រថយន្តដាច់ហ្វ្រាំងកិនម៉ូតូ និងកៀររថយន្តសេរីទំនើប
ខេត្តព្រះសីហនុ៖ ម៉ូតូចំនួន១គ្រឿងរងការខូចខាតស្ទើរទាំងស្រុង រួមជាមួយរថយន្តសេរីទំនើបមួយគ្រឿងទៀតរងការខូចខាតបន្តិចបន្តួច បន្ទាប់ពីរថយន្តធន់ធ្ងន់ដឹកទំនិញមួយគ្រឿងរអិលកិន និងបុករះកាលពីវេលាម៉ោង ១៣ និង១៥នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោ ហោប៊ុនហុង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ក្បែរផ្សារលើក្រុងព្រះសីហនុ)។
យោងតាមសមត្ថកិច្ចបានអះអាងថា រថយន្តកុងតៃនឺ មួយគ្រឿងម៉ាកកាមាស់ ពាក់ស្លាក លេខភព 3A B3550 បើកបរដោយឈ្មោះ សៀវ សុឆាយ ភេទ ប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពតជាកម្មសិទ្ធិរបស់ក្រុមហ៊ុនML បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ជាកម្មសិទ្ធិរបស់ឈ្មោះ ឆង ឆីភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ រួចបន្តទៅបុកគៀរថយន្តមួយគ្រឿងផ្សេងទៀតម៉ាក រ៉ង់រ៉ូវែ ពណ៌ស ជាកម្មសិទ្ឋរបស់ឈ្មោះ ចាន់ រតនៈ មានទីលំនៅភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ដោយឡែកប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយ នៅមុនកើតហេតុគេបានឃើញម៉ូតូ និងរថយន្តដែលរងការខូចខាតនេះ បានឈប់នៅមុខហាងទូរស័ព្ទ ដើម្បីចូលក្នុងហាង ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តដឹកទំនិញធន់ធ្ងន់មួយគ្រឿងបានរអិលចុះចំណោទមកបុកម៉ូតូ រួចបន្តទៅបុករថយន្តនៅក្បែនោះទើបអស់ល្បឿនបង្កអោយមានការភ្ញាក់ផ្អើល និងរត់ចែកជើងគ្នា ពេញមុខផ្សារលើក្រុងព្រះសីហនុ។
ក្រោយពីកើតហេតុការណ៏នេះ ប្រជាពលរដ្ឋបានរិះគន់ថា សំរាប់ក្រុងព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់ ប៉ុន្តែបែជាអាជ្ញាធរដែនដី បណ្តោយអោយរថយន្តធន់ធំបើកចូលក្រុងតាមអំពើចិត្តបណ្តាលស្ទះចរាចរណ៍ បង្ករអោយមានក្តៅក្រហាយជាញឹកញ៉ាប់ដល់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋជាក់ស្តែងដូចជាហេតុការណ៏ថ្ងៃនេះជាដើម នេះ សំណាងហើយមិនបណ្តាលអោយរងគ្រោះដល់មនុស្សនៅតាមផ្លូវ។ ក្រោយកើតហេតុ រថយន្តបង្ក និង ម៉ូតូរថយន្ត រងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕ សមុទ្រខៀវ
http://ift.tt/1RHcd9G