រថយន្តក្រុង ក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចស្ព្រេសដឹកភ្ញៀវទេសចរណ៍បើកបុកគោយន្ដកន្ត្រៃចំពីក្រោយបណ្តាលឲ្យរបួសធ្ងន់ស្រាល៤នាក់
ខេត្តកំពង់ចាម៖ រថយន្តក្រុងដឹកអ្នកដំណើរភ្ញៀវទេសចរណ៍បរទេស របស់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចស្ព្រេសបើកបុកគោយន្ដកន្ត្រៃដឹកអុស១គ្រឿងចំពីក្រោយ ខណៈធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ក្នុងនោះមានជនជាតិបរទេសម្នាក់ផងដែរ។ឧបត្តិហេតុនេះបានកើតមានឡើងកាលពីវេលាម៉ោង៣ និង៣០នាទីឈានចូលព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧១ស្ថិតក្នុងភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តក្រុងក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចស្ព្រេស១គ្រឿងពាក់ស្លាកលេខភ្នំពេញ3A-8915 ដឹកភ្ញៀវបរទេសមកពីខេត្តសៀមរាបបើកបរយ៉ាងលឿនពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំណុចកើតហេតុក៏បានជ្រុលទៅបុកគូថគោយន្ដកន្ត្រៃ ដឹកអុស១គ្រឿងបើកបរស្របទិសគ្នា បណ្ដាលឲ្យមនុស្សចំនួន៣នាក់ ជិះនៅលើគោយន្ដកន្ត្រៃ រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ចំណែកភ្ញៀវទេសចរណ៍បរទេសនៅលើរថយន្តក្រុងចំនួន៣៥នាក់រងការភិតភ័យជាខ្លាំង និងបុរសជនជាតិអាមេរិកកាំងម្នាក់រងរបួសស្រាលផងដែរ។
ក្រោយពីកើតហេតុអ្នកបើកបររថយន្តក្រុងបានរត់គេចខ្លួនបាត់ស្រមោល ចំណែកអ្នករងរបួសធ្ងន់ និងស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នរថយន្តបង្កហេតុត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
http://ift.tt/1Rl420U