ក្រុមចោរកាំភ្លើងវែង និងពូថៅ ចូលប្លន់ថៅកែ ការ៉ាសសាំងយកប្រាក់អស់ជាង៣ពាន់ដុល្លា និងវាយថៅកែសាំង៧ខ្នងពូថៅរបួសធ្ងន់
ខេត្តរតនគិរី ៖ ក្រុមចោរប្លន់២នាក់ប្រដាប់ដោយកាំភ្លើងវែង និងពូថៅ បានចូលប្លន់ការ៉ាសសាំង មួយកន្លែង យីហោ សុវណ្ណារិទ្ធ ប្រមូលប្រាក់សរុបជាង ៣ពាន់ ដុល្លាអាមេរិក និងវាយបុរសម្នាក់ ជាម្ចាស់ការាស់សាំង បណ្តាលឲ្យរងរបួសធ្ងន់។ អំពើប្លន់នេះបានកើតឡើងនៅវេលាម៉ោង៦ និង១០ នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៧៨ ក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ។
បន្ទាប់ពីក្រុមចោរធ្វើសកម្មភាពប្លន់ចប់សព្វគ្រប់ទៅសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបគ្រូបង្រៀន សាលាបៀលប្រាយ ជាម្ចាស់ការាស់សាំង យីហោស្ថានីយ៍ សុវណ្ណារិទ្ធ រងរបួសធ្ងន់ ត្រូវបញ្ជូនសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ស្ត្រីឈ្មោះ ឆាយ រ៉ាភ័ក្រ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ក្នុងពេលកើតហេតុ គាត់កំពុងរៀបចំទុកដាក់ឥវ៉ាន់នៅខាងក្នុង ប្តីគាត់និងម្តាយ រួមទាំងកម្មករម្នាក់ផងនោះ នៅខាងមុខ ចាំលក់សាំង។
សមត្ថកិច្ចបានបន្តឲ្យដឹងថា ស្រាប់តែមានមនុស្សប្រុស ២នាក់ ជិះម៉ូតូមិនចាំម៉ាក ឌុបគ្នាមកឈប់ ម្នាក់មានស្ពាយកាំភ្លើងវែង និងម្នាក់ទៀតកាន់ពូថៅ បានស្ទុះទៅ ប្រតាយប្រតប់ប្តីគាត់ និងយកពូថៅខាងខ្នង វាយសំពងទៅលើឆ្អឹងជំនី និងខ្នងបោះដៃផុត ប្រមាណ ៦ទៅ៧ ពូថៅ បណ្តាលឲ្យប្តីគាត់ ដួលសន្លប់ក្បែរគ្រែ ចំណែកម្នាក់ទៀត ស្ទុះទៅទាញរុះរើយកកាបូបលុយ រួចនាំគ្នាឡើងជិះម៉ូតូ ទិសដៅឆ្ពោះចូលក្រុងបានលុងបាត់ស្រមោល។ មួយសន្ទុះក្រោយមក ទើបមានសមត្ថកិច្ច នគរបាលក្រុង សង្កាត់និងកងរាជអាវុធហត្ថក្រុង រួមទាំងព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមកជួយអន្តរាគន៍។
ភ្ជាប់នឹងហេតុការណ៍នេះពលរដ្ឋរិះគន់ថា នៅក្នុងខេត្តរតនគិរី ពេលបច្ចុប្បន្ននេះ សំបូរទៅដោយ វង់ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាល្បែង សង្វៀនបញ្ជល់មាន់ ភ្នាល់បាល់ច្រើនកន្លែង និងវង់បៀគ្រប់ប្រភេទ នៅតាមផ្ទះ ជុំវិញផ្សារក្រុងបានលុង ជាពិសេសគឺល្បែងឆ្នោត កន្ទុយលេខ ដែលមានមេធំៗ ជាច្រើនទៀត ស្ទើរពេញក្រុង និងបណ្តាស្រុកទៅហើយ មិនដែលឃើញ មានសមត្ថកិច្ចណាមួយ ហ៊ានចុះទៅបង្ក្រាប ម្តងណានោះឡើយ ហើយសូម្បីតែគ្រឿងញៀនក៏ជាបញ្ហាដ៏ធ្ងន់ធ្ងរ ទាំងនេះហើយជាដើមចម នៃអំពើចោរកម្ម និងអំពើប្លន់នោះ ៕ លីវណ្ណៈ
http://ift.tt/1QhhHGI