ឧកញ៉ាសឹង្ហ សំអុល កំពុងសម្រុកដឹកឈើប្រណីតទៅប្រទេសវៀតណាមតាមច្រករបៀងខេត្តត្បូងឃ្មុំតាមអំពើចិត្ត ដោយសារមន្ត្រីជាច្រើនស្ថាប័នទទួលប្រាក់សំណូកទម្លាក់ចោលការបង្ក្រាប
ខេត្តត្បូងឃ្មុំ៖ ក្នុងមួយយប់ៗមានរថយន្តប្រភេទយីឌុប ដែលអាចផ្ទុកឈើចាប់ពី ៥០ទៅ៦០ម៉ែត្រគុប និងមានចំនួន ពី៣០ទៅ៤០រថយន្តបានធ្វើចរាចរណ៍ចេញពីទីតាំងក្រុមហ៊ុនព្រៃសម្បទានប៊ិញហ្វឿក១ ប៊ិញហ្វឿក២ របស់វៀត ណាមដាំកៅស៊ូ ស្ថិតក្នុងទឹកដី ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ដឹកយកទៅលក់នៅប្រទេសវៀតណាម តាមច្រកជា ច្រើនក្នុងទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើទោះជារថយន្តទាំងនោះផ្ទុកឈើលើសច្បាប់ និងប្រភពឈើប្រក្រតីក៏គេមិនដែលឃើញជំនាញរដ្ឋបាលព្រៃឈើធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់បរិមាណ និងប្រភេទឈើជាមួយនឹងច្បាប់ដឹកជញ្ជូននោះដែរ ។
ប្រជាសហគមន៍ការពារព្រៃឈើបាននិយាយថា លោកឧកញ៉ាសឹង្ហ សំអុល ទទួលបានសិទ្ធិពីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទកាប់ប្រមូលអនុផលព្រៃឈើចេញពីដីសម្បទានក្រុមហ៊ុនប៊ិញហ្វឿក១និង២ ហើយពួកគេ បានអះអាងថា ឈើនៅក្នុងដីសម្បទាននោះកាប់ស្ទើរតែអស់ទៅហើយ គឺនៅសល់បន្តិចបន្តួច តែប៉ុណ្ណោះ ដើម្បីទុកធ្វើជាខែលបិទបាំងការប្រទិញចូល និងការលួចកាប់ឈើចេញពីព្រៃសហគមន៍ ព្រៃការពារអភិរក្សជីវៈចម្រុះកែវសីមា និងមួយចំណែកទៀតកាប់ចេញពីព្រៃដែនជម្រសត្វព្រៃភ្នំព្រេចខុសច្បាប់ ដឹកជញ្ជូនចូលដីក្រុមហ៊ុនបន្លំជាឈើមានច្បាប់តាមអំពើចិត្តជាយូរឆ្នាំមកហើយ។
ប្រភពពីកម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុន លោកឧកញ៉ា សឹង្ហ សំអុល បានឲ្យដឹងថា សព្វថ្ងៃឈើប្រភេទធ្នង់និងសុក្រំ នៅក្នុងទីតាំងដីក្រុមហ៊ុន គេកាប់តែចំនួនតិចតួចតែប៉ុណ្ណោះ ដោយភាគច្រើន ឧកញ៉ា សិង្ហ សំអុល ទិញពី ប្រជាពលរដ្ឋដែលទៅកាប់ឈើរបស់រដ្ឋហើយដឹកមកលក់ក្នុងដីក្រុមហ៊ុន ការដែលគេធ្វើបែបនេះដោយសារគេចង់រក្សាទុកព្រៃឈើក្នុងក្រុមហ៊ុន ដើម្បីដឹកជញ្ជូនបានរយៈពេលយូរ ដោយទាញយកផលប្រយោជន៍បានច្រើន ដោយឧកញ៉ារូបនេះមិនខ្វល់ពីការរលាយហិនហោចព្រៃឈើរបស់រដ្ឋឡើយ។
ចំណែកការដឹកជញ្ជូនវិញនោះត្រូវគេរាយការណ៍ថាក្នុងមួយរថយន្តផ្ទុកឈើពី៥០ទៅ៦០ម៉ែត្រគុប ច្បាប់អនុញ្ញាតឲ្យ គឺដឹកតែ១៨ម៉ែត្រគុបតែប៉ុណ្ណោះ ប៉ុន្តែការដឹកឈើលើសច្បាប់នេះធ្វើទៅបានដោយសារ ឧកញ៉ា សឹង្ហ សំអុល រៀបចំឲ្យមានអ្នករត់ការម្នាក់ ជាប្អូនថ្លៃរបស់គាត់ ដែលជាមន្ត្រីអាវុធហត្ថមានឈ្មោះ សាំង សុខុន រៀបចំកញ្ចប់លាភសក្ការៈជូនដល់សមត្ថកិច្ចគ្រប់ជំនាញក្នុងខេត្តក្រចេះ និង ខេត្តត្បូងឃ្មុំ ដើម្បីជួយជ្រោម ជ្រែងបិទ បាំងអំពើមិនស្របច្បាប់រាប់សិបឆ្នាំមកហើយ។
ប្រភពក៏បានឲ្យដឹងថា ក្នុង១រថយន្តយីឌុបភ្លៅ៥គ្រាន់ តែខេត្ត ត្បូងឃ្មុំរត់ការអស់១៦០០០ដុល្លារទើបអាច ឆ្លងកាត់ ទៅប្រទេសវៀតណាមបានយ៉ាងរលូន ដោយលាភសក្ការៈទាំងនោះបានរាប់បញ្ចូលទាំងរបបរបស់គយចល័ត អាវុធហត្ថលើផ្ទៃប្រទេស ប៉ូលិសសេដ្ឋកិច្ចក្រសួង មេព្រៃថ្នាក់កណ្តាលដែលចាត់តាំងពីភ្នំពេញ ហេតុដូច្នេះហើយទើបការដឹកជញ្ជូនឈើល្មើសច្បាប់របស់ឧកញ៉ារូបនោះធ្វើឡើងបានតាមទំនើងចិត្តរាប់សិបឆ្នាំមកហើយគ្មានការបង្ក្រាប។ ចំណែកមន្ត្រីគ្រាក់ៗថ្នាក់លើមាន លោក អុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រួងកសិកម្ម លោក ឆេង គឹមស៊ុន មេរដ្ឋបាលព្រៃឈើ លោក សាយ សំអាល់ ទំនងបាន សើមមាត់សើមក ក្នុងរឿងនេះដែរហើយទើសម្ងំឲ្យជើន។
ក្រៅអំពីរថយន្តធំៗលោកឧកញ៉ា សឹង្ហ សំអុល ក៏មានកូនចៅម្នាក់ឈ្មោះ នី ជាអ្នកប្រមូលទិញឈើគ្រញូង និងឈើ ធ្នង់ដែលឈ្មួញដឹកមកពីខេត្ត ឧត្តរមានជ័យ ព្រះវិហារដោយដាក់ក្នុងឃ្លាំងមួយកន្លែងនៅក្នុងភូមិខ្នងក្រពើ ឃុំមេមត់ ស្រុកមេមត់។ ចំណែកសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនខ្វល់និងការបង្ក្រាបគឺគ្រាន់តែដាក់កម្លាំងចាំរាប់ក្បាលឡាន ដើម្បីទូទាត់ប្រាក់ជាមួយនឹងលោក សាំង សុខុនតែប៉ុណ្ណោះ។ ទោះយ៉ាងណាមហាជនអំពាវនាវដល់អង្គភាពប្រឆាំង អំពើពុករលួយមេត្តាស៊ើបអង្កេតចាត់ការបោសអំអាតការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់មន្ត្រីខិលខូចទាំងនោះ៕ កញ្ញាសុភាព
លោកឧកញ៉ា សឹង្ហ សំអុល
http://ift.tt/1PAcSIe