បុរសទីទ័លក្រម្នាក់ត្រូវឆ្កែខាំកំភួនជើងជាងមួយខែបានក្លាយជាដំបៅស្អុយរលួយ ព្រោះតែគ្មានលុយព្យាបាលត្រូវប្រឈមនឹងការកាត់ជើងមួយកំណាត់ចោលទើបសង្គ្រោះជីវិតបាន
ខេត្តកំពង់ឆ្នាំង៖ បុរសជាជនក្រីក្រម្នាក់រស់នៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ត្រូវប្រឈមនឹងការកាត់ជើងឆ្វេងចោលមួយកំណាត់ទើបសង្គ្រោះជីវិតបាន បន្ទាប់ពីឆ្កែបានខាំកំភួនជើងគាត់រយៈពេល១ខែកន្លង គ្មានលុយព្យាបាលបានក្លាយទៅជាដំបៅស្អុយរលួយគួរអោយខ្លាច។ ហេតុការណ៍ខាងលើនេះយើងបានដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ខណៈដែលជនរងគ្រោះបានមករកសេវាព្យាបាលរបួសនៅផ្ទះគ្រូពេទ្យឯកជនមួយកន្លែងស្ថិតនៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
ស្ត្រីឈ្មោះ ពន ឆេង អាយុ៤៨ឆ្នាំ ត្រវជាប្រពន្ធរបស់បុរសឈ្មោះ ខិត សុខ អាយុ៤៨ឆ្នាំ ជាជនរងគ្រោះដែលត្រូវឆ្កែខាំរស់នៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង បាននិយាយអោយដឹងថា៖ ក្រុមគ្រួសារគាត់ជាជនទីទ័លក្រីក្រមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ប្រុស៤នាក់ និងស្រីម្នាក់។ កន្លងមកជាយូរឆ្នាំមកហើយអាជ្ញាធរភូមិឃុំមិនដែលផ្តល់ប័ណ្ណអង្គការរ៉ាក់ ដល់ក្រុមគ្រួសារគាត់ជាជនក្រីក្រពិតប្រកដ នោះឡើយ ខណៈដែលប្រជាពលរដ្ឋមួយចំនួនក្នុងភូមិ មិនមានជីវភាពក្រីក្រផងបែរជាអាជ្ញាធរ និងអង្គ ការរ៉ាក់បាននផ្តល់ប័ណ្ណអោយពួកគេដែលមានជីវភាពធូរធាទៅវិញ ហើយគ្រួសារគាត់ក្ររហេមរហាមត្រូវគេមើលរំលង។
អកុសលណាស់កាលពីមួយខែមុន ប្តីគាត់បានទៅលេងផ្ទះដន្លងនៅក្នុងភូមិ ត្រូវឆ្កែរបស់ដន្លងខាំត្រូវកំភួនជើងខាងឆ្វេង។ នៅពេលមានរបួសគាត់បានដឹកប្តីគាត់ទៅព្យាបាល របួសនៅមណ្ឌលសុខភាពថ្មរៀងពេលនោះគ្រូពេទ្យក្នុងមណ្ឌលសុខភាពបានចាក់ថ្នាំផ្សះអោយ៣ម្ជុល និងចាក់ស៊ីរ៉ូមអស់មួយស្បោងអោយ គាត់បានបង់សេវាអស់១៥ម៉ឺនរៀល។ លោកគ្រូពេទ្យក្នុងមណ្ឌលសុខភាព ឈ្មោះ ម៉ុត បានប្រាប់គាត់ថាបើចាក់ថ្នាំឆ្កែខាំ ត្រូវចាក់ចំនួន៥ម្ជុលគឺមួយអាទិត្យចាក់ម្តង និងត្រូវបង់សេវាក្នុងមួយ ម្ជុល៥ម៉ឺនរៀល។
ដោយសារតែភាពក្រីក្រ គាត់គ្មានលុយសម្រាប់ចាក់ថ្នាំអោយប្តីបន្តទៀតទេ គាត់ក៍បានយកប្តីមក ព្យាបាលរបួសឆ្កែខាំនៅផ្ទះ ដោយដុសថ្នាំខ្មែរលាបលើមុខរបួស ហើយមុខរបួសមិនបានធូរស្រាលឡើយ គឺកាន់តែក្លាយឡើងៗ រាលដាលស្អុយរលួយជើងឆ្វេងមួយកំណាត់ខាងក្រោមបណ្តាលអោយមានការពឺតឈឺចុកចាប់យ៉ាងខ្លាំង។ ដោយគ្មានជម្រើសនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ គាត់និងក្រុមគ្រួសារបានដឹកប្តីរបស់គាត់មករកសេវាព្យាបាលពីគ្រូពេទ្យនៅក្នុងក្រុងកំពង់ឆ្នាំង។
លោក អ៊ួន ឆេងលី គ្រូពេទ្យឯកជនម្នាក់នៅក្នុងក្រុងកំពង់ឆ្នាំង ដែលជនរងគ្រោះពឹងពាក់សុំ អោយជួយព្យាបាលរបួស បាននិយាយអោយដឹងថា៖ មុខរបួសឆ្កែខាំរលួយធ្ងន់ធ្ងរយ៉ាងនេះ គាត់គ្មានលទ្ធ ភាពព្យាបាលឡើយ គាត់បានណែនាំអោយជនរងគ្រោះអោយទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង ឬទៅមន្ទីរពេទ្យក្នុងភ្នំពេញ។ ដោយលោកបានបញ្ជាក់ថា ជនរងគ្រោះត្រូវប្រឈមនឹងការ កាត់ជើងឆ្វេងដែលមានរបួសមួយកំណាត់ចោលទើបអាចសង្គ្រោះជីវិតបាន។
ក្រុមគ្រួសារជនរងគ្រោះសំណូមពរដល់អង្គការរ៉ាក់ និងអាជ្ញាធរមូលដ្ឋាន មេត្រជួយចេញប័ណ្ណ បញ្ជាក់ពីភាពក្រីក្រជូនក្រុមគ្រួសារគាត់ផង ដើម្បីគាត់មានលទ្ធភាពទៅព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យរដ្ឋ ហើយគាត់ក៍សំណូមពរផងដែរដល់សប្បុរសជន និងគ្រូពេទ្យរដ្ឋ មេត្តាជួយព្យាបាលរបួសដ៏ធ្ងន់ធ្ងរ ខនេះជូនគ្រួសារគាត់ផងព្រោះពួកគាត់ជាប្រជាពលរដ្ឋក្រីក្រគ្មានប្រាក់គ្រប់គ្រាន់ព្យាបាលរបួស នេះឡើយ៕ រិទ្ធិ ជ័យ
http://ift.tt/1O2NsSk