កុមារកំព្រាក្រីក្រ៤នាក់ដែលឪពុកម្តាយបោះបង់ចោលរស់នៅជាមួយជីដូនចាស់អាយុ៧៥ឆ្នាំសុំអំពាវនាវរកជំនួយខណៈគ្មានស្ថាប័នណាយកភ្នែកមើល
ខេត្តកំពង់ឆ្នាំង៖ កុមារប្រុសស្រី៤នាក់បងប្អូន រស់នៅភូមិដំណាក់អំពិល ឃុំក្រាំស្គារ ស្រុកទឹកផុស បាន ក្លាយជាក្មេងកំព្រា ដោយឪពុកបោះបង់ចោលទៅមានប្រពន្ធចុង ចំណែកម្តាយបានទៅធ្វើការនៅប្រទេសថៃ បាត់ដំណឹងឈឹង សព្វថ្ងៃរស់នៅជាមួយជីដូនអាយុ៧៥ឆ្នាំ។ បច្ចុប្បន្នបានចៅប្រុសច្បងអាយុ១៤ឆ្នាំ និង១២ឆ្នាំ ធ្វើការស៊ីឈ្នូលច្រូតកាត់ និងលីសែងឈើអោយគេយកអង្ករហូប ។
ស្ថិតក្នុងស្ថានភាពមានទុក្ខលំបាកវេទនាយ៉ាងនេះហើយ នៅមានបងប្រុសជីដូនមួយ អាយុ៣៤ឆ្នាំ ម្នាក់ចិត្តតិរឆ្ឆានចាប់រំលោភប្អូនស្រីទី៣ អាយុ១១ឆ្នាំ បានសម្រេចជាច្រើនដងហើយគេចខ្លួនបាត់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ នោះទៀត ។
លោក យាយ តៃ អាយុ៧៥ឆ្នាំ និងចៅទាំង៤នាក់បានអោយដឹងថា៖ ចៅគាត់ទាំង៤នាក់គឺចៅបងបង្អស់មាន អាយុ១៤ឆ្នាំ និងចៅស្រីពៅមានអាយុ៩ឆ្នាំ ។ ម្តាយពួកគេទាំង៤នាក់បានទៅធ្វើកម្មករនៅប្រទេសថៃ យូរឆ្នាំហើយ មុនដំបូងធ្លាប់បានផ្ញើប្រាក់មកជួយចិញ្ចឹមកូនខ្លះដែរ តែក្រោយមកបាត់ដំណឹងឈឹង ។ ចំណែកឪពុកពួកគេវិញចុះចោលកូន ទៅមានប្រពន្ធថ្មីបាត់ទៅ បន្សល់នៅពួកគេទាំង៤នាក់ ត្រូវធ្លាក់បន្ទុកមកលើជីដូនចាស់ជរា គាត់ទ្រុតទ្រោមមិនអាចរកស៊ីចិញ្ចឹមចៅៗបានឡើយ ។ សព្វថ្ងៃបានចៅប្រុសច្បងឈ្មោះ សាយ សុភ័ត្រា អាយុ១៤ឆ្នាំ និងចៅប្រុសបន្ទាប់ ឈ្មោះ សាយ ស៊ីម អាយុ១២ឆ្នាំ ឈ្លាតពីរៀនសូត្របានទៅស៊ីឈ្នួលដឹកកណ្តាប់ ច្រូតស្រូវ និងលីសែងឈើអោយគេទើបបានប្រាក់បន្តិចបន្តួច យកមកអោយគាត់ទិញអង្ករ និងម្ហូប ។
លោក យាយ បានបន្តថា ចៅៗវេទនាប៉ុណ្ណឹងហើយមានឈ្មោះ ឈិន ខុម អាយុ៣៤ឆ្នាំ ជាបង ប្អូនជីដូនចៅៗនៅភូមិជាមួយគ្នា បានចាប់កូនចៅទី៣អាយុ១១ឆ្នាំរំលោភជាច្រើនដង ទម្រាំបែក ការណ៍ ឥឡូវគេរត់ចោលស្រុកបាត់ទៅទៀត ។ លោកយាយនិងចៅៗទាំង៤នាក់បានលើកដៃសំពះ ស្នើសុំដល់សប្បុរសជនរស់នៅទីជិតឆ្ងាយទាំងអស់ សូមមេត្តាជួយដល់ពួកគាត់ផង ដែលពួកគាត់កុំពុងមានការខ្វះខាតខ្លាំងណាស់ ។ ចំណែកកុមារទាំង៤នាក់ ក៏បានសំពូមពរដល់សប្បុរសជន សូមមេត្តាជួយឧបត្ថមកង់បាន១គ្រឿង សម្រាប់ជិះទៅរៀនផង ព្រោះសព្វថ្ងៃពេលទៅរៀនជិះកង់តែមួយ៤នាក់ ។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានអោយដឹងថា៖ ពាក់ព័ន្ធនឹងបទល្មើសខាងលើចាប់រំលោភ សំណុំរឿងនេះសមត្ថកិច្ចលោកបានដល់ស្នងការនគរបាលខេត្ត និងដល់តុលាការខេត្ត ហើយដែរ តែជនល្មើសបានគេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ៕ ភ្នាក់ងារសារព័ត៌មានខ្មែអង្គរប្រចាំខេត្តកំពង់ឆ្នាំង (រិទ្ធិ ជ័យ) ទូរស័ព្ទលេខ៖ 089 826 151
http://ift.tt/1mP1TzG