មន្ត្រីនគរបាល២នាក់ជិះម៉ូតូឌុបគ្នាតាមប្រមាញ់រថយន្តសង្ស័យដឹកបទល្មើស ត្រូវរថយន្តបិទគូទបុកពីក្រោយអូស ជាង៥០ម៉ែត្រអ្នកជិះពីក្រោយស្លាប់ និងបើកបររបួសធ្ងន់
ខេត្តកណ្តាល៖ មន្ត្រីនគបាលអ្នកបើកម៉ូតូបានរងរបួសធ្ងន់ និងអ្នកជិះពីក្រោយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយប្រភពមួយបានអះអាងថាមន្ត្រីនគរបាលទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាប្រដេញរថយន្តមួយគ្រឿងសង្ស័យដឹកបទល្មើស ហើយត្រូវបានរថយន្តបិទគូទ១គ្រឿងទៀតបើកបុកចំពីក្រោយពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២៣ និង០០នាទីថ្ងៃទី១៩ ខែ ឆ្នាំ២០១៥ លើកំណាត់ផ្លូវក្រាលគ្រួសក្រហម ពីបាសិទ្ធិ បាត់ដឹង ចំណុចមុខភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។
ប្រភពពីប៉ូលីសមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះជាអ្នកបើកបរម៉ូតូ ឈ្មោះ កែវ សៀងហេង ភេទប្រុស អាយុ២៤ឆ្នាំ និងអ្នកជិះពីក្រោយឈ្មោះ សៅ សំណាង ភេទប្រុសអាយុ២៦ឆ្នាំ។ អ្នកទាំងពីរជាមន្ត្រីនគរបាលនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ ពួកគេទាំងពីរនាក់ស្លៀកពាក់ ឯកសណ្ឋានជា នគរបាលជិះម៉ូតូ ១គ្រឿងម៉ាក STR ២៣០ ពណ៌ខៀវ ផ្លាកលេខនគរបាល១.៧៧ ៣៨ ។ ប្រភពបន្តថាបានដេញរថយន្ត០១គ្រឿង មិនស្គាល់ម៉ាកពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើត្រូវ បានរថយន្តបុកចំពីក្រោយ ចំហៀងខាងស្ដាំ ដួលអូស ទៅទិសខាងលិចប្រហែល៥០ម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ និងអ្នកជិះពីក្រោយស្លាប់ នៅកន្លែងកើតហេតុ ហើយរថយន្តបង្កបានបើកគេចបាត់។
នគរបាលចរាចរណ៍មូលដ្ឋាន បានចុះធ្វើការវាស់វែង និងយកម៉ូតូ០១គ្រឿង ដែលខូចយ៉ាងដំណំនោះមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបាសិទ្ធិ និងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេត។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
http://ift.tt/1ZiXDWK