ភ្ញៀវទេសចរណ៍ទៅកម្សាន្តឆ្នាំនេះមានចំនួន ១១៦២៤០ នាក់ កើនឡើង ១.០៧%
ខេត្តព្រះសីហនុ៖ អ្នកទេសចរណ៍ជាង១១ម៉ឺននាក់នៅតែបន្តសម្រុកមកកម្សាន្តនៅខេត្តព្រះសីហនុបើទោះបីជាតម្លៃផ្ទះសំណាក់ សណ្ឋាគារ មានការឡើងថ្លៃបន្តិចក្តី នេះបើយោងតាមទូរលេខពីមន្ទីរទេសចរណ៍ ប្រាប់បណ្តាញព័ត៌មានកាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ។
លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានថ្លែងថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០១៥ ឈានចូលឆ្នាំ២០១៦ នាឆ្នាំនេះចំនួនភ្ញៀវទេសចរណ៍នៅតែបន្តសម្រុកមកកម្សាន្តយ៉ាងច្រើនកុះករ គ្រាដែលភ្ញៀវមួយចំនួនបានធ្វើតំណើរទៅកម្សាន្តតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប កំពត កែប ព្រះវិហារជាដើមល។ល។ បើយោងតាមទូរលេខដែលមន្ទីរទេសចរណ៍បានស្រង់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃនេះ គឺមានភ្ញៀវសរុបចំនួន ១១៦២៤០នាក់ មានការកើនឡើងចំនួន ១.០៧% បើប្រៀបធៀបទៅនឹងបុណ្យឆ្លងឆ្នាំ២០១៤ ឈានចូល២០១៥ ក្នុងនោះភ្ញៀវជាតិមានចំនួន៩៨៧១០នាក់ មានការកើនឡើងចំនួន០.៩៧% ភ្ញៀវអន្តរជាតិ មានចំនួន១៧៥៣៩នាក់ មានការកើនឡើងចំនួន១.៦៧%។
ទាក់ទិនទៅនឹងតម្លៃម្ហូបអាហារឆ្នាំនេះ ហាក់ពុំមានការឡើងថ្លៃនោះទេ គ្រាដែលតម្លៃផ្ទះសំណាក់ មានការឡើងថ្លៃកប់ពពក ពី១៥ដុល្លា ឡើងរហូត៦០ដុល្លា ក្នុងមួយបន្ទប់ រីឯតម្លៃតុអង្គុយក្នុងមួយតុមានតម្លៃរហូត៤០ដុល្លាទៅ៥០ដុល្លា នេះបើយោងតាមការអះអាងពីភ្ញៀវទេសចណ៍ជាច្រើនដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ។
ពាក់ព័ន្ធទៅនឹងសន្តិសុខ សុវត្តិភាព រយៈពេល៣ថ្ងៃ នៃពិធីបុណ្យនេះផងដែរ លោកវរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទូកព្រហ្មទណ្ឌ បានបញ្ជាក់ថា ក្នុងឪកាសបុណ្យឆ្លងឆ្នាំសកលរយៈពេល៣ថ្ងៃនេះសំរាប់ខេត្តព្រះសីហនុបានកើតឡើងចំនួន២ករណីគឺហិង្សាដោយចេតនាមួយករណីសមត្ថកិច្ចបង្ក្រាបបាន ឃាត់ខ្លួនមនុស្សម្នាក់ និងកាច់ករម៉ូតូមួយករណី ក៏សមត្ថកិច្ចធ្វើការបង្ក្រាបបានភ្លាមៗដែរ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ឯនៅតាមបណ្តោយឆ្នេរពុំមានហេតុការអ្វីកើតឡើងនោះទេ។
ដោយឡែកជុំវិញបញ្ហាករណី គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ថ្ងៃនេះដែរ បានកើតឡើងចំនួន៤លើក បង្កឲ្យមនុស្សចំនួន៣នាក់បានស្លាប់ និងរងរបួសធ្ងន់ម្នាក់ នេះបើយោងតាមការបញ្ជាក់ ពីលោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលបន្ទុកការិយាល័យសណ្តាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕ សមុទ្រខៀវ
http://ift.tt/1PATQl3