និស្សិតសកលវិទ្យាល័យ UME ខេត្តព្រះសីហនុ ស្តាប់ពីការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក
ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចស្នើស្ថាប័នពាក់ព័ន្ធ សិស្ស-និស្សិត ទាំងអស់ ឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងន័យរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមគ្រួសារ ព្រោះសុវត្ថិភាព គឺផ្តើមចេញពីយើងម្នាក់ៗគ្រប់រូប។ លោក ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចមាន ប្រសាសន៍ បែប នេះនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលរៀបចំ ដោយ ក្រសួង ទំនាក់ទំនងសភារដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះ សកលវិទ្យាល័យ UME ខេត្តព្រះសីហនុ។
លោក ស៊ុំ រុំ បានថ្លែងថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅកម្ពុជាពេលនេះ គឺទាមទារឲ្យពលរដ្ឋចូលរួមស្វែងយល់ និងយកចិត្តទុកដាក់អនុវត្ត ហើយនេះជាឱកាសដ៏ល្អបំផុតសម្រាប់ សមាជិក សមាជិការ ដែលបានចូលរួមក្នុងអង្គពិធី អាចស្វែងយល់ ទទួលបាននូវខ្លឹមសារច្បាប់ តាមមេត្រានិមួយៗ ពីគ្រូឧទ្ទេសនាម ក៏ដូចជាការបំភ្លឺនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធច្បាប់នានា ដែលបានចែងក្នុងមេត្រានិមួយៗ នៃច្បាប់ចរាចរណ៍ផ្លូវគោករបស់មន្ត្រីជំនាញ ក្នុងការឆ្លើយតបសំណូមពរការអនុវត្តន៍។
លោក ស៊ុំ រុំ បានថ្លែងបន្តថា ប្រទេសកម្ពុជាយើង កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកកត្តាផ្សេងៗ ដូចជាកត្តាបើកបរមានជាតិស្រវឹង បើកមិនគោរពសិទ្ធិអត្ថិភាព វ៉ាជែងមិនគោរពស្តាំ កត្តាមនុស្ស និងកត្តាផ្លូវថ្នល់។ អ្នកដែលបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹងវាមិនត្រឹមតែបំផ្លាញខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញអ្នកដ៏ទៃ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងសន្តិសុខសង្គម។ ហេតុនេះទាំងមន្ត្រីអនុវត្តន៍ច្បាប់នៅមូលដ្ឋានទាំងពលរដ្ឋគ្រប់រូប ត្រូវតែយល់ដឹងអំពីអត្ថប្រយោជន៍ច្បាប់ ចរាចរណ៍ផ្លូវគោក៕ សមុទ្រខៀវ
http://ift.tt/1mutd5T