនិងខេត្តបានចុះផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការប្រមូលឧបករណ៍ឆក់ត្រីនៅតាមមូលដ្ឋានដោយក្នុងរយៈពេល១ឆមាសឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីបានចំនួន៧៦២គ្រឿង និងសំណាញ់ឆក់ត្រី១គ្រឿង ហើយឧបករណ៍ទាំងអស់ខាងលើនេះត្រូវបានប្រគល់ជូនខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងធ្វើការដុតបំផ្លាញចោល។ #សូមបញ្ជាក់ថា៖ នៅក្នុងរដូវបិតនេសាទឆ្នាំ២០១៥ ដែលមានរយៈពេលជាង១ខែកន្លងមកនេះ បទល្មើសនេសាទដាក់របាំងព្រួលនិងសាច់អួនបិតភ្ជិតព្រែកចាប់ត្រីខុសច្បាប់ក្នុងរដូវពងកូន បានកើតមានជាច្រើនកន្លែងនៅគ្រប់ស្រុកជាប់តាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំង ទោះបីមានការ បង្ក្រាប ពីសមត្ថកិច្ចចំរុះរបស់ខេត្តក៍ដោយ ក៍បទល្មើសទាំងអស់ខាងលើនេះនៅតែកើតមាន ដូចវែកចក គឺបង្ក្រាបថ្ងៃនេះ កើតឡើងវិញនៅថ្ងៃស្អែក។
ករណីនេះសមត្ថកិច្ចជំនាញបាននិយាយអោយដឹងថា៖ កិច្ចការបង្ក្រាបមានការប្រឈម ដោយ ខ្វះមធ្យោបាយ និងកម្លាំងសមត្ថកិច្ចជំនាញមានតិច រីឯបទល្មើសវិញកើតមានច្រើន កន្លែង បទ ល្មើសមួយចំនួននៅឆ្ងាយៗ ហើយខែនេះមានកំប្លោកច្រើនរាំងស្ទះតាមព្រែកមិនអាចចូលទៅ បង្ក្រាបបាន។ប៉ុន្តែទោះមានបញ្ហាបែបនេះក៍ដោយសមត្ថកិច្ចនគរបាល និងសមត្ថកិច្ចជំនាញ នៅតែបន្តកិច្ចសហការចុះបង្ក្រាបជាបន្តបន្ទាប់ទៀត៕ រិទ្ធិ ជ័យ
http://ift.tt/1NUdvbz