ជំនួញឈើដឹកទៅវៀតណាមចាប់ផ្តើមកម្រើកឡើងវិញ ទំនងពួកឈ្មួញធ្វើតេសគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ខេត្ត សំណាងល្អត្រូវពលរដ្ឋរាយការណ៍ឲ្យចាប់
ខេត្តមណ្ឌលគិរី៖ រថយន្តដឹកឈើប្រណីតពីរគ្រឿងត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូររាំងសហការជាមួយកងរាជអាវុធហត្ថខេត្ត ស្ទាក់ចាប់បានលើដងផ្លូវជាតិលេខ៧៦ ក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីវេលា ម៉ោង9 និង30នាទីព្រឹកថ្ងៃទី២៧ មករា ២០១៦។ ក្នុងប្រតិបត្តិការនោះក៏មានការចូលរួមពីលោក សូ សុវិជ្ជា ព្រះរាជ្ញា រងអមសាលាដំបូងខេត្ត មណ្ឌលគិរីផងដែរបាទ។
លោកវរសេនីយ៍ទោ សូ សំអាត មេបញ្ជាការកងរាជ អាវុធហត្ថស្រុកអូររាំងបានឲ្យដឹងថា រថយន្តពីរគ្រឿងដែលសមត្ថកិច្ចចាប់បង្ក្រាបខាងលើ មានមួយគ្រឿងម៉ាកឡិចស៊ីច៤៥០ និងមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាកលេខទាំងពីរ។ លោកបានបន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្តដឹកឈើប្រណីតខុសច្បាប់តាមផ្លូវជាតិឆ្ពោះ ទៅស្រុកកែវសីមា ដើម្បីយកទៅលក់នៅប្រទេសវៀតណាម លោកបានដឹកនាំកម្លាំងសហការជាមួយអាវុធ ហត្ថខេត្ត ចុះដេញ និងស្ទាក់ចាប់បានរថយន្តល្មើសទាំងពីរគ្រឿងនៅចំណុចនិយាមកាមលេខៈ០៧៣ ៣៦២៩-១៣៦២៧៣៨ ក្នុងភូមិឃុំខាងលើ។
លោកវរសេនីយ៍ទោ សូ សំអាត មេបញ្ជាការកងរាជ អាវុធហត្ថស្រុកអូររាំងបានបន្តថា ឈើដែលកម្លាំងសមត្ថកិច្ចចាប់នោះជាប្រភេទបេង មានចំនួន៣០ដុំស្មើនឹង១ម៉ែត្រគុប១៩ផ្លាន និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់។ ក្រោយធ្វើការសាកសួរទាំងជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូររាំង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ពលរដ្ឋមួយចំនួននៅស្រុកកែវសីមាបាននិយាយថា ចាប់តាំពីថ្ងៃទី១៥មករារដ្ឋាភិបាលប្រកាសបិទការរត់ពន្ធឈើទៅវៀតណាម និងបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធាននោះ ហើយពេលនេះកំពុងឆែកឆេរឃ្លាំងឈើធំៗរបស់ក្រុមឧកញ៉ាមួយចំនួនមិនទាន់ដឹងលទ្ធផលយ៉ាងណាផងនោះ ឥឡូវក្រុមឈ្មួញនិយមដឹកឈើទៅវៀតណាមកំពុងរកមធ្យោបាយទម្លាយផ្លូវតាមទម្លាប់ចាស់ នាំចេញឲ្យបានមុនចូលឆ្នាំចិនយួនព្រោះឥឡូវនេះបានថ្លៃ៕ សែនមនោរម្យ
http://ift.tt/1OPo7dW