លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុងរងការចោទប្រកាន់ថា បានបើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ ថែមទាំងបង្កើតប៉ុស្តិ៍ជជុះប្រមូលលុយចែកគ្នាច្រកហោប៉ៅ
ខេត្តកោះកុង ៖ បទល្មើសនៃការនាំចូលទំនិញ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ មានសកម្មភាពយ៉ាងកក្រើកឡើងវិញទាំងតាមផ្លូវទឹក និងតាមផ្លូវគោកនៃខេត្តកោះកុងបន្ទាប់ពីលោក សំ កុសល ទើបផ្លាស់ទៅកាន់តំណែងជាប្រធានសាខាគយនៅខេត្តនេះក្នុងមួយរយៈខ្លីនេះ។ មន្ត្រីតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថាប្រធានសាខាគយ ខេត្តកោះកុងថ្មីរូបនេះកំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត រៀបចំបក្ខពួក ប្រមូលយកផលប្រយោជន៍ស្ងាត់ៗ លែងញញើតនឹងបណ្តាំរបស់អគ្គនាយកគយទៅហើយ រហូតមន្ត្រីខ្លះភ្លាត់មាត់ថា លោកប្រធានសាខាគយ សំ កុសល ពិតជាក្លាហានមិនព្រមធ្វើកំណែទម្រងបោសសំអាតភាពអសកម្ម និងបញ្ឈប់អំពើពុករលួយ ដែលនាំឲ្យរដ្ឋបាត់ចំណូល និងការកើនឡើងពន្ធគយសោះ។
មន្ត្រីគយប្រចាំខេត្តកោះកុង ជាពិសេសមន្ត្រីគយ ប្រចាំច្រកអន្តរជាតិចាំយាមក្រោមការគ្រប់គ្រងរបស់ លោក ថេង ម៉ុងហួន បានរងការរិះគន់ជាបន្តបន្ទាប់ថា បានបើកដៃឲ្យឈ្មួញ នាំចូលទំនិញបង់ពន្ធមិនគ្រប់ និងម៉ូតូស៊េរីទំនើបៗ ដោយអត់បង់ពន្ធ គ្រាន់តែចាំរាប់ ចំនួនប្រមូលលុយច្រកហោប៉ៅ បណ្តាលឲ្យរដ្ឋ បាត់បង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់។ សកម្មភាពនេះត្រូវបានប្រភពបញ្ជាក់ថា ក្រុមឈ្មួញធំៗ ដែលរកស៊ី នាំចូលម៉ូតូស៊េរីទំនើបៗ គេចពន្ធយ៉ាងគគ្រឹគគគ្រេង មកពីស្រុកសៀម ចូលតាមច្រកសមុទ្រ និងច្រកទ្វារ អន្តរជាតិចាំយាមកើតមានរាប់ឆ្នាំមកហើយ។ ដោយឡែកលោក សំ កុសល ប្រធានសាខាគយ ខេត្តកោះកុង ទំនងជាបាន សើមមាត់សើមកពីបទល្មើស នាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់នេះ ដែរហើយទើបសម្ងំឲ្យឈឹងដោយមិនឃើញមានដាក់បទបញ្ជាឲ្យថ្នាក់ក្រោមទប់ស្កាត់សោះ។
ក្រៅតែពីម៉ូតូគេចពន្ធ ដែលកំពុងលួចនាំចូល ខេត្តកោះកុង ដ៏ច្រើនសន្ធឹកសន្ធាប់នោះ នៅមានមុខទំនិញគេចពន្ធ ជាច្រើនទៀតដូចជា ប្រេងឥន្ធនៈ ទំនិញចាប់ហួយ ភេសជ្ជៈ គ្រឿងសំណង់ របស់មេឈ្មួញធំៗ ត្រូវបាននាំចូលដោយសេរី ហើយកូនចៅរបស់លោក សំ កុសល បានត្រឹមតែអង្គុយ ចាំរាប់ក្បាលឡាន ប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម មិនខ្វល់នឹងគោលការណ៍កំណែទម្រង់គយស្អីនោះទេ។ លោក សំ កុសល បានរងការចោទប្រកាន់ថា បានលួចរក្សាទុកប៉ុស្តិ៍ជជុះ របស់ជំនាញគយ នៅចំណុចអណ្ដូងទឹក ដើម្បីចាំប្រមូលលុយមិនប្រក្រតីបន្ថែមមួយជាន់ទៀត ពីឈ្មួញដឹកទំនិញ ពីច្រកចាំយាម និងពីច្រកនានា ក្នុងខេត្តកោះកុង ឆ្លងកាត់ទីនោះ។ មន្ត្រីគយខេត្តកោះកុងបានអំពាវនាវលោក គុណ ញឹម ឲ្យចាត់វិធានការត្រួតពិនិត្យទៅលើទង្វើមិនប្រក្រតីរបស់លោក សំ កុសល ជាបន្ទាន់ព្រោះកំពុងធ្វើឲ្យប៉ះ ពាល់ដល់ស្ថាប័នគយយ៉ាងធ្ងន់ធ្ងរ៕
http://ift.tt/1Ny8wi5