សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើតគណៈកម្មការបង្ក្រាបការរត់ពន្ធឈើទៅវៀតណាម ដោយប្រគល់ឧទ្ធម្ភាគចក្រ២គ្រឿង ដើម្បីប្រតិបត្តិការ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីសម្តេចតេជោ ដាក់បញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញ ចន្ទ និង អភិបាលស្រុកមេមត់ ចាប់ខ្លួនឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង សឹង្ហ សំអុល ដែលជាមេឈ្មួញកាង និងរត់ពន្ធឈើ ហើយបានចេញបញ្ជាឲ្យបិទគ្រប់ច្រករត់ពន្ធឈើទៅប្រទេសវៀតណាមនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបង្កើតគណៈកម្មការបង្ក្រាបការរត់ពន្ធឈើទៅវៀត ណាម ផងដែរ ដែលគណៈកម្មការនេះមាន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង កងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់តាមទំព័រ Facebok ពីក្នុងកិច្ចប្រជុំ គណៈ រដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះថា សម្តេចតេជោ បានចាត់នាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសជាប្រធាន អគ្គស្នងការរងនគរបាលជាអនុប្រធាន គ្រប់អភិ បាលខេត្តជាប់ព្រំដែន និង អភិបាលខេត្តកំពង់ចាម ជាសមាជិក។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់ឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង សម្រាប់ប្រតិបត្តិការបង្ក្រាបជំនួញឈើនោះ។
ពលរដ្ឋរងចាំមើលយ៉ាងអន្ទះសារចំពោះការបង្កើតគណៈកម្មការបង្ក្រាបការរត់ពន្ធឈើទៅវៀតណាម និងការចាប់ខ្លួនមេឈ្មួញឈើពីររូប ដែលសម្តេចតេជោ ហ៊ុន សែន បានចុចដៅឈ្មោះគឺ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និងឧកញ៉ា សឹង្ហ សំអុលដោយបង្គាប់ឲ្យ អភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញ ចន្ទ និង អភិបាលស្រុកមេមត់ ចាត់ការទៅលើឧកញ៉ាកាងឈើ និងរត់ពន្ធឈើទៅវៀតណាមទាំងពីរនាក់នេះ ប្រសិនបើមិនចង់អស់បុណ្យស័ក្តិ។ ទោះយ៉ាងណាមកដល់ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះដំណឹងនៃការចាប់ខ្លួននោះមិនទាន់មានពន្លឺនៅឡើយទេ ដោយសារតែលោកឧកញ៉ាប្រាក់វាល់លានដុល្លាពីររូបនោះ មិនមែនជាជនសាមញ្ញនោះទេ៕ កញ្ញា សុភាព
ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា (ពាក់អាវបង្កង់) និងឧកញ៉ា សឹង្ហ សំអុល
http://ift.tt/1no1Pa6