អ្នកមានអំណាចលុយ រំលោភប្លន់យកភ្នំយាយមាស នៅឃុំពោធិសាងសង់ចេតិយដីឯកជនដោយហាមមិនឲ្យអ្នកស្រុកឡើងលេងកម្សាន្ត និងធ្វើបុណ្យទានតាមទម្លាប់
ខេត្តកំពង់ឆ្នាំង៖ ភ្នំយាយជាសម្បត្តិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ត្រូវបានអ្នកមានលុយម្នាក់រំលោភប្លន់យកធ្វើជាកម្មសិទ្ធ សាងសង់ចេតិយដីបញ្ចុះធាតុ ក្រុមគ្រួសារផ្ទាល់ខ្លួន យូរឆ្នាំមកហើយ នៅលើកំពូលភ្នំគ្មានច្បាប់អនុញ្ញាត តែអ្នកមានអំណាចនេះគេមិនអនុញ្ញាតអោយអ្នកស្រុកឡើងទៅធ្វើបុណ្យតាមទម្លាប់ និងទៅលេងលើភ្នំបានឡើយ។ ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរស្រុក ខេត្ត និងមន្ទីរពាក់ព័ន្ធជួយចុះមកពិនិត្យដោះស្រាយករណីប្លន់សម្បត្តិជាតិនេះផង។
លោក យាយ កុយ គីម អាយុជាង៧០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដំណាក់កកោះ បានអោយដឹងថា ៖ ប្រជាពលរដ្ឋក្នុងភូមិដំណាក់កកោះ បានអោយដឹងថា៖ ភ្នំនេះតាំងពីលោកយាយកើតមក លោកយាយតែងឮចាស់ៗហៅថាភ្នំយាយមាសតៗមករហូតសព្វថ្ងៃ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋក្នុងភូមិ និងមកពីទីជិតឆ្ងាយ តែងនាំគ្នាមកប្រារព្វធ្វើបុណ្យនៅលើភ្នំនេះមិនដែលដាច់ទេ ព្រោះនៅចង្កេះភ្នំសព្វថ្ងៃ មានរោង១ខ្នងដាក់រូបសំណាក លោកយាយមាស ទុកឲ្យអ្នកស្រុកគោរពបូជា និងទុកអោយអ្នកភូមិទៅបន់ស្រន់ទៅតាមជំនឿរៀងៗខ្លួន។
ពលរដ្ឋថា រយពេល៣ ទៅ៤ឆ្នាំ កន្លងមកនេះ ភ្នំយាយមាសត្រូវបានអ្នកមានអំណាចលុយនៅក្នុងភូមិម្នាក់ឈ្មោះ អ៊ូរ អាន ភេទប្រុស អាយុជាង៧០ឆ្នាំ បានធ្វើចេតិយដីចំលើកំពូលភ្នំដាក់ធាតុប្រពន្ធគាត់ និងថ្មីៗនេះគាត់បានធ្វើជណ្តើរបេតុងពីជើងភ្នំរហូតដល់ចេតិយដីនៅលើកំពូលភ្នំ ប៉ន្តែនៅពេលមានក្មេងៗឡើងតាមជណ្តើរទៅលេងកន្លែងចេតិយដីនោះ គាត់បានស្តីបន្ទោសមិនអនុញ្ញាតឲ្យឡើងទៅលេងឡើយ លើសពីនេះការឡើងទៅធ្វើបុណ្យទានក៏ត្រូវហាមប្រាម។ ដោយសារតែរឿងនេះ ប្រជាពលរដ្ឋសំណូមពរដល់ស្ថប័ន ពាក់ព័ន្ធ អាជ្ញាធរស្រុក និងលោកអភិបាលខេត្ត មេត្តាចុះមកពិនិត្យ ដើម្បីយកភ្នំនេះមកទុកជាសម្បត្តិរដ្ឋ និងប្រជាពលរដ្ឋមានសិទ្ធក្នុងការធ្វើបុណ្យទាន បានឡើងលេងកម្សាន្ត តាមធម្មតាវិញផង។
ចំពោះរឿងនេះ លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែងបានអោយដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះថា៖ កាសសាងសង់ចេតិយដីនៅលើកំពូលភ្នំយាយមិនមានច្បាប់ទម្លាប់ទេ ហើយគេសង់ ចេតិយដីនោះពីឆ្នាំណាក៏លោកមិនបានចាំដែរ ។ លោកថា នឹងយកសំណូមពររបស់ប្រជាពលរដ្ឋរាយការណ៍ជូនអង្គភាពពាក់ព័ន្ធ និងលោកអភិបាលខេត្តជួយដោះស្រាយអោយបានឆាប់ៗក្នុងពេលខាងមុខនេះ៕ រិទ្ធិ ជ័យ
http://ift.tt/1QClRtw